ពេល​នេះ OnePlus, realme, Black Shark និង Meizu បាន​ចូលរួម​បំពាក់​មុខងារ​ផ្ទេរទិន្នន័យ​រួមគ្នា​ជាមួយ Xiaomi, OPPO និង vivo ដែរ​ហើយ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីដើមឆ្នាំនេះ យើងគ្រប់គ្នាបានដឹងហើយថា Xiaomi, OPPO និង vivo បានធ្វើការសហការគ្នាក្នុងនាំយក មុខងារផ្ទេរទិន្នន័យរួមគ្នាមួយ ត្រូវបានគេហៅថា File Transfer ប្រភេទ Peer-to-Peer Transmission Alliance  ដើម្បីឲ្យអ្នកប្រើប្រាស់របស់ពួកគេ អាចធ្វើការចែករំលែកទិន្នន័យតៗគ្នា បានកាន់តែងាយស្រួល ក៏ដូចជាមានភាពរហ័សថែមមួយកម្រិតទៀត។ ដោយឡែក នៅក្នុងពេលនេះ មុខងារផ្ទេទិន្នន័យខាងលើ កាន់តែមានការរីកដុះដាលច្រើនឡើងៗហើយ និយាយឲ្យចំទៅ ថ្មីៗនេះ ក្រុមហ៊ុនចិនមួយចំនួនទៀត ក៏បានចូលរួមជាមួយគ្នាដែរ ជាក់ស្ដែងមានដូចជា OnePlus, Realme, Black Shark និង Meizu នេះឯង។

មិនខុសទេ នៅក្នុងពេលថ្មីៗនេះ យើងទទួលបានដំណឹងថា ក្រុមហ៊ុនចិនមួយចំនួនទៀតរួមមាន OnePlus, Realme, Black Shark និង Meizu បានចូលរួមក្នុងការប្រើប្រាស់មុខងារ ផ្ទេរទិន្នន័យជាប្រភេទ Peer-to-Peer Transmission Alliance ជាមួយគ្នានឹង Xiaomi, OPPO និង vivo ដែរហើយ ដែលមានន័យថា នៅក្នុងពេលឆាប់ៗខាងមុខ ទូរសព្ទឆ្លាតដែលស្ថិតក្រោមយីហោទាំងអស់នេះ នឹងអាចធ្វើការផ្ទេរទិន្នន័យឲ្យគ្នាទៅវិញទៅមកបាន កាន់តែងាយស្រួល ដោយមិនចាំបាច់ប្រើកម្មវិធីពីខាងក្រៅមកនោះទេ ហើយជាពិសេសនោះ មុខងារនេះក៏ជួយធ្វើឲ្យការបញ្ជូនទិន្នន័យទៅមក មានល្បឿនលឿនថែមទៀតផង។ គួរបញ្ជាក់ដែរថា មុខងារ File Transfer Peer-to-Peer Transmission Alliance នេះ កើតឡើងដំបូងក្រោមការសហការគ្នារវាង ក្រុមហ៊ុន 3 គឺ Xiaomi, OPPO និង vivo នេះតែម្ដង ដោយក្នុងនោះ បច្ចេកវិទ្យានេះ អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងអស់ ធ្វើការផ្ទេរទិន្នន័យជាច្រើនប្រភេទបានដូចជា រូបភាព វីដេអូ បទចម្រៀង និងឯកសារជាច្រើនទៀត ដោយមិនបាត់បង់គុណភាពឡើយ ហើយវាក៏មានល្បឿនរហូតដល់ 20MBps ផងដែរ។

លើសពីនេះ មុខងារខាងលើ មិនទាមទារអោយមាន ការប្រើប្រាស់អ៊ីនធឺណេតនោះទេ ពោលគឺវាប្រើប្រាស់នូវប្រព័ន្ធ Bluetooth សម្រាប់ធ្វើការតភ្ជាប់ទំនាក់ទំនងរហ័ស និងបច្ចេកវិទ្យា WiFi P2P (Peer to Peer) Technology សម្រាប់ធ្វើការបញ្ជូនទិន្នន័យ ប្រកបដោយស្ថេរភាព ក៏ដូចជាធ្វើឲ្យការតភ្ជាប់គ្នាមានល្បឿនកាន់តែលឿន រវាងឧបករណ៍ជាច្រើន ថែមទាំងប្រើប្រាស់នូវថាមពលថ្មតិចបំផុត។ យ៉ាងណាក៏ដោយ នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើនោះ មិនទាន់បានបញ្ជាក់ពីពេលវេលា ដែលគេនឹងទម្លាក់មុខងារនេះ សម្រាប់អ្នកប្រើប្រាស់នោះទេ ប៉ុន្តែ Black Shark 2 និង Black Shark 2 Pro ត្រូវបានគេបញ្ជាក់ថា មានរួចរាល់ហើយ តាមរយៈកំណែអាប់ដេតទៅកាន់ស្បែកមុខ JoyUI 11 ដែលក្រុមហ៊ុននេះ បានទម្លាក់ឲ្យអ្នកប្រើប្រាស់ កាលពីពេលថ្មីៗកន្លងទៅនេះដែរ។

ដោយ​ ៖ XDA Developer
អត្ថបទទាក់ទង