ទីបំផុត Beats បាន​បញ្ចេញ​ជម្រើស​ពណ៌ថ្មី​ចំនួន 4 ទៀតសម្រាប់ Powerbeats Pro ហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីកន្លងមក យើងធ្លាប់បានស្គាល់ហើយ ពីកាសឥតខ្សែប្រភេទកីឡា ដែលត្រូវបានផលិតឡើងដោយ Beats ពោលគឺខ្ញុំចង់សំដៅដល់ Powerbeats Pro នេះឯង ដោយវាត្រូវបានគេប្រកាសចេញដំបូង កាលពីខែមេសាក្នុងឆ្នាំមុនផងដែរ។ ដោយឡែក កន្លងមកនេះ យើងធ្លាប់ទទួលបានដំណឹងថា កាសឥតខ្សែខាងលើនឹងទទួលបាន ជម្រើសពណ៌ថ្មីបន្ថែមទៀត ពីលើពណ៌ចាស់ ហើយជាក់ស្ដែងណាស់ នៅក្នុងពេលនេះ Beats សម្រេចធ្វើការបញ្ចេញជម្រើសពណ៌ថ្មីនៅលើ Powerbeats Pro ជាផ្លូវការហើយ ដោយក្នុងនោះមានចំនួន 4 ប្រភេទ។

មិនខុសទេ ដូចបានបញ្ជាក់ខាងលើអញ្ចឹង គឺថានៅក្នុងពេលនេះ Beats បានធ្វើការប្រកាសចេញជម្រើសពណ៌ថ្មីចំនួន 4 ទៀតលើកាសឥតខ្សែ Powerbeats Pro ជាផ្លូវការហើយ ដោយក្នុងនោះយើងឃើញថា ពណ៌ទាំងនោះសុទ្ធតែមានលក្ខណៈឆើតជាងមុន ពោលគឺមានដូចជា ពណ៌ផ្កាឈូក, លឿង, ផ្ទៃមេឃ និងចុងក្រោយគឹជាពណ៌ក្រហម។ ជាការពិតណាស់ បើទោះជាមានជម្រើសពណ៌ថ្មីមែន ប៉ុន្តែវាមិនមានលក្ខណៈសម្បត្តិណាមួយ ខុសពីមុននោះទេ ពោលគឺបានប្រើប្រាស់ឈីបថ្មីប្រភេទ H1 ដូចទៅនឹងកាសឥតខ្សែ AirPods ជំនាន់ទី 2 ដែរ លើសពីនេះ វាមានថាមពលថ្មកាន់បានយូរ ដោយការសាកមួយពេញ អាចប្រើស្តាប់តន្ត្រីបានរហូតដល់ 9 ម៉ោងឯណោះ ហើយបើគិតទាំងប្រអប់សាករបស់វា គឺអាចកំដរអ្នកប្រើប្រាស់បានដល់ 24 ម៉ោងផងដែរ។ ទោះបីជាមានជម្រើសពណ៌ថ្មីលើកាស ទាំងទ្វេនោះពិតមែន ប៉ុន្តែប្រអប់សាករបស់វា នៅតែមានពណ៌ខ្មៅដូចមុនដដែល ហើយការសាកនៅតែប្រើខ្សែប្រភេទ Lightning ក៏ដូចជានៅតែមិនមានមុខងារសាកថ្មឥតខ្សែដូចមុនអញ្ចឹង។

ដូចបានបញ្ជាក់ដដែលៗអញ្ចឹង Powerbeats Pro នេះ វាគ្រាន់តែបន្ថែមជម្រើសពណ៌ថ្មីប៉ុណ្ណោះ ចំណែកលក្ខណៈសម្បត្តិផ្សេងៗទៀតទាំងអស់ គឺមិនត្រូវបានផ្លាស់ប្តូរនោះទេ ហើយជាក់ស្ដែងតម្លៃក៏នៅដដែលដូចមុនដែរ និយាយឲ្យចំទៅគេដាក់លក់វាខ្ទង់ មួយលានរៀល ឬ 249.95 ដុល្លារហ្នឹងឯង។ គួរបញ្ជាក់ដែរថា កាស Wireless ខាងលើនេះ បានបំពាក់មកយ៉ាងពិសេស ជាមួយគុណភាពបញ្ចេញសម្លេងខ្ពស់ បាសបុកបានល្អ, មានប៊ូតុងបញ្ជា, មានអាវក្រោះការពារញើស និងធូលី, គាំទ្រជំនួយការសម្លេង Siri ក៏ដូចជាមានមុខងារ កាត់បន្ថយសម្លេងរំខានពីខាងក្រៅ បានក្នុងកម្រិតប្រសើរផងដែរ។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង