ទាំងនេះអាចជា​លក្ខណៈ​សម្បត្តិសំខាន់​ៗមួយ​ចំនួន​ទៀតរបស់ Galaxy Watch ជំនាន់​ថ្មី​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

កាលពីពេលថ្មីៗនេះ យើងបានឃើញហើយថា Galaxy Watch ជំនាន់ថ្មី ត្រូវបានវិញ្ញាបនបត្រសំខាន់មួយ នៅក្នុងប្រទេសចិនមួយ បង្ហាញឲ្យយើងដឹងពីលក្ខណៈសម្បត្តិសំខាន់ៗខ្លះ ដែលទំនងជាមាននៅឡិកាឆ្លាតនេះ អ្វីដែលពិសេសនោះ វិញ្ញាបនបត្រនោះ អាចបញ្ជាក់បានថា Samsung អាចនឹងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់វត្តមានរបស់វា គ្រាន់តែគេមិនទាន់ប្រាប់ពីថ្ងៃប្រកាសចេញច្បាស់លាស់។ ដោយឡែក នៅក្នុងពេលនេះ ស្រដៀងលើកមុនដែរ ដោយបញ្ជីរបស់ភ្នាក់ងារថ្មីមួយ បានបង្ហាញលក្ខណៈសម្បត្តិសំខាន់ៗបន្ថែមទៀត ទាក់ទងនឹងនាឡិការជំនាន់ថ្មីខាងលើនេះ។

មិនខុសទេ នៅក្នុងពេលនេះ យើងទទួលបានដំណឹងថ្មីមួយទៀត ទាក់ទងនឹងនាឡិកាឆ្លាតជំនាន់ថ្មីរបស់ Samsung ពីសំណាក់បញ្ជីរបស់ភ្នាក់ងារបទប្បញ្ញត្តិមួយ ដែលត្រូវបានគេស្គាល់ថា FCC នេះឯង ដោយក្នុងនោះ ប្រភពនេះបានបង្ហាញថា កូដម៉ូឌែលនៅលើ Galaxy Watch ជំនាន់ថ្មីនោះគឺអាចជា SM-R845 និង SM-R855 ដោយពីរម៉ូឌែលគឺជាម៉ូឌែល LTE ខណៈពេលដែលម៉ូឌែល Wi-Fi វិញ វិញ្ញាបនបត្រដែលផ្តល់ដោយភ្នាក់ងារខាងលើ មិនទាន់បានបញ្ជាក់ទេ។ យ៉ាងណាក៏ដោយ កូដម៉ូឌែលមិនមែនជាចំណុចសំខាន់ នៃដំណឹងក្នុងពេលនេះទេ និយាយឲ្យចំទៅ ក្នុងបញ្ជីនោះក៏បានប្រាប់ទៀតថា ម៉ូឌែលដែលគេនិយាយនោះ គឺជាម៉ូឌែលមួយដែលមានទំហំ 45mm ជាមួយតួខ្លួនប្រភេទ Stainless Steel, ប្រើកញ្ចក់ការពារ Gorilla Glass DX, មានអាវក្រោះការពារកម្រិត 5ATM និង MIL-STD-810G, មានភ្ជាប់មកជាមួយ GPS ក៏ដូចជាមានសេវា LTE ផងដែរ។ លើសពីនេះទៅទៀត គេក៏បានបង្ហាញពីផ្នែកខាងក្រោយ របស់នាឡិកាឆ្លាតខាងលើនេះដែរ ដោយលើតួខ្លួននោះ ឃើញមានបញ្ជាក់លក្ខណៈសម្បត្តិដូចខាងលើនេះ ថែមទាំងមានអក្សររាងកោងតាមតួខ្លួន សរសេរថា Galaxy Watch តែម្ដង ពោលគឺមិនបញ្ជាក់ថា Galaxy Watch Active 3 ឬ Galaxy Watch អ្វីផ្សេងនោះឡើយ ដូច្នេះយើងនៅតែពិបាកសន្និដ្ឋានពីឈ្មោះពិតរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ជីដែលយើងបានឃើញនេះ មិនបានបង្ហាញពីរូបរាងខាងមុខ របស់នាឡិកាឆ្លាតខាងលើនេះឡើយ និយាយឲ្យចំទៅគេបង្ហាញតែរូបគំរូ នៃផ្នែកខាងក្រោយរបស់វាប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា បើតាមដំណឹងកាលពីពេលថ្មីៗកន្លងទៅ ធ្លាប់បានបញ្ជាក់ថា Galaxy Watch ជំនាន់ថ្មីអាចនឹងមានជម្រើសតួខ្លួន ជាប្រភេទទីតាញ៉ូម (Titanium) មួយទៀត ខណៈពេលដែលរាល់ដង គេមានចំនួនពីរជម្រើសដូចជា អាលុយមីញ៉ូម និង Stainless Steel មិនត្រឹមតែប៉ុណ្ណោះទេ វាក៏អាចនឹងមានភ្ជាប់មកជាមួយ អង្គផ្ទុកក្នុងម៉ាស៊ីនទំហំ 8GB មកស្រាប់ ថែមទាំងអាចមានថាមពលថ្មប្រសើរជាងមុនដល់ខ្ទង់ 330mAh ផងដែរ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង