ពេលនេះ Epic Games Store បានផ្ដល់ជូនហ្គេម Civilization VI ឲ្យទាញយកដោយឥតគិតថ្លៃម្ដង​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ក្រោយពីបានដាក់ហ្គេមចោរលួចឡាន GTA V ដ៏មានភាពពេញនិយមខ្លាំង ឲ្យធ្វើការទាញយកមកលេង ដោយឥតគិតថ្លៃរួចហើយ រហូតមកដល់ពេលឥឡូវនេះ ក្រុមហ៊ុន Epic Games ក៏បានសម្រេចចិត្តផ្ដល់ជូនហ្គេម Civilization VI ឲ្យអ្នកប្រើប្រាស់ទាំងអស់ ធ្វើការទាញយកដោយសេវីម្ដង នៅលើកម្មវិធី Store របស់ខ្លួន។ គួរបញ្ជាក់ប្រាប់ឲ្យដឹងផងថា ជាធម្មតា ហ្គេម Sid Meier’s Civilization VI ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ២៤ ម៉ឺនរៀលឯណោះ ឬ ប្រហាក់ប្រហែល 59.99 ដុល្លារ ប៉ុន្ដែនាពេលឥឡូវនេះ ប្រិយមិត្តទាំងអស់គ្នា អាចយកវាមកលេងបានជារៀងរហូត ដោយមិនចាំបាច់អស់លុយនោះទេ។

កាលពីសប្ដាហ៍មុននេះ បណ្ដាញប្រព័ន្ធ Server របស់កម្មវិធី Epic Games Store ត្រូវបានប្រទះជួបការកកស្ទះ រហូតដល់ទៅប្រមាណជាង 8 ម៉ោងឯណោះ នោះក៏ដោយសារតែហ្គេម GTA V ត្រូវបានដាក់ឲ្យលេងជាផ្លូវការ ដោយឥតគិតថ្លៃលើកដំបូងតែម្ដង។ បើយោងទៅតាមរបាយការណ៍ថ្មី បានដាក់បង្ហាញឲ្យឃើញថា ហ្គេមចោរលួចឡានវគ្គចុងក្រោយគេនេះ គឺទទួលបានចំនួនកើនឡើងដល់ទៅ 10 លានច្បាប់ចម្លង ក្នុងត្រីមាសដំបូងនេះ ជាមួយចំនួនសរុប 130 លានច្បាប់ចម្លេងផងដែរ។ ចំណែកឯលើកនេះ គឺត្រូវជាហ្គេមដ៏ល្បីល្បាញមួយទៀតដែរ ដោយត្រូវបានដាក់ឲ្យលេងនៅលើ Windows និង Mac កាលពីចុងឆ្នាំ 2016 ហើយទៅដល់ iOS ក្នុងឆ្នាំ 2017, Nintendo Switch នៅឆ្នាំ 2018, PS4 និង Xbox One នៅឆ្នាំ 2019 កន្លងទៅនេះ។ ហ្គេមនេះត្រូវការឲ្យអ្នកលេងប្រើយុទ្ធសាស្ត្រច្រើន ដើម្បីពង្រីកទីតាំង និងអភិវឌ្ឍន៍លើគ្រប់វិស័យនានា ជាដើម។ វាក៏មានរយៈពេលកំណត់ នោះគឺគិតចាប់ពីថ្ងៃនេះ រហូតទៅដល់ថ្ងៃទី 28 ខែឧសភា ឆ្នាំ 2020 នៅសប្ដាហ៍ក្រោយនេះ។

***ដើម្បីទៅកាន់កន្លែងទាញយកហ្គេម Sid Meier’s Civilization VI សូមចុចទីនេះ

ហាក់បីដូចជារៀងរាល់ដងអញ្ចឹងដែរ ដោយការទាញយកហ្គេម Sid Meier’s Civilization VI នៅលើ Epic Games Store គឺត្រូវតម្រូវឲ្យប្រិយមិត្តទាំងអស់គ្នា ធ្វើការទាញយកកម្មវិធីមួយនេះ មកដំឡើងលើកុំព្យូទ័ររបស់លោកអ្នកសិន ហើយបន្ទាប់មកចូលទៅ បង្កើតគណនីផ្ទាល់ខ្លួន រួចអាចស្វែងរកឈ្មោះវា ឬ ចុចតាមតំណរភ្ជាប់ខាងលើ ដើម្បីទាញយកវាមកលេងបាន ដោយឥតគិតថ្លៃ។

ដោយ​ ៖ Polygon
អត្ថបទទាក់ទង