ទាំងនេះអាចជាឈ្មោះ និងលក្ខណៈសម្បត្តិរបស់ iPhone 12 Series​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ផ្អែកទៅតាមដំណឹង ដែលយើងទទួលបាន កាលពីពេលថ្មីនេះ បាននិយាយថា នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញ iPhone ជំនាន់ថ្មី រហូតដល់ទៅ 4 ម៉ូឌែល ឯណោះ។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈកំពូលអ្នកចែកចាយព័ត៌មាន បែកធ្លាយដ៏ល្បីឈ្មោះ Jon Prosser បានធ្វើឲ្យយើងដឹងថា iPhone ជំនាន់ថ្មី ពិតជាត្រូវបែងចែកចេញជា 4 ម៉ូឌែលមែន ដោយក្នុងនោះរួមមានដូចជា iPhone 12, iPhone 12 Max, iPhone 12 Pro និង iPhone 12 Pro Max។  

តាមរយៈប្រភពខាងលើនេះដែរ ក៏បានបញ្ជាក់ឲ្យយើងដឹងថា iPhone 12 និង iPhone 12 Max នឹងបំពាក់មកជាមួយអេក្រង់ទំហំ 5.4 អ៊ីញ និង 6.1 អ៊ីញ ជាប្រភេទ OLED ផលិតដោយក្រុមហ៊ុន BOE។ ចំណែកឯ iPhone 12 Pro និង iPhone 12 Pro Max នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.1 អ៊ីញ និង 6.7 អ៊ីញ ជាប្រភេទ OLED 10-Bit Color Depth ផលិតដោយក្រុមហ៊ុន Samsung។ ជាងនេះទៅទៀត បន្ទះបង្ហាញរបស់ iPhone 12 Pro Max ក៏ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ Refresh Rate 120Hz ផងដែរ។ ចំពោះកម្លាំងម៉ាស៊ីន iPhone 12 និង iPhone 12 Max ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A14 ទំហំ 5nm អមមកជាមួយម៉ូឌឹម 5G គួបផ្សំជាមួយជម្រើស RAM ទំហំ 4GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB។ រីឯ iPhone 12 Pro និង 12 Pro Max ប្រើប្រាស់បន្ទះឈីបលំដាប់កំពូល A14 ទំហំ 5nm អមមកជាមួយម៉ូឌឹម 5G (អាចគាំទ្រ Dual-Mode 5G) គួបផ្សំជាមួយជម្រើស RAM ទំហំ 6GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256/512GB។ 

ចំណែកឯផ្នែកកាមេរ៉ាវិញ iPhone 12 និង iPhone 12 Max នឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 2 គ្រាប់។ ខណៈដែល iPhone 12 Pro និង iPhone 12 Pro Max នឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់ គួបផ្សំជាមួយសេនស័រ LiDAR Scanner 1 គ្រាប់។ មិនទាន់អស់នោះទេ តាយរយៈប្រភពខាងលើដដែលនេះ បានធ្វើបញ្ជាក់ឲ្យយើងដឹងបន្ថែមទៀតថា iPhone 12 នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៥៩ ម៉ឺន 6 ពាន់រៀល (649 ដុល្លារ) ឡើងទៅ។ ចំណែកឯ iPhone 12 Max នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ២ លាន ៩៩ ម៉ឺន 6 ពាន់រៀល (749 ដុល្លារ) ឡើងទៅ។ រីឯ iPhone 12 Pro នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ៣ លាន ៩៩ ម៉ឺន 6 ពាន់រៀល (999 ដុល្លារ) ឡើងទៅ។ ខណៈដែល iPhone 12 Pro Max នឹងត្រូវដាក់លក់ក្នុងតម្លៃខ្ទង់ប្រហែលជា ៤ លាន ៣៩ ម៉ឺន 6 ពាន់រៀល (1,099 ដុល្លារ) ឡើងទៅ។

ដោយ​ ៖ Jon Prosser
អត្ថបទទាក់ទង