ទីបំផុតរឿង Justice League ដើមរបស់លោក Zack Snyder នឹងត្រូវចាក់បញ្ចាំងលើ HBO Max ក្នុងឆ្នាំ 2021 ខាងមុខនេះហើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពីខ្សែភាពយន្ដខ្នាតធំរបស់ DC Comics និង Warner Brothers ដែលត្រូវជា Justice League បានចាក់បញ្ចាំងកាលពីឆ្នាំ 2017 កន្លងទៅនេះ គឺបានធ្វើឲ្យអ្នកគាំទ្រជាច្រើននាក់ មិនសូវជាសប្បាយនឹងអ្វីដែលពួកគេទទួលបាននោះទេ ដោយឈុតឆាកភាគច្រើន ត្រូវបានកាត់ច្រើនតែម្ដង។ ហេតុដូច្នេះហើយ ក៏ចាប់ផ្ដើមមានការស្នើរសុំឲ្យផលិតកម្ម Warner Brothers បញ្ចេញសាច់រឿងពិតរបស់លោក Zack Snyder ជាមួយពាក្យមួយឃ្លាថា “ReleaseTheSnyderCut” លើគ្រប់បណ្ដាញសង្គមទាំងអស់ ថែមទាំងមានការផ្សព្វផ្សាយ លើផ្ទាំងពាណិជ្ជកម្មតាមទីសាធារណៈ ផងដែរ។ ជាទីបំផុត រហូតមកដល់ពេលយប់មិញនេះ ក៏មានការប្រកាសជាផ្លូវការហើយថា សាច់រឿង Justice League ពិតរបស់លោក Zack Snyder នឹងត្រូវបញ្ចេញនៅលើសេវាកម្ម HBO Max ក្នុងឆ្នាំ 2021 ខាងមុខនេះ។

ជាការពិតណាស់ ដោយសារតែលោក Zack Snyder (ជាអ្នកដឹកនាំរឿងដើម) បានប្រទះជួបបញ្ហាផ្ទាល់ខ្លួន ដូច្នេះផលិតកម្មក៏សម្រេចចិត្តហៅលោក Joss Whedon (ជាអ្នកធ្លាប់ដឹងនាំរឿង Avengers ទាំងពីរវគ្គដំបូង) ឲ្យមកដឹកនាំជំនួសវិញ ព្រមទាំងបានកែប្រែសាច់រឿង ថែមទៀតផង។ ទោះបីជាយ៉ាងណាក្ដី នាពេលខាងមុខនេះ អ្នកគាំទ្រលោក Zack Snyder ទាំងឡាយ នឹងបានឃើញពីគំនិតពិតរបស់គាត់ ដែលចង់ដាក់ចូលទៅក្នុងរឿង Justice League នោះហើយ ដោយរួមបញ្ចូលទាំងវត្តមានរបស់ តួអង្គមេបិសាចធំ Uxas របស់ DC Comics ដែលនឹងក្លាយទៅជា Darkseid នៅពេលធំឡើង។

បើយោងទៅតាមរបាយការណ៍ថ្មីមួយ បានលើកឡើងមកថា ការចំណាយទៅលើរឿង Justice League របស់លោក Zack Snyder នឹងត្រូវអស់ទឹកប្រាក់ចំនួនខ្ទង់ 20 ទៅ 30 លានដុល្លារឯណោះ ដើម្បីកែសម្រួលខ្សែភាពយន្តឡើងវិញ, បញ្ចូលបទភ្លេងថ្មី និងធ្វើការកាត់ត CGI លើតួអង្គនីមួយៗ ឬ ទីតាំងផ្សេងៗផងដែរ។ ចំណែកឯរយៈពេលលេង នៃខ្សែភាពយន្ដមួយនេះ អាចនឹងរហូតដល់ទៅជាង 4 ម៉ោងពេញ ឬក៏អាចចែកចេញជា 6 វគ្គតែម្ដង នៅពេលចាក់បញ្ចាំងលើសេវាកម្ម HBO Max ក្នុងឆ្នាំក្រោយនេះ។

អញ្ចឹង នេះគឺជាសេចក្ដីប្រកាសដ៏ពិសេសមួយ សម្រាប់អ្នកដែលតែងតែគាំទ្រលោក Zack Snyder និងបានរង់ចាំតាមដានចង់ទស្សនា សាច់រឿងពិតរបស់គាត់ អស់រយៈពេលជិត 3 ឆ្នាំមកម្ល៉េះ។ ចុះប្រិយមិត្តទាំងអស់គ្នាវិញនោះ តើចង់ឲ្យក្រុមការងារ ខេមបូរីផត ធ្វើការចុះផ្សាយព័ត៌មាននានា ទាក់ទងទៅនឹងខ្សែភាពយន្ដ ឲ្យបានច្រើនទៀតដែរឬក៏អត់ទេ? សូមបញ្ចេញមតិរបស់លោកអ្នក តាមរយៈប្រអប់ Comments ឲ្យខាងយើងបានដឹងផង។

ដោយ​ ៖ HBO Max
អត្ថបទទាក់ទង