POCO F2 Pro ចេញផ្លូវការ មានអេក្រង់លាតពេញ ប្រើឈីប Snapdragon 865 និងមានកាមេរ៉ាក្រោយ 4 គ្រាប់ អាចថតវីដេអូបាន 8K ជាមួយតម្លៃចាប់ពីខ្ទង់ ២ លាន ១៨ ម៉ឺនរៀល ឡើងទៅ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

ដូចដែលបានសន្យា កាលពីពេលអម្បាញ់នេះ តាមរយៈព្រឹត្តិការណ៍ពិសេសមួយ ក្រុមហ៊ុន POCO បានធ្វើការប្រកាសចេញនូវទូរសព្ទឆ្លាតជំនាន់ថ្មី POCO F2 Pro របស់ខ្លួនជាផ្លូវការហើយ។ ទូរសព្ទឆ្លាត POCO F2 Pro បង្ហាញខ្លួនមកជាមួយកម្លាំងម៉ាស៊ីនលំដាប់កំពូល, បច្ចេកវិទ្យា 5G, អេក្រង់លាតពេញ និងមានកាមេរ៉ាមុខជាប្រភេទហូតឡើងចុះ ក៏ដូចជាលក្ខណៈសម្បត្តិពិសេសៗជាច្រើនទៀត។

POCO F2 Pro បំពាក់មកជាមួយអេក្រង់លាតពេញទំហំ 6.67 អ៊ីញ ជាប្រភេទ AMOLED មានផ្ទៃបង្ហាញរហូតដល់ទៅ 92.7% អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ (2400 x1080 ភិចស៊ែល) ជាមួយកម្រិតពន្លឺ 800 nits ហើយអាចឡើងខ្ពស់បំផុតដល់ទៅ 1200 nits ក៏ដូចជាអាចគាំទ្របច្ចេកវិទ្យា HDR10+ ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីន POCO F2 Pro ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 865 អមមកជាមួយម៉ូឌឹម 5G (គាំទ្រ Dual-Mode 5G) គួបផ្សំជាមួយជម្រើស RAM ជំនាន់ថ្មី LPDDR5 ទំហំ 6/8GB និងជម្រើសអង្គផ្ទុកទិន្នន័យជំនាន់ចុងក្រោយគេ UFS 3.1 ទំហំ 128/256GB។ 

ចំណែកឯផ្នែកកាមេរ៉ា POCO F2 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ទំហំ 20MP អាចគាំទ្រមុខងារ Slow-motion Selfies និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនគោល (Sony IMX686) ទំហំ 64MP, មួយគ្រាប់ជាលេនទូលាយ (Ultra Wide 123 ដឺក្រេ) ទំហំ 13MP, មួយគ្រាប់ទៀតជាលេន Macro ទំហំ 5MP និងមួយគ្រាប់ចុងក្រោយគេជាលេន Portrait ទំហំ 2MP។ កាមេរ៉ាក្រោយរបស់ POCO F2 Pro មានសមត្ថភាពអាចធ្វើការថតវីដេអូ បានក្នុងកម្រិតខ្ពស់ដល់ទៅ 8K (7680 x 4230 ភិចស៊ែល) ឯណោះ។ POCO F2 Pro ភ្ជាប់មកជាមួយថ្មទំហំ 4,700mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 30W អាចសាកថ្មពី 0 ទៅដល់ 100% ចំណាយពេលត្រឹមតែ 63 នាទី ប៉ុណ្ណោះ។ 

លើសពីនេះទៅទៀត POCO F2 Pro ក៏បានភ្ជាប់មកជាមួយមុខងារ និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួន បន្ថែមទៀតផងដែរ ក្នុងនោះមានដូចជា បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ មានសេនស័រស្ថិតនៅក្រោមអេក្រង់, បច្ចេកវិទ្យា Wi-Fi 6, Super Bluetooth, NFC, IR Blaster, រន្ធដោតកាស 3.5mm, បន្ទះដែកកាត់បន្ថយកំដៅ CPU ទំហំធំ ក៏ដូចជាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយ POCO Launcher 2.0 ជាដើម។ 

POCO F2 Pro កើតមកជាមួយជម្រើសពណ៌សរុបចំនួន 4 ក្នុងនោះរួមមានដូចជា ពណ៌ខៀវ, ស, ស្វាយ និងពណ៌ប្រផេះ។ POCO F2 Pro ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ១៨ ម៉ឺនរៀល (545 ដុល្លារ) សម្រាប់ជម្រើស RAM 6GB + អង្គផ្ទុកទិន្នន័យទំហំ 128GB និងតម្លៃខ្ទង់ប្រហែលជា ២ លាន ៦០ ម៉ឺនរៀល (650 ដុល្លារ) សម្រាប់ជម្រើស RAM 8GB + អង្គផ្ទុកទិន្នន័យទំហំ 256GB។ 

ដោយ​ ៖ POCO
អត្ថបទទាក់ទង