realme X2 Pro ទទួលបានពិន្ទុលើកាមេរ៉ាមុខពី DxOMark ត្រឹម 74 ពិន្ទុប៉ុណ្ណោះ​
ដោយ​ ៖ គង់គីត | 1 សប្តាហ៍មុន SHARE

 

ពេលកន្លងទៅនេះ យើងធ្លាប់បានឃើញហើយពីពិន្ទុ កាមេរ៉ាខាងក្រោយ ដែល DxOMark បានផ្តល់អោយ realme 2X Pro ដោយនៅក្នុងនោះ យើងឃើញថា វាទទួលបានត្រឹម 74 ពិន្ទុប៉ុណ្ណោះ និងបានឈរនៅលេខរៀងក្រោមគេឯណោះ ក្នុងចំណោមទូរសព្ទឆ្លាតកំពូលទាំងអស់ផងដែរ។ ដោយឡែក នៅក្នុងពេលនេះ DxOMark ក៏បានបញ្ចេញពិន្ទុថ្មីមួយទៀត ដែលគេបានផ្តល់អោយ ទូរសព្ទឆ្លាតលំដាប់កំពូលខាងលើនេះ ដែលវាជាពិន្ទុផ្នែកកាមេរ៉ាខាងមុខរបស់វា ហើយក្នុងនោះ យើងឃើញថា វានៅតែទទួលបានពិន្ទុទាបជាងគេ ដដែល។

ពិតមែនហើយ បើតាមអ្វីដែលយើងបានឃើញនេះ បង្ហាញថា realme X2 Pro ទទួលបានពិន្ទុពីផ្នែកកាមេរ៉ាមុខនៅលើ DxOMark ត្រឹមតែ 74 ពិន្ទុប៉ុណ្ណោះ ដែលពិន្ទុនេះ មិនបានធ្វើអោយទូរសព្ទឆ្លាតនេះ ជាប់ឈ្មោះនៅក្នុងបញ្ជីកំពូល នៃផ្នែកកាមេរ៉ាមុខឡើយ ព្រោះថា មានទូរសព្ទឆ្លាតជាច្រើនម៉ូឌែលទៀត ដែលមានសមត្ថភាពអាចធ្វើបានល្អជាងវា ទៅទៀត។ នៅក្នុងនោះដែរ យើងឃើញថា វាបានឈរនៅលេខរៀង ក្បែរបាតតារាងឯណោះ ក្នុងចំណោមទូរសព្ទឆ្លាតជាច្រើម ដោយទទួលបានពិន្ទុតិចជាង Google Pixel 2 ដែលបានចេញក្នុងឆ្នាំ 2017 ទៀតផង ដោយសមត្ថភាពកាមេរ៉ាមុខរបស់ Pixel 2 ទទួលបាន 77 ពិន្ទុ។ ក្នុងនោះដែរ realme X2 Pro ទទួលបាន 74 ពិន្ទុពីការថតជាលក្ខណៈរូបភាព និងទទួលបាន 74 ពិន្ទុដូចគ្នា ពីការថតវីដេអូ។ ជាក់ស្ដែងគេបញ្ជាក់ថា ទៅលើការថតរូប វាផ្ដល់កម្រិត Exposure និងកម្រិត Dynamic Range មិនបានត្រឹមត្រូវល្អនោះទេ ចំណែកឯ ការថតវីដេអូវិញ វាក៏ធ្វើមិនសូវបានល្អដូចគ្នាផងដែរ ដោយមានលក្ខណៈញ័រខ្លាំងនៅពេលដើរថត។

យ៉ាងណាក៏ដោយ សម្រាប់សមត្ថភាពកាមេរ៉ាមុខ របស់ទូរសព្ទហ្គេមមួយនេះ វាមិនអន់ពេកនោះទេ ចំពោះពិន្ទុបែបនេះ ដោយរូបភាពដែលថតចេញមក អាចទទួលយកបាន គ្រាន់តែវាមិនប្រសើរដូចស្មាតហ្វូនកំពូលផ្សេងទៀតប៉ុណ្ណោះ។ ដូច្នេះហើយ ទើបក្រុមអ្នកជំនាញ DxOMark បានធ្វើការផ្ដល់ពិន្ទុកាមេរ៉ារបស់ realme X2 Pro សរុបចំនួន 74 ពិន្ទុ ដែលលើស 1 ពិន្ទុដែរ បើប្រៀបធៀបគ្នានឹង Galaxy S8។

ដោយ​ ៖ DxOMark
អត្ថបទទាក់ទង