គិតត្រឹមរយៈពេល 3 ខែដំបូងនេះ ទូរទស្សន៍ឆ្លាតវៃរបស់ Xiaomi បានជាប់ចំណាត់ថ្នាក់លេខ 5 នៅលើទីផ្សារសកល​
ដោយ​ ៖ គាលី | 1 ខែមុន SHARE

 

នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំក្រោយមកនេះ Xiaomi គឺជាក្រុមហ៊ុនផ្នែកអេឡិចត្រូនិចមួយ នៃប្រទេសចិន ដែលពិតជាបានបោះជំហ៊ាន ទៅមុខយ៉ាងលឿន គួរឲ្យគត់សម្គាល់ ដោយបានខិតខំនាំយកនូវផលិតផលស៊េរីថ្មីៗ ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ ប្រកបដោយគុណភាព និងតម្លៃសមរម្យ ទៅកាន់ទីផ្សារ ដើម្បីប្រកួតប្រជែងជាមួយបណ្តាដៃគូដទៃទៀត នៅជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនយក្សមួយនេះ ក៏បានពង្រីកវិសាលខ្លួនចូលទៅក្នុង វិស័យផលិតកម្មផ្សេងៗច្រើនទៀត ដោយក្នុងនោះរួមមានទាំងផលិតផលប្រើប្រាស់ជាប់ខ្លួន និងឧបករណ៍សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដូចជាទូរទស្សន៍ឆ្លាតវៃ ជាដើម។

ជាក់ស្តែង នាពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសចេញ ពីរបាយការណ៍បូកសរុបលទ្ធផលទីផ្សារ របស់ពួកគេ ដែលកំពុងតែរីកចម្រើនគួរឱ្យកោតសរសើរ សម្រាប់ក្នុងត្រីមានទី 1 ឆ្នាំ 2020 នេះ ដោយក្នុងចំណោមផលិតផលទាំងអស់ គឺថាទូរទស្សន៍ឆ្លាតវៃ Xiaomi ដែលគេស្គាល់ថាជា Mi TV Series នោះ កំពុងឈរលើតារាងកំពូល ដែលទទួលបានការគាំទ្រច្រើនបំផុត ពីអតិថិជននៅលើទីផ្សារស្រុកចិន ហើយរឹតតែពិសេសទៀត វាក៏ជាប្រេនទូរទស្សន៍ឆ្លាតមួយ បានជាប់ក្នុងចំណាត់ថ្នាក់ទី 5 សម្រាប់ទីផ្សារសកល ពិសេសក្នុងប្រទេសឥណ្ឌា តែម្តង។ បើយោងតាមទិន្នន័យបូកសរុបទីផ្សារចុងក្រោយ ក្នុងរយៈពេលត្រីមាសទី 1 នៃឆ្នាំ 2020 នេះ ពីក្រុមភ្នាក់ងារ Avi Cloud (AVC) បានបង្ហាញពីចំនួនអតិបរិមា នៃការលក់ចេញទូរទស្សន៍ឆ្លាតវៃទាំងអស់ នៅលើទីផ្សារស្រុកចិន គឺទាញយកបានចំនួនច្រើន ប្រមាណជាខ្ទង់ 9.963 លានគ្រឿងឯណោះ បើគិតត្រឹមរយៈ 3 ខែដំបូង ក្នុងឆ្នាំ 2020 ដែលក្នុងនោះ គេធ្វើការប៉ាន់ស្មានថា ក្រុមហ៊ុន Xiaomi អាចលក់បានរហូតដល់ទៅ 1.836 លានគ្រឿង ឬកាន់កាប់ទីផ្សារទូរទស្សន៍ឆ្លាតវៃនេះ បាន 18.4 ភាគរយ។ ទោះបីយ៉ាងណា Xiaomi មិនបានបង្ហាញពីចំនួនជាក់លាក់ ដែលត្រូវបានដឹកជញ្ជូនក្នុងប្រទេសចិន ក៏ពិតមែន ប៉ុន្តែ យើងបានដឹងថា វាត្រូវបាននាំចេញទៅកាន់ទីផ្សារសកល ក្នុងអត្រា 2.7 លានគ្រឿងឯណោះ។

សរុបមក យើងឃើញថា Xiaomi ហាក់ដូចជាទទួលបាន ការកើនឡើងប្រាក់ចំណូល ស្ទើរតែគ្រប់ផ្នែកទាំងអស់ទៅហើយ និយាយឲ្យចំទៅ គឺមិនមែនផ្តោតទៅលើតែ ផ្នែកទូរសព្ទឆ្លាតប៉ុណ្ណោះទេ ជាក់ស្ដែង ចំពោះផលិតផលទូរទស្សន៍ឆ្លាតវៃ Mi TV Series ក៏មានសន្ទុះកើនឡើងគួរសម បើប្រៀបធៀបនឹងឆ្នាំមុនផងដែរ។ អញ្ចឹងអាចនិយាយបានថា វាជាលទ្ធផលដ៏ល្អមួយ ដែល Xiaomi តែងតែចង់បាន ហើយក្រុមហ៊ុននេះ នឹងព្យាយាមបន្តទៀត ទៅលើការផលិត ក៏ដូចជាអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើរឲ្យទាន់សម័យកាល ដើម្បីឲ្យចំណូលរបស់ខ្លួន នៅក្នុងឆ្នាំបន្ទាប់ៗ កាន់តែកើនឡើងជាងនេះ បើតាមការបង្ហាញរបស់ Xiaomi។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង