កុំព្យូទ័រយួរដៃ Razer Blade Pro 17 ស៊េរីថ្មី ជាមួយជម្រើសអេក្រង់ 300Hz បានប្រកាសចេញជាផ្លូវការ​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ក្រុមហ៊ុនផលិតកុំព្យូទ័រយួរដៃដ៏ល្បីល្បាញ Razer បានធ្វើការប្រកាសចេញនូវម៉ូឌែល Blade Pro 17 ស៊េរីថ្មីសម្រាប់ឆ្នាំ 2020 ជាមួយនឹងជម្រើសអេក្រង់កម្រិត 4K 120Hz និងមានរហូតដល់ទៅ Refresh Rate កម្រិត 300Hz នៅលើជម្រើសអេក្រង់ FHD 1080p សម្រាប់កំពូលអ្នកលេងហ្គេម ថែមទៀតផង។ ចំពោះម៉ូឌែលស៊េរីថ្មីនេះ គឺមានគោលបំណងហាក់បីដូចជា ជំនាន់មុនៗអញ្ចឹងដែរ ដោយវាផលិតឡើងសម្រាប់អ្នក Gamer, Content Creators ឬ ការបំពេញការងារផ្សេងៗ ជាមួយអេក្រង់ទំហំធំ 17.3 អ៊ីញរបស់វានេះ។

នៅឆ្នាំ 2020 នេះ យើងទទួលបានចំនួន 3 ជម្រើសទៅលើ Razer Blade Pro 17 ដោយទៅលើជម្រើសម៉ូឌែលកំពូល គឺមានបំពាក់អេក្រង់កម្រិត 4K 120Hz ដែលផ្ដល់ជូនពន្លឺដល់ 400nits និងទទួលបាន 100% លើកម្រិតពណ៌ Adobe RGB ជាមួយក្រាហ្វិកកាត RTX 2080 Super Max-Q ផងដែរ។ ចំណែកឯជម្រើសម៉ូឌែល 2 ដទៃទៀត គឺមានបំពាក់អេក្រង់ទំហំ 17.3 អ៊ីញ ពីលើកម្រិត 300Hz ដែលអាចបង្ហាញរូបភាពបានត្រឹម Full HD និងប្រើប្រាស់ក្រាហ្វិកកាត Nvidia GeForce RTX 2070 Max-Q ឬក៏ RTX 2080 Super Max-Q តាមការជ្រើសរើសរបស់អតិថិជន។ បើមើលទៅលើកម្លាំងម៉ាស៊ីនវិញនោះ កុំព្យូទ័រយួរដៃ Blade Pro 17 ស៊េរីថ្មីនេះ ត្រូវបានបំពាក់ស៊ីភីយូ Core i7-10875H (45W Comet Lake) ជាមួយល្បឿនដើម 2.3GHz និងអាច Boost ឡើងបានដល់ 5.1GHz ឯណោះ។ វាជាស៊ីភីយូប្រភេទ 8 Cores ជាមូយរ៉េមទំហំ 16GB (DDR4) សម្រាប់គ្រប់ជម្រើសទាំងអស់តែម្ដង ដោយក្រុមហ៊ុន Razer កំពុងតែត្រៀមដាក់លក់វាលើទីផ្សារ នៅចុងខែនេះហើយ។ ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍លើវា គឺអាចរង់ចាំមើលនៅតាម ហាងកុំព្យូទ័រនានាក្នុងស្រុកយើងបាន ដោយអាចនឹងយកមកលក់បន្ដ នៅប៉ុន្មានខែខាងមុខនេះ។

តម្លៃដាក់លក់នៅសហរដ្ឋអាមេរិក របស់កុំព្យូទ័រយួរដៃ Razer Blade Pro 17 ជាមួយអេក្រង់កម្រិត 300Hz ដែលមានបំពាក់ RTX 2070 Max-Q របស់ Nvidia គឺមានតម្លៃខ្ទង់ ១០ លាន ៣៩ ម៉ឺនរៀល ឬ ប្រហាក់ប្រហែល 2,599 ដុល្លារ ឬជម្រើសបំពាក់ RTX 2080 Super Max-Q នឹងមានតម្លៃខ្ទង់ ១២ លាន ៧៩ ម៉ឺនរៀល ឬ ប្រហាក់ប្រហែល 3,199 ដុល្លារ។ ដោយឡែក ម៉ូឌែលខ្ពស់ជាងគេ ដែលមានអេក្រង់កម្រិត 4K ជាមួយក្រាហ្វិកកាត RTX 2080 Super Max-Q គឺមានតម្លៃខ្ទង់ ១៥ លាន ១៩ ម៉ឺនរៀល ឬ ប្រហាក់ប្រហែល 3,799 ដុល្លារ។

ដោយ​ ៖ Ars Technica
អត្ថបទទាក់ទង