ចិនមានគម្រោងបើកបេសកកម្ម បង្ហោះយានទៅសិក្សាភពអង្គារ នៅខែកក្កដាខាងមុខនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បើយោងតាមសេចក្ដីប្រកាសថ្មី បានចុះផ្សាយមកឲ្យដឹងថា ប្រព័ន្ធអវកាសរបស់ប្រទេសចិន នឹងចាប់ផ្ដើមបើកបេសកកម្មទៅកាន់ភពអង្គារ នៅអំឡុងខែកក្កដា ឆ្នាំ 2020 ខាងមុខនេះហើយ។ ចំណែកឯបេសកកម្មថ្មីនេះ នឹងរួមមានបញ្ចូលទាំង ការបង្ហោះយានទៅកាន់គន្លងរបស់វា ដើម្បីសិក្សាបន្ថែមពីភពអង្គារនេះ ព្រមទាំងទម្លាក់រ៉ូបូតយន្ដមួយគ្រឿង ទុកសម្រាប់បញ្ជារុករកលើផ្ទៃដីផ្ទាល់តែម្ដង។

ហេតុដូច្នេះហើយ នេះគឺមានន័យថា វាជាបេសកកម្មដំបូងបង្អស់ របស់ប្រទេសចិន នៅក្នុងការទម្លាក់រ៉ូបូតប្រភេទ Rover ទៅកាន់ផ្ទៃដីរបស់ភពអង្គារ ហើយក៏ដើម្បីប្រកួតប្រជែងជាមួយ NASA ថែមទៀតផង។ កាន់តែពិសេសទៀតនោះ សហរដ្ឋអាមេរិក ក៏បានរៀបចំគម្រោងថ្មី ក្នុងការបង្ហោះយានផ្សេង បន្ថែមមួយទៀត ទៅកាន់ភពក្រហមនេះផងដែរ ដោយត្រូវជាលើកទី 5 ហើយ សម្រាប់បេសកកម្មរបស់ពួកគេ។ ក្រៅពីនេះ ប្រទេសចិន ក៏កំពុងតែមានគម្រោងផ្សេងៗទៀតដូចគ្នា ដែលរួមបញ្ចូលទាំង ការបង្កើតស្ថានីយ៍អវកាសផ្ទាល់ខ្លួន នៅខាងលើផែនដី ឲ្យបានជោគជ័យត្រឹមឆ្នាំ 2022 ក៏ដូចជាការតេស្ដយានអវកាសថ្មី ទុកសម្រាប់បញ្ចូនអវកាសយានិករបស់ខ្លួន ទៅកាន់ផ្ទៃភពព្រះច័ន្ទ ក្នុងពេលខាងមុខនេះតែម្ដង។

នាពេលបច្ចុប្បន្ននេះ ប្រទេសចិនដូចជាមិនទាន់បានប្រាប់ថា ពួកគេនឹងចំណាយរយៈប៉ុន្មាននៅឡើយ ដើម្បីបង្ហោះយានរបស់ខ្លួនទៅកាន់ភពអង្គារ ហើយចង់បន្ដបេសកកម្ម ចំនូនប៉ុន្មានឆ្នាំនោះទេ ទើបសម្រេចចិត្តបញ្ចប់ការសិក្សាលើភពក្រហមនោះ ជាដើម។ អញ្ចឹងហើយ យើងសង្ឃឹមថានឹងអាចទទួលបាន ដំណឹងលម្អិតបន្ថែមទៀត អំពីបេសកកម្មនេះ នៅពេលវាចាប់ផ្ដើម នៅខែកក្កដាខាងមុខនេះ។

ដោយ​ ៖ TechCrunch
អត្ថបទទាក់ទង