Samsung កំពុង​តែ​ប្រឈម​មុខជាមួយ​ការ​ពន្យា​ពេល​នៃ​ការ​ផលិត​ឈីប​ថ្មី​ទំហំ 3nm ដោយសារ​តែ COVID-19​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

ដូចយើងបានដឹងអញ្ចឹងថា Samsung ក៏ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនផ្សេងៗជាច្រើនទៀត ដែលរងផលប៉ះពាល់ពីសំណាក់មេរោគ COVID-19 ដែលធ្វើក្រុមហ៊ុននេះ បានធ្វើការបិទហាងលក់ផលិតផលរបស់ខ្លួនជាច្រើនកន្លែង ក៏ដូចជាធ្វើការបិទរោងចក្រមួយចំនួន ជាបណ្តោះអាសន្នថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ វាអាចនឹងមិនត្រឹមតែប៉ះពាល់ លើផ្នែកដូចខាងលើនេះនោះទេ ជាក់ស្ដែងការរាតត្បាតនៃវីរុសនេះ ក៏ទំនងជាប៉ះពាល់ដល់ការផលិតឈីប ជំនាន់ថ្មីរបស់ Samsung ផងដែរ និយាយឲ្យចំទៅ ក្រុមហ៊ុននេះអាចនឹងធ្វើការពន្យាពេល នៃការផលិតឈីបទំហំ 3nm របស់ខ្លួនថែមទៀតផង។

មិនខុសទេ បើតាមរបាយការណ៍ថ្មី ដែលយើងទទួលបាននៅក្នុងពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា Samsung បានធ្វើការពន្យាពេល ក្នុងការផលិតឈីបជំនាន់ថ្មីទំហំ 3nm របស់ខ្លួន ទៅក្នុងឆ្នាំ 2022 វិញ ខណៈដែលគម្រោងកាលពីលើកមុន គេបានបញ្ជាក់ថា ក្រុមហ៊ុននេះនឹងចាប់ផ្តើមធ្វើការផលិត នៅក្នុងឆ្នាំ 2021 ពោលគឺឆ្នាំក្រោយនេះតែម្ដង។ យ៉ាងណាក៏ដោយ សម្រាប់មូលហេតុដែលក្រុមហ៊ុនកូរ៉េខាងត្បូង ធ្វើបែបនេះ ក្នុងរបាយការណ៍នោះ បានបញ្ជាក់ថា គឺដោយសារតែពួកគេមិនអាចធ្វើការតម្លើងឧបករណ៍សំខាន់ៗ ដើម្បីធ្វើការផលិត បានទាន់ពេលវេលា តាមកាលវិភាគរបស់ខ្លួន ដែលបានកំណត់នោះឡើយ ព្រោះថានៅក្នុងពេលបច្ចុប្បន្ននេះ វីរុសកូរ៉ូណាកំពុងតែរាំងស្ទះ ដល់ផែនការទាំងនោះ ក៏ដូចជារាំងស្ទះដល់ការតម្លើងផ្សេងៗ សម្រាប់ការផលិតឈីបជំនាន់ថ្មីទំហំ 3nm នេះផងដែរ។ គួរបញ្ជាក់ដែរថា មិនមែនមានតែ Samsung មួយនោះទេ ដែលមានគម្រោងក្នុងការផលិតឈីបជំនាន់ថ្មី ទំហំ 3nm នៅក្នុងឆ្នាំក្រោយ ជាក់ស្ដែង TSMC ក៏ជាក្រុមហ៊ុនមួយ ដែលមានគោលដៅធំដូចគ្នានេះដែរ ហើយអ្វីដែលដូចគ្នាទៀត គឺក្រុមហ៊ុនតៃវ៉ាន់ក៏ត្រូវបាន គេរាយការណ៍ថា នឹងធ្វើការពន្យាពេលការផលិតនេះ ដោយសារតែបញ្ហាមេរោគ Covid-19 ដែរ។ 

អញ្ចឹងហើយ បើតាមការរៀបរាប់ខាងលើ យើងអាចនិយាយបានថា វត្តមានរបស់ឈីបដែលមានទំហំ 3nm នឹងមិនទាន់អាចបង្ហាញខ្លួននៅឆ្នាំក្រោយ បាននោះឡើយ ព្រោះថាការចាប់ផ្តើមផលិតរបស់វា នឹងត្រូវលើកទៅក្នុងឆ្នាំ 2022 វិញផងដែរ។ ជាក់ស្ដែងណាស់ ដោយសារតែវីរុស Covid-19 យើងឃើញថា វាហាក់ដូចជាប៉ះពាល់ខ្លាំងមែនទែន លើគ្រប់វិស័យតែម្ដង ជាពិសេសនោះ ក្រុមហ៊ុនធំៗជាច្រើន ក៏បានធ្វើការពន្យាពេលគម្រោងសំខាន់ៗរបស់ខ្លួន ដូច Samsung និង TSMC នៅក្នុងពេលនេះអញ្ចឹង ខណៈពេលដែល ឈីបជំនាន់ថ្មីដែលមានទំហំ 3nm នេះ គឺជាអ្វីដែលយើងធ្លាប់បានទន្ទឹងរង់ចាំ ក៏ដូចជាចង់ឃើញវត្តមានរបស់វា នៅលើទូរសព្ទឆ្លាតជាយូរមកហើយ។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង