អ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាព លោក Christopher Nolan នឹងចាក់រឿងរបស់គាត់មួយនៅក្នុងហ្គេម Fortnite នាពេលខាងមុខនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ហ្គេមបាញ់ប្រហារ Fortnite របស់ក្រុមហ៊ុន Epic Games និងលោក Christopher Nolan ដែលត្រូវជាអ្នកដឹកនាំរឿងដ៏មានប្រជាប្រិយភាពម្នាក់ បានចាប់ដៃគូសហការគ្នា កាលពីពេលថ្មីៗនេះ ដោយបានចាក់បញ្ចាំងវីដេអូ Trailer នៃខ្សែភាពយន្ដថ្មីរបស់គាត់ ក្រោមចំណងជើងថា Tenet នៅក្នុងហ្គេម Fornite នោះតែម្ដង។ បន្ទាប់ពីព្រឹត្តិការណ៍ចាក់វីដេអូ Trailer នេះបានបញ្ចប់ហើយ ក៏មានសេចក្ដីប្រកាសបន្ថែមទៀតថា ខ្សែភាពយន្ដមួយ ក្នុងចំណោមខ្សែភាពយន្ដទាំងអស់ របស់លោក Christopher Nolan នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងហ្គេម Fortnite ថែមទៀតផង។

នាពេលបច្ចុប្បន្ននេះ យើងមិនទាន់បានដឹងនៅឡើយទេថា វាជាខ្សែភាពយន្ដមួយណាឲ្យប្រាកដ ក៏ប៉ុន្ដែព្រឹត្តិការណ៍ថ្មីបន្ទាប់នេះ នឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ចំពោះដំណឹងមួយនេះ គឺត្រូវបានប្រកាសដោយលោក Geoff Keighley ដែលត្រូវជាអ្នករៀបចំព្រឹត្តិការណ៍នេះឡើង ដោយផ្ទាល់តែម្ដង ជាមួយការទទួលបានបទពិសោធន៍ថ្មីប្លែក ក្នុងការទស្សនាខ្សែភាពយន្ដនៅក្នុងហ្គេម។ គាត់បានលើកឡើងមកថា ខ្សែភាពយន្ដមួយនោះ នឹងត្រូវចាក់បញ្ចាំងក្នុងរយៈពេលពេញ ដោយឥតគិតថ្លៃ សម្រាប់អ្នកគាំទ្រលោក Christopher Nolan ទាំងអស់ផងដែរ។ លើសពីនេះទៅទៀត វានឹងអាចត្រូវបានចាក់នៅក្នុង Party Royale Mode ដែលជាកន្លែងមិនអនុញ្ញាតឲ្យប្រើកាំភ្លើងអ្វីនោះឡើយ ដូច្នេះកាន់តែងាយស្រួល ក្នុងការទស្សនាខ្សែភាពយន្ដបែបនេះ។

កាលពីលើកមុនៗមក Fortnite ក៏ធ្លាប់បានសហការជាមួយខ្សែភាពយន្ដដទៃទៀតដែរ ដោយបានដាក់បង្ហាញពី វីដេអូពិសេសរបស់រឿង Star Wars: The Rise of Skywalker និងបានរៀបចំព្រឹត្តិការណ៍តន្រ្ដីជាមួយលោក Diplo, Deadmau5 និង Travis Scott ជាដើម។ សម្រាប់ប្រិយមិត្តអ្នកអាន ដែលតែងតែលេងហ្គេម Fornite តើធ្លាប់ចូលរួមព្រឹត្តិការណ៍ទាំងនេះដែរឬក៏អត់ទេ? ប្រសិនបើធ្លាប់ហើយ តើវាមានផ្ដល់ជូនបទពិសោធន៍ យ៉ាងណាខ្លះទៅ?

ដោយ​ ៖ Windows Central
អត្ថបទទាក់ទង