ហ្គេមចោរលួចឡាន GTA V កំពុងដាក់ឲ្យទាញយកដោយឥតគិតថ្លៃនៅលើ Epic Games Store​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

បន្ទាប់ពីបានដាក់ឲ្យអ្នកប្រើប្រាស់ ធ្វើការទាញយកហ្គេមល្បីៗ ដោយឥតគិតថ្លៃជាប្រចាំមក ក៏ក្រុមហ៊ុន Epic Games បានទម្លាក់ហ្គេមកំពូល GTA V ទៅលើកម្មវិធី Store របស់ខ្លួន ដោយឥតគិតថ្លៃ ថែមទៀតផង។ ប្រិយមិត្តទាំងអស់គ្នា នឹងមានឱកាសទទួលបាន ហ្គេមចោរលួចឡានវគ្គចុងក្រោយ ជាមួយទឹកប្រាក់ក្នុងហ្គេមអនឡាញចំនួន 1,000,000 ដុល្លារ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 21 ខែឧសភា ឆ្នាំ 2020 ខាងមុខនេះ។

ហេតុដោយសារតែ ហ្គេមមួយនេះមានប្រជាប្រិយភាពខ្លាំង ទូទាំងពិភពលោក ក៏បានធ្វើឲ្យមានមនុស្សជាច្រើន ចង់បានវាមកលេងដោយឥតគិតថ្លៃ ដោយរហូតដល់ទៅប្រព័ន្ធ Servers របស់កម្មវិធី Epic Games Store ជួបប្រទះបញ្ហាជាង 8 ម៉ោងឯណោះ។ យ៉ាងណាក៏ដោយ បើយោងតាមពេលកំពុងសរសេរអត្ថបទ គឺវាត្រូវបានត្រឡប់មកដំណើរការជាធម្មតាវិញហើយ និងអនុញ្ញាតឲ្យចូលទៅទាញយកហ្គេម GTA V មកដំឡើងបានដោយសេរី សាជាថ្មីម្ដងទៀត។ ចំណែកឯក្រុមការងាររបស់ Epic Games Store ក៏បានដឹងអំពីបញ្ហាមួយនេះ ហើយចាប់ផ្ដើមធ្វើការដោះស្រាយភ្លាមៗតែម្ដង ជាមួយនឹងការបង្ហោះប្រាប់ នៅលើគណនី Twitter ផ្លូវការរបស់ពួកគេ។

ជាការពិតណាស់ នេះគឺជាហ្គេមចោរលួចឡាន GTA V ប្រភេទ Premium Edition ដែលរួមមានបញ្ចូលទាំង សាច់រឿងពេញលេញ, ការលេងតាមរយៈអនឡាញ (Grand Theft Auto Online) ព្រមទាំងទឹកប្រាក់ក្នុងហ្គេមចំនួន 1 លានដុល្លារនោះ ជាដើម។ ការទាញយកហ្គេម GTA V នៅលើ Epic Games Store គឺត្រូវតម្រូវឲ្យប្រិយមិត្តទាំងអស់គ្នា ធ្វើការទាញយកកម្មវិធីមួយនេះ មកដំឡើងលើកុំព្យូទ័ររបស់លោកអ្នកសិន ហើយបន្ទាប់មកចូលទៅ បង្កើតគណនីផ្ទាល់ខ្លួន រួចអាចស្វែងរកឈ្មោះវា ដើម្បីទាញយកមកលេងបាន ជាការស្រេច។

***ដើម្បីចូលទៅកាន់កន្លែងទាញយកហ្គេម GTA V នៅលើ Epic Games Store សូមចុចទីនេះ 

ចាប់តាំងពីចុងឆ្នាំ 2018 មកម្ល៉េះ ដែលកម្មវិធី Epic Games Store បានចែកចាយហ្គេមឲ្យលេង ដោយឥតគិតថ្លៃ ដោយក្រុមហ៊ុនមួយនេះ បានប្រកាសប្រាប់ឲ្យដឹងហើយថា ពួកគេនឹងបន្ដផ្ដល់ជូនបន្ថែមទៀត នៅក្នុងឆ្នាំ 2020 នេះផងដែរ។ អញ្ចឹងហើយ កម្មវិធី Epic Games Store កំពុងតែផ្តល់ជូននូវហ្គេម GTA V ដល់អ្នកលេងនៅលើកុំព្យូទ័រ Windows ដោយឥតគិតថ្លៃ ចាប់ផ្ដើមពីពេលឥឡូវនេះ រហូតដល់ថ្ងៃទី 21 ខែឧសភា ឆ្នាំ 2020 ឯណោះ ដូច្នេះកុំភ្លេចចូលទៅយកទាំងអស់គ្នា។

ដោយ​ ៖ Epic Games
អត្ថបទទាក់ទង