នេះជារូបភាពថ្មីនៃភពព្រហស្បតិ៍ ត្រូវបានថតដោយកាមេរ៉ាពិសេសរបស់ NASA​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ចាប់តាំងពីដើមមកហើយ ដែលអង្គការ NASA តែងតែធ្វើការស្រាវជ្រាវរកឃើញនូវ អ្វីថ្មីប្លែកអំពីប្រព័ន្ធព្រះអាទិត្យរបស់យើង ដោយរួមមានបញ្ចូលទាំង ការដាក់បង្ហាញពីរូបភាពរបស់ភពនីមួយៗ និងសារធាតុនៅលើភពទាំងអស់នោះ មិនធ្លាប់ឃើញមាននៅលើផែនដីផងដែរ។ មកដល់ពេលថ្មីៗនេះ NASA បានប្រើប្រាស់កាមេរ៉ាពិសេសរបស់ខ្លួន ដែលមានឈ្មោះហៅថា JunoCam ដើម្បីថតផ្ទៃខាងលើរបស់ភពព្រហស្បតិ៍ ជាមួយនឹងរូបភាពគួរឲ្យចាប់អារម្មណ៍មែនទែន។

ក្រោយពីត្រូវបានថតដោយកាមេរ៉ា JunoCam រួចហើយ នោះវាមិនទាន់ចេញលទ្ធផលភ្លាមៗ ដូចជារូបភាពដាក់បង្ហាញនេះទេ គឺពួកវាត្រូវបានកែសម្រួលដោយ អ្នកវិទ្យាសាស្រ្ដម្នាក់ឈ្មោះថា Kevin M. Gill ដើម្បីធ្វើការបន្ថែមពណ៌និងពន្លឺ ប៉ុន្ដែមិនឲ្យខុសប្លែកពីរូបថតដើមឡើយ។ អង្គការ NASA បានបញ្ជាក់ប្រាប់ថា រូបភាពទាំងអស់នោះ ត្រូវបានថតនៅថ្ងៃទី 10 ខែមេសា ឆ្នាំ 2020 កន្លងទៅនេះ ដោយយានបំពាក់កាមេរ៉ា JunoCam នោះ ត្រូវបានហោះកាត់ភពព្រហស្បតិ៍ ពីកំពស់ប្រមាណត្រឹមតែ 8,650 គីឡូម៉ែត្រ ជាមួយនឹងល្បឿនហោះហើរចំនួន 204,000 គីឡូម៉ែត្រក្នុងមួយម៉ោង។ បើយើងធ្វើការត្រួតពិនិត្យមើលលើរូបទាំងនោះ គឺហាក់បីដូចជា ផ្ទាំងគំរូដ៏អស្ចារ្យមួយ ដែលត្រូវបានបង្កើតឡើងដោយ អ្នកសិល្បៈជំនាញម្នាក់អញ្ចឹង ប៉ុន្ដែពួកវាជាការខិតខំរបស់ ក្រុមអ្នកវិទ្យាសាស្រ្ដជាច្រើននាក់ ដើម្បីបង្ហោះយានទៅថតផ្ទាល់ ហើយផ្ញើទិន្នន័យរូបភាពមកឲ្យវិញ ដើម្បីកែសម្រួលបន្ថែម។

***ដើម្បីទាញយករូបភាពថ្មី នៃភពព្រហស្បតិ៍ជាមួយទំហំ 21MB សូមចុចទីនេះ ឬ ទាញយករូបភាពដទៃទៀត ដោយចុចទីនេះ

ប្រិយមិត្តអ្នកទាំងអស់គ្នា អាចទាញយករូបភាពមួយនោះ ដើម្បីយកមកដាក់ជារូប Wallpaper នៅលើកុំព្យូទ័រ ឬ ឧបករណ៍ឆ្លាតវៃដទៃទៀត របស់លោកអ្នកបាន ដោយវាមានភាពស្រស់ស្អាតខ្លាំង សម្រាប់អ្នកតែងតែចូលចិត្ត តាមដានព័ត៌មានអំពីលំហ។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង