ប្រាក់ចំណូលរបស់មេ Facebook និងមេ Amazon បានកើនឡើងរាប់ពាន់លានដុល្លារ ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

របាយការណ៍ថ្មីចុះផ្សាយឲ្យដឹងថា នៅក្នុងអំឡុងពេលរីករាលដាលនៃវីរុសកូវីដ 19 ដែលគិតចាប់ពីពាក់កណ្ដាលខែមីនា ដល់ពាក់កណ្ដាលខែឧសភានេះ ទាំងក្រុមហ៊ុនបណ្ដាញសង្គម Facebook និងក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon សុទ្ធតែទទួលបានប្រាក់ចំណូលច្រើនជាងគេ។ ខណៈពេលដែល លោក Mark Zuckerberg បានកើនប្រាក់ផ្ទាល់ខ្លួនចំនួនប្រមាណ 25 ពាន់លានដុល្លារ ដោយឡែក លោក Jeff Bezos ទទួលបានប្រាក់ខ្ទង់ 34.6 ពាន់លានដុល្លារឯណោះ។

បើយោងទៅតាមរបាយការណ៍ថ្មីរបស់ Americans for Tax Fairness តាមរយៈការដកស្រង់ទិន្នន័យពី Forbes នេះ បានបញ្ជាក់ឲ្យដឹងថា មហាសេដ្ឋីទាំងអស់នៅសហរដ្ឋអាមេរិក អាចរកប្រាក់សរុបបានរហូតដល់ទៅជាង 434 ពាន់លានដុល្លារ ក្នុងពេលប្រទះជួបបញ្ហាជាមួយ វីរុសកាចសាហាវនេះ ដោយមេ Facebook និងមេ Amazon ជាអ្នកចំណេញច្រើនជាងគេតែម្ដង។ បើយើងធ្វើការបូកសរុបប្រាក់ចំណេញ របស់មហាសេដ្ឋីកំពូលៗទាំង 5 នៅសហរដ្ឋអាមេរិក ដែលរួមមានដូចជាលោក Jeff Bezos, Bill Gates, Mark Zuckerberg, Warren Buffett និងលោក Larry Ellison នោះនឹងឃើញមានតួលេខដល់ខ្ទង់ 76 ពាន់លានដុល្លារ នៃប្រាក់រកបានសរុបរបស់ពួកគេ នៅក្នុងចន្លោះ 2 ខែកន្លងទៅនេះ។ ហេតុដូច្នេះហើយ នាពេលបច្ចុប្បន្ននេះ ទឹកប្រាក់ផ្ទាល់ខ្លួនរបស់លោក Mark Zuckerberg បានកើនឡើងដល់ខ្ទង់ 80 ពាន់លានដុល្លារហើយ រីឯលោក Jeff Bezos ឯណោះវិញ គឺអាចកើនបានរហូតដល់ខ្ទង់ 147 ពាន់លានដុល្លារផងដែរ។

ជាការពិតណាស់ ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនរកស៊ីតាមអ៊ីនធើណេតភាគច្រើន សុទ្ធតែទទួលបានប្រាក់ចំណូលច្រើន យ៉ាងណាក៏ដោយ ប៉ុន្ដែសម្រាប់ក្រុមហ៊ុនដទៃទៀត ដែលទាក់ទងនឹងផ្នែកការធ្វើដំណើរ, អាជីវកម្មលក់រាយបន្ដ គឺសុទ្ធតែប្រទះឃើញការធ្លាក់ចុះច្រើន គួរឲ្យសោកស្ដាយមែនទែន។

ដោយ​ ៖ CNBC
អត្ថបទទាក់ទង