ចំនួន Developer ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម​នៅ​ក្នុង Huawei Mobile Services កំពុង​កើន​ឡើង​ដល់ 1.5 លាន​នាក់​ហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

ដូចយើងបានដឹងហើយថា នៅក្នុងពេលនេះ Huawei មិនអាចបកក្រោយទៅយកសេវាកម្ម Google មកប្រើប្រាស់នៅលើទូរសព្ទឆ្លាត ជំនាន់ថ្មីៗរបស់ខ្លួនបានទៀតនោះទេ ព្រោះថាស្ថានការក្រុមហ៊ុននេះ ជាមួយនឹងសហរដ្ឋអាមេរិក គឺមិនមានការធូរស្រាលនោះឡើយ និយាយឲ្យចំទៅ គឺកាន់តែតឹងតែងជាងមុនទៅទៀត។ ដោយហេតុនេះហើយ រឿងតែមួយគត់ដែល Huawei អាចធ្វើបាន គឺមានតែព្យាយាមក្នុងការអភិវឌ្ឍន៍ សេវាកម្មរបស់ខ្លួនឯង ឲ្យកាន់តែមានភាពទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ ដើម្បីអាចបន្តវាយលុកទីផ្សារសាកល នៅថ្ងៃខាងមុខទៀត។

ជាក់ស្ដែងនៅក្នុងពេលនេះ យើងក៏ទទួលបានដំណឹងថ្មីមួយទៀត ដែលនិយាយពី HMS នេះ (Huawei Mobile Services) និយាយឲ្យចំទៅ គេបានបញ្ជាក់ថា សេវាកម្មវរបស់ Huawei ខាងលើ គឺមានចំនួនអ្នកអភិវឌ្ឍន៍កម្មវិធី ចុះឈ្មោះចូលរួមថ្មីជាង 1.5 លាននាក់ហើយ ដែលជាកំណើនដ៏ច្រើនមួយ បើប្រៀបធៀបជាមួយឆ្នាំ 2019 កន្លងទៅ។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុនចិន Huawei ចាប់ផ្តើមអស់សិទ្ធជាមួយសេវាកម្ម Google ចាប់តាំងពីឆ្នាំមុនមក ហើយមកទល់ពេលនេះ ក្រុមហ៊ុនខាងលើបានបញ្ជាក់ថា សេវាកម្មរបស់ពួកគេមានចំនួនអ្នកប្រើប្រាស់ប្រចាំខែ ដល់ទៅជិត 650 លាននាក់ទៀតផង នៅក្នុងសាកលលោក ដែលចំនួននេះ មានការកើនឡើង 25% បើប្រៀបនឹងឆ្នាំមុន។ សម្រាប់អ្នកអភិវឌ្ឍន៍ថ្មី ដែលមានការចុះឈ្មោះដល់ទៅជាង 1.5 លាននេះដែរ គឺត្រូវបានគេបង្ហាញថា មានការកើនឡើង 115% បើបើប្រៀបជាមួយ ក្រុមអ្នកអភិវឌ្ឍន៍សេវាកម្មមួយនេះ កាលពីឆ្នាំ 2019 កន្លងមក កាន់តែពិសេសនោះ គិតមកទល់ពេលបច្ចុប្បន្ន ឃ្លាំងកម្មវិធី AppGallery ដែលមាននៅក្នុង HMS នេះ គឺមានកម្មវិធីសរុបទាំងអស់ដល់ទៅ 60,000 កម្មវិធីហើយ ដោយកើនឡើងប្រមាណជា 66.7% ផងដែរ។

អញ្ចឹងហើយ បើតាមការរៀបរាប់ខាងលើនេះ អាចនិយាយបានថា សេវាកម្មផ្ទាល់ខ្លួនរបស់ Huawei គឺទទួលបានការចុះឈ្មោះថ្មីបន្ថែម ពីក្រុមអភិវឌ្ឍន៍កម្មវិធីដល់ទៅជាង 1.5 លាននាក់ហើយ ដែលជាកំណើនច្រើនមួយ សម្រាប់ HMS ដើម្បីទទួលបានការរីកចម្រើនបន្ថែមទៅមុខទៀត។ យ៉ាងណាក៏ដោយ បើសិនជាកំណើននៃក្រុមអ្នកអភិវឌ្ឍន៍ នៅតែបន្តកើនឡើងបែបនេះ ដូច្នេះនៅថ្ងៃអនាគត សេវាកម្មរបស់ Huawei មួយនេះ នឹងកាន់តែមានការរីកចម្រើនបន្តទៀត ដើម្បីអាចធ្វើការទាក់ទាញអ្នកប្រើប្រាស់ត្រលប់មកវិញ ក៏ដូចជាអាចនឹងក្លាយជាគូរប្រជែងមួយទៀតរបស់ Google Mobile Services ផងដែរ។

ដោយ​ ៖ Gizmochina
អត្ថបទទាក់ទង