រូបភាពរបស់យើងក៏អាចមានឱកាសបង្ហោះជាមួយយានអាវកាស SpaceX និង NASA ដោយគ្រាន់តែចូលរួមកម្មវិធីនេះ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ដើម្បីជាការអបអរសាទរ ទៅដល់កម្មវិធីបញ្ចប់ការសិក្សា នៅឯសហរដ្ឋអាមេរិកប្រចាំឆ្នាំ 2020 នេះ ដូច្នេះហើយអង្គការ NASA និង SpaceX បានចាប់ដៃគូសហការគ្នា ដោយធ្វើការនាំយករូបភាពពួកគេ ទៅបង្ហោះជាមួយយានអាវកាស Dragon នៅក្នុងពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាមិញ ប្រិយមិត្តអ្នកអានទាំងអស់គ្នា ក៏អាចផ្ញើរូបភាពរបស់លោកអ្នក ទៅកាន់វេបសាយចុះឈ្មោះនោះបានដូចគ្នា ហើយនិងមានឱកាសបានជាប់ផងដែរ។

ចំពោះកម្មវិធីបង្ហោះរូបភាពជាមួយយានអាវកាសនេះ កំពុងតែចាប់ផ្ដើមរហូតដល់ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020 ខាងមុខនេះ ទើបបញ្ចប់ការទទួលយករូបភាព ហើយវានឹងត្រូវបានបង្ហោះពី ទីតាំងមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការ NASA នៅឯរដ្ឋ Florida នៃសហរដ្ឋអាមេរិក ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ក្នុងលំហ នៅថ្ងៃទី 27 ខែឧសភា ឆ្នាំ 2020 តែម្ដង។ សម្រាប់រូបភាពដែលត្រូវបានបង្ហោះចូលទាំងអស់នោះ គឺត្រូវបានផ្ដុំបញ្ចូលគ្នា ឲ្យក្លាយទៅជារូបផែនដីមួយ ហើយធ្វើការព្រីនចេញជាផ្ទាំងរូបភាពពិត និងត្រូវបានអវកាសយានិក ធ្វើការនាំយកទៅលំហជាមួយពួកគេ។ ប្រិយមិត្តទាំងអស់គ្នា អាចចុចតាមរយៈតំណរភ្ជាប់ខាងក្រោម ដើម្បីនាំយកទៅកាន់វេបសាយមួយនោះ បន្ទាប់មកចុចលើប៊ូតុងថា “ADD YOUR PHOTO” នោះវានឹងលោតចេញផ្ទាំងមួយ សម្រាប់ឲ្យយើងបំពេញអាស័យដ្ឋានអ៊ីម៉ែល ក៏ដូចជាឈ្មោះសាលា ហើយចុចលើពាក្យ "TAKE OR BROWSE FOR A PHOTO" ដើម្បីបង្ហោះរូបភាពរបស់លោកអ្នក និងធ្វើតាមការណែនាំជាការស្រេច។

***ដើម្បីទៅកាន់វេបសាយបង្ហោះរូបភាពទៅឲ្យ SpaceX និង NASA សូមចុចទីនេះ

សរុបមកវិញ កម្មវិធីចូលរួមការបង្ហោះរូបភាព ដើម្បីមានឱកាសរួមដំណើរការ ជាមួយយានអាវកាសរបស់ SpaceX និង NASA នេះ គឺកំពុងតែចាប់ផ្ដើមរហូតដល់ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020 នៅសប្ដាហ៍ក្រោយ ដោយគ្រាន់តែចុចតាមតំណរភ្ជាប់ខាងលើនេះ។ ខណៈពេលដែល ចុចចូលទៅកាន់វេបសាយខាងលើ អ្នកទាំងអស់គ្នាក៏អាចឃើញរូបផែនដីមួយនោះតែម្ដង ដោយនៅពេលធ្វើការពង្រីកចូលក្នុង នោះអ្នកនឹងឃើញរូបនីមួយៗផ្ដុំចូលគ្នា បានយ៉ាងច្បាស់ហើយ។

ដោយ​ ៖ SpaceX | NASA
អត្ថបទទាក់ទង