YouTube បានបន្ថែម​មុខងារ​ថ្មី សម្រាប់​រំលឹក​អ្នក​ប្រើប្រាស់​ពេល​ដល់​ម៉ោង​គេង ដើម្បី​កុំឲ្យ​ពួកគេ​មើល​វីដេអូ​ដល់​យប់​ជ្រៅ​ពេក​​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

អ្នកប្រើប្រាស់ទូរសព្ទឆ្លាត នៅក្នុងពេលសព្វថ្ងៃនេះ ប្រហែលជាមានមួយភាគធំ បានចំណាយពេលយ៉ាងច្រើនទៅលើបណ្ដាញសង្គមនានាហើយ ជាពិសេសនោះ នៅពេលដែលពួកគេទំនេរ ពីការធ្វើការ ដូចជាពេលយប់ជាដើម។ នៅក្នុងនោះដែរ សម្រាប់បណ្ដាញសង្គម ឬអាចហៅថាជាឃ្លាំងវីដេអូ YouTube នោះ ប្រាកដណាស់ថា មានបុគ្គលមួយចំនួន បានជក់ក្នុងការទស្សនាវីដេអូក្នុងនោះ រហូតដល់ដាច់យប់ ឬចូលដល់យប់ជ្រៅជ្រុលក៏មាន ដូច្នេះហើយ ទើបពេលនេះ YouTube បានដាក់ចេញមុខងារថ្មីមួយទៀត ដើម្បីជួយឲ្យអ្នកប្រើប្រាស់ កែទម្លាប់មិនល្អនេះចេញផងដែរ។ 

មិនខុសទេ សម្រាប់មុខងារដែលបានបង្ហាញខាងលើនោះ YouTube បានហៅវាថា Remind me when it’s bedtime ដែលមានន័យថា ឲ្យវាធ្វើការរំលឹកដល់អ្នកប្រើប្រាស់ នៅពេលដល់ម៉ោងគេងហ្នឹងឯង ហើយនៅក្នុងនោះ យើងឃើញថាវាមានលក្ខណៈស្រដៀងគ្នា ជាមួយមុខងារ Remind me to take a break ដែលមាននៅលើកម្មវិធីមួយនេះរួចមកហើយ។ ពិតណាស់ Remind me when it’s bedtime នេះ វាបានផ្តល់ជម្រើសដល់អ្នកប្រើប្រាស់ ធ្វើការកំណត់ម៉ោងគេងរបស់ពួកគេ ដើម្បីពេលដែលមើលវីដេអូដល់ម៉ោងនោះទៅ មុខងារនឹងធ្វើឲ្យកម្មវិធី YouTube លោតចេញការរំលឹកមួយ បង្ហាញដល់អ្នក កាន់តែពិសេសនោះ ការរំលឹករបស់វានេះ ក៏មានជម្រើសមួយទៀតដែរ ដោយអាចឲ្យប្រើប្រាស់ កំណត់ឲ្យវាធ្វើការរំលឹក ចាំដល់ពេលមើលវីដេអូចប់សិន ឬមួយក៏ធ្វើការរំលឹកភ្លាមៗ បើទោះជាកំពុងតែមើលវីដេអូក៏ដោយ។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចធ្វើការ ពន្យារពេលបាន 10 នាទីទៀត នៅពេលដែលការរំលឹកមកដល់ ឬមួយក៏អាចធ្វើការបដិសេធការរំលឹកនោះបាន ដើម្បីបន្តមើលវីដេអូទៀត។

នៅក្នុងនោះដែរ YouTube បានធ្វើការបញ្ជាក់ថា ពួកគេបានចាប់ផ្តើមទម្លាក់មុខងារនេះ ទៅកាន់អ្នកប្រើប្រាស់ហើយ ទាំងនៅក្នុង Android និង iOS តែម្ដង ហើយអ្នកប្រើប្រាស់ទាំងអស់ អាចនឹងទទួលបានវា នៅក្នុងពេល ពីរទៅបីថ្ងៃខាងមុខទៀត។ ដើម្បីកំណត់មុខងារនេះ គឺមិនពិបាកឡើយ ដំបូងអ្នកចូលទៅកាន់ Setting ក្នុង YouTube បន្ទាប់ចូលក្នុង General រួចអ្នកនឹងឃើញមុខងារនេះ (បើសិនជាអ្នកទទួលបានវាហើយ) មួយវិញទៀត អ្នកក៏អាចចុចលើ Profile គណនីរបស់អ្នក បន្ទាប់ចុចយកពាក្យ Time Watched នោះអ្នកនឹងឃើញមុខងារដូចគ្នា (បើសិនជាអ្នកទទួលបានវាហើយ)។ ស្រដៀងគ្នានេះ យើងក៏បានឃើញមុខងារ Remind me to take a break ដែរ ដែលវាជាមុខងារមួយ ត្រូវបាន YouTube ដាក់ចូលតាំងពីឆ្នាំ 2018 មក ហើយមកទល់ពេលនេះ គេបានបញ្ជាក់ថា បានផ្ញើការរំលឹកចេញពីមុខងារនេះ ទៅកាន់អ្នកប្រើប្រាស់បានដល់ទៅ 3 ពាន់លានសារហើយ។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង