សុនខយន្ដត្រូវបានដាក់ឲ្យដើររំលឹកប្រជាជន ឲ្យរក្សាគម្លាតពីគ្នានៅប្រទេសសិង្ហបុរី​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ក្រោយពីវត្តមាននៃវីរុសកូវីដ 19 ត្រូវបានថយចុះបន្ដិចវិញ ដូច្នេះហើយប្រជាជនសិង្ហបុរី ក៏អនុញ្ញាតឲ្យដើរចេញទៅក្រៅ ឬ ដើរហាត់ប្រាណនៅជិតៗផ្ទះវិញបាន ដើម្បីបំបាត់ភាពអផ្សុក និងទទួលយកលំហាត់ប្រាណ សម្រាប់សុខភាពជាដើម។ ស្របនឹងពេលនោះផងដែរ ក្រុមហ៊ុនបង្កើតមនុស្សយន្ដ Boston Dynamics បានធ្វើការបញ្ចូនសុនខយន្ដពិសេសរបស់ខ្លួនមួយ ទុកឲ្យវាដើររំលឹកមនុស្សនៅទីនោះ រក្សាគម្លាតឲ្យឆ្ងាយពីគ្នា ជាការទប់ស្កាត់ការឆ្លង នៃវីរុសដ៏កាចសាហាវនេះ។

ការដំឡើងសុនខយន្ដរបស់ Boston Dynamics ត្រូវបានធ្វើឡើងនៅឯសួន Bishan-Ang Mo Kio Park នៃប្រទេសសិង្ហបុរី ជាមួយនឹងសារដ៏សំខាន់មួយ សម្រាប់ប្រាប់ទៅកាន់អ្នកនៅទីនោះ ឲ្យចេះនៅឆ្ងាយពីគ្នា និងទទួលបាន ការចាប់អារម្មណ៍ច្រើនមែនទែន។ នេះជាការសហការគ្នាជាមួយ ក្រុមប្រឹក្សាឧទ្យានជាតិ (NParks), ក្រុមហ៊ុន Smart Nation និងរដ្ឋាភិបាលឌីជីថល របស់ប្រទេសសិង្ហបុរី ដោយកំណត់ឲ្យសុនខយន្ដរបស់ Boston Dynamics បើកដំណើរការសរុបរយៈពេល 2 សប្ដាហ៍។ ចំណែកឯសុនខយន្ដនេះ វាមានបំពាក់នូវសេនស័រ ដើម្បីជួយកុំឲ្យដើរបុកមនុស្ស ឬ ឧបសគ្គនៅពីខាងមុខវា ដោយឡែក កាមេរ៉ាទាំងអស់ត្រូវបានបិទចោល និងធានថាមិនលួចប្រមូលទិន្នន័យផ្ទៃមុខ របស់ប្រជាជននោះទេ។ ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចទស្សនាវីដេអូខាងក្រោមនេះបាន ដែលដាក់បង្ហាញពីសុនខយន្ដមួយនោះ ដើរនៅក្នុងសួនមួយ នៃប្រទេសសិង្ហបុរីតែម្ដង។

គួរបញ្ជាក់ផងថា កាលពីពេលមុនៗមក ប្រទេសសិង្ហបុរី ក៏ធ្លាប់បានប្រើប្រាស់ សុនខយន្ដប្រភេទនេះ ដើម្បីឲ្យដឹកជញ្ជូនថ្នាំ និងរបស់ចាំបាច់ផ្សេងៗទៀត ដល់អ្នកជំងឺនៅឯកន្លែងដាច់ស្រយាលផងដែរ ដោយវាមានសមត្ថភាព អាចជួយជំនួសកម្លាំងមនុស្សបាន។ តើអ្នកទាំងអស់គ្នាយល់ឃើញថា មនុស្សយន្ដនឹងអាចផ្ដល់អត្ថប្រយោជន៍ ទៅដល់មនុស្សយើងបានច្រើន ឬក៏មកយកការងាររបស់យើងទេ?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង