លេចឮថា ចក្រភពអង់គ្លេសក៏ចង់ដកប្រព័ន្ធ 5G ទាំងអស់របស់ Huawei ឲ្យបានត្រឹមឆ្នាំ 2023 ខាងមុខនេះដែរ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

កាលពីដើមឆ្នាំ 2020 នេះ ចក្រភពអង់គ្លេស បានបញ្ជាក់ប្រាប់ឲ្យដឹងថា ពួកគេនឹងមិនរារាំងបច្ចេកវិទ្យា 5G របស់ Huawei ពីការប្រើប្រាស់នៅក្នុង តំបន់របស់ខ្លួននោះទេ បើទោះបីជាត្រូវបានដាក់សម្ពាធពី សហរដ្ឋអាមេរិកក៏ពិតមែនក្ដី។ យ៉ាងណាក៏ដោយ រហូតមកដល់ពេលថ្មីៗនេះ របាយការណ៍ថ្មីចេញពី Financial Times តាមរយៈការចុះផ្សាយដោយសារព័ត៌មាន The Verge បានលើកឡើងមកថា ចក្រភពអង់គ្លេសបានពិចារណាឡើងវិញ ហើយកំពុងតែមានគម្រោងដកប្រព័ន្ធ 5G របស់ Huawei ទាំងអស់ចេញពីតំបន់របស់ខ្លួន នៅក្នុងរយៈពេល 3 ឆ្នាំខាងមុខនេះតែម្ដង។

ចំណែកឯប្រភពមួយទៀតបានប្រាប់ថា នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson មានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានអនុញ្ញាតឲ្យ Huawei បន្ដដំឡើងបណ្ដាញប្រព័ន្ធ 5G ក្នុងតំបន់របស់ខ្លួន ទើបបានជាមានការពិចារណាថ្មីនេះ។ សម្រាប់មូលហេតុដែលបានប្ដូរចិត្ត ចង់ហាមឃាត់លែងឲ្យដំឡើងប្រព័ន្ធ 5G របស់ Huawei ក្នុងតំបន់របស់ខ្លួនវិញនោះ គឺដោយសារតែពួកគេព្រួយបារម្ភ លើបញ្ហាប៉ះពាល់ដល់សុវត្ថិភាពសន្តិសុខជាតិ ហាក់បីដូចជាសហរដ្ឋអាមេរិក អញ្ចឹងដែរ។ ការសម្រេចចិត្តដកចេញទាំងស្រុងនេះ គឺត្រូវបានលេចឮចេញមក បន្ទាប់ពីមានគេរាយការណ៍មកថា លោក Donald Trump បានខលទៅកាន់លោក Boris Johnson កាលពីដើមឆ្នាំនេះ ដើម្បីពិភាក្សាអំពីបញ្ហាបច្ចេកវិទ្យា 5G របស់ Huawei ហើយសហរដ្ឋអាមេរិក កំពុងតែពិចារណាឡើងវិញនូវ ការសហការគ្នាជាពិសេសជាមួយ ចក្រភពអង់គ្លេស ថែមទៀតផង។

សរុបមកវិញ បន្ទាប់ពីមានការព្រួយបារម្ភថា រដ្ឋាភិបាលចិនអាចនៅពីក្រោយ Huawei តាមរយៈការប្រើប្រាស់ប្រព័ន្ធ 5G ដើម្បីលួចស្ដាប់ការទំនាក់ទំនងផ្សេងៗ ជាលក្ខណៈចារកម្មនោះហើយ ទើបបានជាមានការហាមឃាត់ពី សហរដ្ឋអាមេរិក និងថែមទាំងចក្រភពអង់គ្លេស នៅក្នុងពេលខាងមុខនេះ បើយោងទៅតាមរបាយការណ៍ថ្មី។ 

ដោយ​ ៖ The Verge
អត្ថបទទាក់ទង