កាសក្តោបត្រចៀក Sony WH-1000XM4 អាច​មាន​មុខងារ Smart Talking និង​អាច​ភ្ជាប់​ទៅកាន់​ឧបករណ៌​បាន​ច្រើនក្នុង​ពេល​តែមួយ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

យើងធ្លាប់បានស្គាល់ហើយ ពីកាសក្តោបលំដាប់កំពូលមួយរបស់ Sony ដែលមានឈ្មោះថា Sony WH-1000XM3 ដោយក្នុងនោះ វាបានក្លាយខ្លួនជាកាសក្តោប ដែលមានមុខងារទប់សម្លេងរំខាន ដ៏ពេញនិយមមួយ សម្រាប់អ្នកប្រើប្រាស់ កាសប្រភេទនេះ ព្រោះថាការទប់សម្លេងរំខានរបស់វា ស្ថិតក្នុងកម្រិតល្អមួយ ថែមទាំងមានការរចនាមក ផ្តល់ផាសុកភាពដល់ត្រចៀកទៀតផង។ ដោយឡែក នៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មី ដែលនិយាយពីកាសជំនាន់ក្រោយ បន្តវេនពីកាសខាងលើនេះ ពោលគឺគេបង្ហាញថា កាសនោះវាអាចនឹងមានមុខងារសំខាន់ៗជាច្រើនទៀតមកជាមួយ ជាក់ស្ដែងដូចជា Ambient Sound ពេលនិយាយគ្នាជាដើម។

ជាការពិតណាស់ នៅក្នុងពេលថ្មីៗនេះ យើងទទួលបានដំណឹងបែកធ្លាយមួយ ដែលបង្ហាញពីកាសក្តោបឥតខ្សែជំនាន់ថ្មីរបស់ Sony ពោលគឺជាម៉ូឌែល ដែលនឹងចូលខ្លួនមកបន្តវេនរបស់ WH-1000XM3 ហ្នឹងឯង ដោយវាត្រូវបានគេបញ្ជាក់ថា ទំនងជាមានឈ្មោះ WH-1000XM4 តែម្ដង កាន់តែពិសេសនោះ វាអាចនឹងនាំយកមុខងារថ្មីមួយចំនួន មកទៀតផង។ មិនខុសទេ សម្រាប់រូបរាងរបស់វា ត្រូវបានគេដឹងថា មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ទៀតឡើយ ព្រោះមើលដូចគ្នាជាមួយជំនាន់ចាស់ដែរ នេះបើតាមការបង្ហាញចេញពី វិញ្ញាបនបត្រមួយឈ្មោះថា FCC ដែលមានមូលដ្ឋានក្នុងប្រទេសប្រេស៊ីល។ លើសពីនេះ បើតាមការស្វែងរកមួយចំនួន គេបានប្រទះឃើញថា កាសជំនាន់ថ្មីរបស់ Sony ខាងលើអាចនឹងមានចំនួន 3 ជម្រើសពណ៌ដូចជា ខ្មៅ ទឹកប្រាក់ និងពណ៌សតែម្ដង ប៉ុន្តែនៅក្នុងនោះ សម្រាប់ពណ៌សគេមិនបានឃើញពីរូបរាងនោះទេ។ សម្រាប់មុខងារសំខាន់ ដែលវាអាចនឹងបំពាក់មកនោះគឺទីមួយ ត្រូវបានគេបញ្ជាក់ថាជា DSEE Extreme ដោយនេះជាបច្ចេកវិទ្យា DSEE HX ដែលមានលើ WH-1000XM3  បូកជាមួយបច្ចេកវិទ្យា AI បន្ថែម មានន័យថា វាអាចនឹងប្រសើរ ក៏ដូចជាឆ្លាតវៃជាងជំនាន់មុន ក្នុងបង្កើនគុណភាពសម្លេង ដែលចេញពីប្រភពដើម ឲ្យកាន់តែប្រសើរជាងនោះ ថែមមួយកម្រិតទៀត។

មិនត្រឹមតែប៉ុណ្ណោះទេ វាក៏ត្រូវបានគេរំពឹងថា អាចនឹងមានភ្ជាប់មកជាមួយមុខងារ Multi Point Connections មានន័យថា វាទំនងជាមានមុខងារ ដែលអាចធ្វើការភ្ជាប់ទៅកាន់ ឧបករណ៍បានច្រើន ក្នុងពេលតែមួយ ថែមទាំងអាចឲ្យអ្នកប្រើប្រាស់ ធ្វើការផ្លាស់ប្តូរពីឧបករណ៍មួយ ទៅឧបករណ៍មួយទៀត បានកាន់តែរហ័ស និងមិនចាំបាច់ចុចផ្តាច់ ជាមួយឧបករណ៍ដែលកំពុងភ្ជាប់សិននោះទេ ខណៈពេលនៅលើ WH-1000XM3 បច្ចុប្បន្ននេះ វាមានសមត្ថភាព អាចធ្វើការរក្សារទុក Bluetooth របស់ឧបករណ៍ច្រើនបានដែរ ប៉ុន្តែបើចង់ធ្វើការប្តូរទៅភ្ជាប់ ជាមួយឧបករណ៍ផ្សេងទៀតនោះ លុះត្រាតែធ្វើការផ្តាច់ចេញពី ឧបករណ៍ដែលកំពុងតែភ្ជាប់សិនទើបបាន ដែលនេះជាចំណុចខ្សោយមួយរបស់វា។

មិនត្រឹមតែប៉ុណ្ណោះទេ គេក៏បានដឹងទៀតថា WH-1000XM4 អាចនឹងមានប្រើប្រាស់មុខងារ Smart Talking ទៀតផង ដោយវាមាននាទីធ្វើការតម្រូវកម្រិតសម្លេង (Ambient Sound) បានដោយស្វ័យប្រវត្តិនៅពេលដែល អ្នកប្រើប្រាស់ព្យាយាមទំនាក់ទំនង ជាមួយបុគ្គលផ្សេងទៀត និយាយឲ្យចំទៅ វានឹងធ្វើការទម្លាក់កម្រិតមុខងារទប់សម្លេងរំខាន ដោយស្វ័យប្រវត្តិនៅពេលដែលម្ចាស់វា និយាយជាមួយអ្នកក្រៅ ហើយនឹងធ្វើការតម្លើងវិញ ពេលការសន្ទនាបានបញ្ចប់ផងដែរ។ អ្វីដែលពិសេសនោះ Sony ក៏ទំនងជានឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការកំណត់ការឆ្លើយតបរបស់មុខងារមួយនេះបាន ពីកម្រិត Auto, Hight ឬក៏ Low ទៅតាមលក្ខណ្ឌដែលអ្នកប្រើត្រូវការ មួយវិញទៀត គេក៏អាចដាក់ប៊ូតុងសម្រាប់បញ្ជាមុខងារខាងលើ នៅលើតួខ្លួនកាសនោះតែម្ដង។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង