Apple បានផ្ទេរផលិតកម្ម AirPods Pro មួយចំនួនពីប្រទេសចិន ទៅប្រទេសវៀតណាមជាបណ្ដើរៗហើយ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

កាលពីដើមខែកន្លងទៅនេះ ក្រុមការងារយើងទទួលបាន ដំណឹងប្រភពផ្ទៃក្នុងថ្មីមួយថា Apple អាចនឹងស្វែងរកតំបន់ផ្សេងវិញ ដើម្បីឲ្យផលិត AirPods របស់ខ្លួន ដោយចង់ផ្លាស់ប្ដូរផលិតកម្មចំនួន 15% ទៅ 30% ចេញពីប្រទេសចិន ហើយប្រទេសវៀតណាម ជាទីតាំងកំពុងត្រូវបានពិចារណា។ រហូតមកដល់ពេលថ្មីៗនេះ អតិថិជននៅឯសហរដ្ឋអាមេរិក ចាប់ផ្ដើមទទួលបានកាស AirPods Pro ជាមួយពាក្យនៅលើប្រអប់នោះថា “Assembled in Vietnam” ដោយត្រូវបានដំឡើងនៅ ប្រទេសវៀតណាម ផងដែរ។

ចាប់តាំងតែពីដើមមក កាសឥតខ្សែពពួក AirPods របស់ Apple សុទ្ធតែមានសរសេរបញ្ជាក់ថា “Assembled in China” ប៉ុន្ដែក្រោយពីមានបញ្ហារវាង សហរដ្ឋអាមេរិក និងប្រទេសចិនមក ក៏ត្រូវបានផ្លាស់ប្ដូរទីតាំងផលិតកម្ម ទៅកាន់តំបន់ផ្សេងវិញតែម្ដង។ នោះគឺដោយសារតែ រដ្ឋាភិបាលប្រទេសចិន បានលើកឡើងមកថា ពួកគេនឹងបន្ថែមពន្ធ ទៅលើរៀងរាល់ផលិតផល ដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ក៏ធ្វើឲ្យក្រុមហ៊ុន Apple បង្ខំចិត្តដកផលិតកម្មមួយចំនួន ចេញពីប្រទេសចិនបែបនេះ។ ហាក់បីដូចជា កាលពីឆ្នាំ 2017 អញ្ចឹងដែរ ដោយផលិតកម្មមួយចំនួនរបស់ iPhone ត្រូវបានចាប់ផ្ដើមដំឡើងនៅ ប្រទេសឥណ្ឌាខ្លះវិញដូចគ្នា ដើម្បីជៀសវាងការបន្ថែមពន្ធ ស្របនឹងពេលមានសង្គ្រាមពាណិជ្ជកម្ម។ ទោះបីជាយ៉ាងណាក្ដី នាពេលបច្ចុប្បន្ននេះ យើងនៅមិនទាន់ដឹងច្បាស់ទេថា ផលិតកម្មរបស់ AirPods Pro គឺត្រូវបានដំឡើងនៅក្នុងប្រទេសវៀតណាម បានចំនួនប៉ុន្មានភាគរយៈឡើយ ហើយថាតើ Apple កំពុងមានគម្រោងបន្ថែមផលិតកម្ម នៅទីនោះទៀតឬក៏អត់ទេ។

ចំពោះរូបភាពខាងលើនេះ គឺត្រូវបានចែករំលែកដោយ ក្រុមសារព័ត៌មានមកពី The Verge និងអ្នកប្រើប្រាស់បណ្ដាញសង្គម Twitter ម្នាក់ បានបង្ហោះលើគណនីរបស់គេ ដោយមើលទៅវាមានលក្ខណៈដូចគ្នាដដែល ដោយគ្រាន់តែលើកនេះ ដំឡើងនៅប្រទេសវៀតណាមវិញម្ដង។ ហេតុដូច្នេះហើយ សម្រាប់ប្រិយមិត្តអ្នកអាន ដែលមានគម្រោងជាវកាស AirPods Pro ក្នុងពេលខាងមុខនេះ កុំភ្លេចពិនិត្យមើលលើប្រអប់របស់វាផង។

ដោយ​ ៖ The Verge
អត្ថបទទាក់ទង