Google Pixel 4a អាចនឹងត្រូវពន្យារពេលក្នុងការប្រកាសចេញ ទៅថ្ងៃទី 13 ខែកក្កដាវិញ​
ដោយ​ ៖ ឈីរ៉ូ | 1 សប្តាហ៍មុន SHARE

 

កាលពីខែមេសាកន្លងទៅ គេហទំព័របច្ចេកវិទ្យា Caschy បាននិយាយថា Google Pixel 4a អាចនឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងអំឡុងខែឧសភានេះ។ បន្ទាប់មកទៀត កាលពីសប្តាហ៍មុន តាមរយៈប្រភពខាងលើដដែលនេះ បានធ្វើឲ្យយើងដឹងថា Google Pixel 4a អាចនឹងត្រូវពន្យារពេលក្នុងការប្រកាសចេញ ទៅដើមខែមិថុនាវិញ។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគណនី Twitter របស់កំពូលអ្នកចែកចាយព័ត៌មាន បែកធ្លាយដ៏ល្បីឈ្មោះ Jon Prosser យើងក៏ទទួលបានដំណឹងថ្មីមួយផ្សេងទៀត និយាយទាក់ទងទៅនឹងពេលវេលានៃការប្រកាសចេញរបស់ Google Pixel 4a ដែរ។

ផ្អែកតាមការបញ្ជាក់របស់លោក Jon Prosser បាននិយាយថា កាលដើមឡើយក្រុមហ៊ុន Google ពិតជាមានគម្រោងប្រកាសចេញ Google Pixel 4a នៅក្នុងអំឡុងខែឧសភានេះមែន។ ប៉ុន្តែមិនដឹងជាមានបញ្ហាអ្វី ទើបពួកគេសម្រេចពន្យារក្នុងការប្រកាសចេញ ម្តងហើយម្តងទៀត។ ជាងនេះទៅទៀត លោកក៏បានបញ្ជាក់ឲ្យយើងបានដឹងផងដែរថា ខណៈពេលនេះ ក្រុមហ៊ុន Google មានគម្រោងក្នុងការប្រកាសចេញ Google Pixel 4a ជាផ្លូវការ នៅថ្ងៃទី 13 ខែកក្កដា ខាងមុខនេះ។ លើសពីនេះទៅទៀត លោកក៏បានបញ្ជាក់ទៀតថា Pixel 4a នឹងមកជាមួយជម្រើស 4G តែមួយគត់ ដូច្នេះមានន័យថា Pixel 4a គ្មានជម្រើស 5G នោះទេ។ 

តាមរយៈព័ត៌មានបែកធ្លាយ បានបង្ហាញថា Google Pixel 4a នឹងបំពាក់មកជាមួយអេក្រង់ទំហំ 5.81 អ៊ីញ អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ជាមួយកម្រិតភាពច្បាស់ 443 ppi។ ចំពោះកម្លាំងម៉ាស៊ីន Google Pixel 4a ប្រើប្រាស់បន្ទះឈីប Snapdragon 730 គួបផ្សំជាមួយជម្រើស RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB។ បន្ថែមពីនេះ Google Pixel 4a អាចនឹងភ្ជាប់មកជាមួយថ្មទំហំ 3,080 mAh ក៏ដូចជានឹងមកជាមួយជម្រើសពណ៌ខ្មៅ និងពណ៌ខៀវផងដែរ។ 

ដោយ​ ៖ Jon Prosser
អត្ថបទទាក់ទង