Apple ឈរនៅលេខ 1 លើការនាំចេញនាឡិកាវៃឆ្លាត និងកាសឥតខ្សែបានច្រើនជាងគេ ក្នុងត្រីមាសដំបូងឆ្នាំ 2020 នេះ​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

យើងបានដឹងហើយថា Apple គឺជាម៉ាកយីហោនៃនាឡិកាឆ្លាតវៃ និងកាសឥតខ្សែ ដែលទទួលបានជោគជ័យបំផុតមួយ នៅលើទីផ្សារសកលលោក ហើយបើយោងតាមទិន្នន័យទីផ្សារចុងក្រោយ បានបង្ហាញថាក្រុមហ៊ុនយក្យរបស់សហរដ្ឋអាមេរិកមួយនេះ បានក្លាយជាយីហោ ធំបំផុតលំដាប់លេខ 1 នៅលើពិភពលោក ក្នុងការនាំចេញនាឡិកាវៃឆ្លាត និងកាសឥតខ្សែរបស់ខ្លួន នាដើមឆ្នាំ 2020 នេះ។ 

ជាការពិតណាស់ បើយោងទៅតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានប្រាប់អោយដឹងថាក្រុមហ៊ុន Apple បាននាំចេញឧបករណ៍ពាក់ឆ្លាតវៃ (Wearable) ជាងចំនួន 21.2 លានគ្រឿងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ ដោយក្ដោបក្តាប់បានចំណែកទីផ្សារដល់ 29.3 ភាគរយ នៃទីផ្សារ Wearable ទាំងអស់នៅទូទាំងសកលលោក។ ជាក់ស្ដែង ចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple បានកើនឡើងពី 23.7 ភាគរយ (13.3 លានគ្រឿង) ក្នុងត្រីមាសទី 1 ឆ្នាំ 2019 ដល់ 29.3 ភាគរយ (21.2 លានគ្រឿង) ក្នុងត្រីមាសទី 1 ឆ្នាំ 2020 នេះ និងកើនឡើងដល់ 58.9 ភាគរយ បើធៀបនឹងឆ្នាំមុន។ ដោយឡែក សម្រាប់ក្រុមហ៊ុន Xiaomi គឺស្ថិតនៅតំណែងលេខ 2 ដោយបាននាំចេញឧបករណ៍អាចពាក់បានចំនួន 10.1 លានគ្រឿង និងគ្រប់គ្រងចំណែកទីផ្សារបាន 14% នៅក្នុងឆ្នាំដូចគ្នានោះ។ ចំណែកឯ ក្រុមហ៊ុន Samsung គឺជាយីហោឧបករណ៍ Wearable ធំលំដាប់ទី 3 ដោយបាននាំចេញចំនួន 8.6 លានគ្រឿង ជាមួយចំណែកទីផ្សារ 11.9%។ មិនតែប៉ុណ្ណោះ ចំណែកទីផ្សាររបស់ក្រុមហ៊ុនកូរ៉េមួយនេះ បានកើនឡើងដល់ 71.7 ភាគរយ បើធៀបនឹងភាគរយការនាំចេញនៅឆ្នាំ 2019 កន្លងទៅ។

ជាចុងក្រោយ ឧបករណ៍ Wearable សរុបចំនួន 72.6 លានគ្រឿង ត្រូវបាននាំចេញក្នុង ត្រីមាសទី 1 ឆ្នាំ 2020 នេះ ដែលកើនឡើងពីចំនួន 56 លានគ្រឿង ដែលបានលក់នៅត្រីមាសទីមួយដូចគ្នា ក្នុងឆ្នាំ 2019។

ដោយ​ ៖ 9To5Mac
អត្ថបទទាក់ទង