ហាងកាហ្វេមួយនៅកូរ៉េខាងត្បូង បានប្រើប្រាស់មនុស្សយន្ដទាំងស្រុង សម្រាប់បម្រើអតិថិជន​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

មនុស្សយន្ដត្រូវបានចាប់ផ្ដើមដើរតួនាទី ជំនួសឲ្យមនុស្សបន្ថែមទៀតហើយ នៅឯទីក្រុង Daejeon នៃប្រទេសកូរ៉េខាងត្បូង នាពេលបច្ចុប្បន្ននេះ ដោយក្នុងហាងកាហ្វេមួយកន្លែង មានគេប្រទះឃើញថា ការឆុងកាហ្វេ និងការរត់តុបម្រើអតិថិជន គឺសុទ្ធតែជាមនុស្សយន្ដទាំងអស់តែម្ដង។ នេះក៏ដោយសារតែ ដើម្បីការពារទុកជាមុននូវ ការទប់ស្កាត់វីរុសកូវីដ 19 ដែលនៅតែកំពុងរីករាលដាលដដែល និងកាត់បន្ថយលើការទំនាក់ទំនង រវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាដើម។

បើយោងតាមការចុះផ្សាយដោយ ក្រុមសារព័ត៌មាន Reuters បានលើកឡើងមកឲ្យដឹងថា មនុស្សយន្ដទាំងនោះ មានសមត្ថភាពក្នុងការផ្ដល់ជូន ភេសជ្ជៈរហូតដល់ទៅ 60 ប្រភេទខុសៗគ្នាឯណោះ ហើយក៏មានមនុស្សយន្ដមួយទៀត សម្រាប់ដឹកជញ្ជូនភេសជ្ជៈ ទៅកាន់តុរបស់អតិថិជនដោយផ្ទាល់។ ចំណែកឯមនុស្សយន្ដទាំងអស់នោះ ត្រូវបានកំណត់ឲ្យទំនាក់ទំនងគ្នា ដើម្បីអាចចែករំលែកពេលវេលា ត្រូវត្រឡប់ទៅយកភេសជ្ជៈ ពីមនុស្សយន្ដកំពុងតែឆុង និងមនុស្សយន្ដដឹកជញ្ជូន។ លើសពីនេះទៅទៀត អតិថិជនដែលចង់ស្នើសុំអ្វីមួយ ក៏អាចសាកសួរទៅកាន់ មនុស្សយន្ដបានថែមទៀតផង ដោយប្រើប្រាស់ការបញ្ជាសម្លេង ហាក់បីដូចជា Siri ឬ Google Assistant អញ្ចឹងដែរ។ ជាការពិតណាស់ វាមិនមែនជាលើកដំបូងនោះទេ ដែលបានប្រើប្រាស់មនុស្សយន្ដ ដើម្បីបម្រើការងារនៅក្នុងហាង ក៏ប៉ុន្ដែពួកវាពិតជាមាន អត្ថប្រយោជន៍កាន់តែខ្លាំង សម្រាប់ពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ប្រាប់ផងថា ការកុម្ម៉ង់ទិញភេសជ្ជៈចំនួន 6 កែវ គឺត្រូវចំណាយពេលត្រឹមតែ 7 នាទីប៉ុណ្ណោះ ហើយវានឹងយកទៅឲ្យដល់តុរបស់អតិថិជនតែម្ដង។ អតិថិជនត្រូវតម្រូវឲ្យកុម្ម៉ង់ភេសជ្ជៈ តាមរយៈការចុចលើអេក្រង់ម៉ូនីទ័រ និងរង់ចាំឲ្យវាដឹកឲ្យដល់តុជាការស្រេច ដោយហាងកាហ្វេនេះរំពឹងទុកថា ពួកគេនឹងអាចបើកហាងចំនួន 30 កន្លែងបន្ថែមទៀតបាន ដែលសុទ្ធតែជាមនុស្សយន្ដដូចនេះ។

ដោយ​ ៖ Reuters
អត្ថបទទាក់ទង