ហ្គេមបាញ់ប្រហារគ្នាដ៏ល្បី Valorant នឹងត្រូវដាក់ឲ្យលេងជាផ្លូវការ នៅថ្ងៃទី 2 ខែមិថុនាខាងមុខនេះហើយ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

ប្រិយមិត្តមួយចំនួន ជាពិសេសអ្នកដែលចូលចិត្តលេងហ្គេមបែបបាញ់គ្នា តាមរយៈអនឡាញ ប្រាកដជាបានស្គាល់ពី Valorant ច្បាស់ជាមិនខាន។ ប៉ុន្តែសម្រាប់មិត្តអ្នកអានមួយចំនួន ដែលមិនធ្លាប់បានស្គាល់ពីហ្គេមមួយនេះក៏មិនអីដែរ ព្រោះថាអ្នកនឹងបានដឹងពីវា ក្នុងពេលបន្តិចទៀតនេះ។ Valorant គឺជាហ្គេមថ្មីមួយផ្សេងទៀត ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Riot Games ហើយមានលក្ខណៈលេងស្រដៀងគ្នាទៅនឹងហ្គេម Overwatch អញ្ចឹងដែរ។

Valorant គឺជាហ្គេមបែបបាញ់ប្រហារគ្នា (First-Person) 5 ទល់នឹង 5 ដោយប្រើយុទ្ធសាស្រ្ត និងសមត្ថភាពពិសេស (Skill) របស់តួអង្គនីមួយៗ ដើម្បីជួយទៅដល់មិត្តរួមក្រុម ដើម្បីយកឈ្នះទៅលើសត្រូវរបស់ខ្លួន។ បន្ទាប់ពីបានពន្យល់ខ្លះៗ ទាក់ទងទៅនឹងហ្គេម Valorant រួចហើយ ឥឡូវចូលមកដល់សាច់រឿងរបស់យើងវិញម្តង កាលពីយប់មិញនេះ តាមរយៈគណនី Twitter របស់ក្រុមហ៊ុន Riot Games បានធ្វើឲ្យយើងដឹងថា ហ្គេមបាញ់ប្រហារគ្នាដ៏ល្បី Valorant នឹងត្រូវដាក់ឲ្យលេងជាផ្លូវការ នៅថ្ងៃទី 2 ខែមិថុនា ឆ្នាំ 2020 ខាងមុខនេះហើយ។ កាន់តែពិសេសថែមទៀតនោះ វានឹងត្រូវដាក់ឲ្យទាញយកដោយឥតគិតថ្លៃ នៅលើគេហទំព័រផ្លូវការរបស់ហ្គេមមួយនេះតែម្តង។ ផ្អែកតាមការបញ្ជាក់របស់ Riot Games នៅពេលដែលហ្គេមមួយនេះ ដាក់ឲ្យលេងជាផ្លូវការ វានឹងទទួលបានការបន្ថែមតួអង្គថ្មី, ផែនទីថ្មី, វគ្គថ្មី, គ្រឿងតុបតែងថ្មី (Skin) របស់អាវុធ ក៏ដូចជា Battle Pass ផងដែរ។

គួររំលឹកផងថា Volarant ត្រូវបានប្រកាសចេញ កាលពីខែតុលា ឆ្នាំ 2019 ក្រោមឈ្មោះតំណាងថា Project A ហើយវាត្រូវបានប្រកាសចេញជាផ្លូវការ កាលពីថ្ងៃទី 1 ខែមិនា ឆ្នាំ 2020។ ជាងនេះទៅទៀត Valorant ក៏ត្រូវបានដាក់ឲ្យលេងសាកល្បង កាលពីថ្ងៃទី 7 ខែមេសាកន្លងទៅផងដែរ។ គួរបញ្ជាក់ផងថា ហ្គេម Valorant អាចលេងបានតែនៅលើកុំព្យូទ័រ (Windows) តែប៉ុណ្ណោះ ហើយដំណើរការដាក់ឲ្យលេងសាកល្បងរបស់វានឹងត្រូវបញ្ចប់ទៅវិញ នៅថ្ងៃទី 28 ខែឧសភាខាងមុខនេះ។ អញ្ចឹងសរុបមកវិញ នេះជាព័ត៌មាននិយាយទាក់ទងទៅនឹងហ្គេមថ្មីរបស់ Riot Games សម្រាប់ប្រិយមិត្តដែលចាប់អារម្មណ៍នឹងហ្គេមមួយនេះ អាចធ្វើការរង់ចាំដើម្បីទាញយកហ្គេមមួយនេះ តាមរយៈតំណរភ្ជាប់មួយនេះបាន Valorant

ដោយ​ ៖ VALORANT
អត្ថបទទាក់ទង