realme 6s បង្ហាញខ្លួនផ្លូវការ ប្រើប្រាស់ឈីប Helio G90T មានអេក្រង់ 90Hz ជាមួយតម្លៃខ្ទង់ ៨៧ ម៉ឺនរៀល​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

កាលពីដើមខែមីនា ឆ្នាំ 2020 កន្លងទៅនេះ realme បានធ្វើការប្រកាសចេញទូរសព្ទឆ្លាត realme 6 Series ជាផ្លូវការ ជាមួយអេក្រង់លាត រំលេចដោយលេនទម្លុះអេក្រង់ និងមានកាមេរ៉ាសរុបចំនួន 4 គ្រាប់នៅខាងក្រោយ។ ដោយឡែក ពេលនេះ realme ទើបបានបញ្ចេញខ្សែស្រឡាយនេះ មួយម៉ូឌែលទៀត ដោយវាមានឈ្មោះថា realme 6s ដែលមានលក្ខណៈសម្បត្តិមួយចំនួនស្រដៀងគ្នានឹង realme 6 អញ្ចឹងដែរ។

ជាក់ស្ដែង ទូរសព្ទឆ្លាត realme 6s បានបំពាក់មកជាមួយអេក្រង់លាត ម៉ូតបែបទម្លុះអេក្រង់ ទំហំ 6.5 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ជាមួយ Aspect Ratio 20:9 ដែលគាំទ្រ Refresh Rate កម្រិត 90Hz។ ចំពោះកម្លាំងម៉ាស៊ីនវិញ realme 6s បានប្រើប្រាស់បន្ទះឈីប MediaTek Helio G90T គួបផ្សំជាមួយជម្រើស RAM ទំហំ 4GB បូកនិងអង្គផ្ទុកទិន្នន័យទំហំ 64GB ជាប្រភេទ UFS 2.1។ ចំណែកឯផ្នែកកាមេរ៉ា realme 6s ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 1 ទំហំ 16MP ជាម៉ូតបែបទម្លុះអេក្រង់ និងមានកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាលេនគោលទំហំ 48MP ជាសេនស័រ ISOCELL GW1 មួយគ្រាប់ទៀតជាលេនទូលាយ Ultra-Wide កម្រិត 119 ដឺក្រេ ទំហំ 8MP, គ្រាប់ទី 3 ជាលេន Macro ទំហំ 2MP និងមួយគ្រាប់ចុងក្រោយគេជាលេន Black & White ទំហំ 2MP ដូចគ្នា។ លើសពីនេះទៅទៀត សមត្ថភាពកាមេរ៉ាខាងក្រោយរបស់ realme 6s អាចថតវីដេអូកម្រិត 4K និងថតវីដេអូបែប Slow-Mo បានល្បឿន 120fps។ មិនតែប៉ុណ្ណោះ realme 6s ភ្ជាប់មកជាមួយថ្មទំហំ 4,300mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 30W ដែល realme បានអះអាងថាសាកត្រឹមរយៈពេល 30 នាទី កើនថ្មពី 0% ដល់ 70% ឯណោះ។

ក្រៅពីនេះ realme 6s បានកើតមកជាមួយជម្រើសពណ៌សរុបចំនួន 2 ក្នុងនោះរួមមានដូចជា ពណ៌ Eclipse Black និងពណ៌ Lunar White ហើយនៅតែមានរន្ធដោតកាស 3.5mm ផងដែរ។ ជាចុងក្រោយ realme X50m 5G ត្រូវបានដាក់លក់នៅក្នុងទីផ្សារអឺរ៉ុប តម្លៃខ្ទង់ប្រហែល ៨៧ ម៉ឺនរៀល ឬ ស្មើនឹង 218 ដុល្លារ។

ដោយ​ ៖ realme Europe
អត្ថបទទាក់ទង