ទាំងនេះជាស្មាតហ្វូនកំពូល Android ទាំង 10 បានឈរលើកំពូលតារាង AnTuTu ក្នុងខែមីនាសម្រាប់ទីផ្សារសកល​
ដោយ​ ៖ គង់គីត | 1 ខែមុន SHARE

 

យើងបានដឹងហើយថា កាលពីខែកុម្ភៈកន្លងទៅនេះ កម្មវិធីធ្វើតេស្តពិន្ទុរបស់ទូរសព្ទឆ្លាត គឺ AnTuTu Benchmark បានធ្វើការបង្ហាញថាទូរសព្ទហ្គេម Asus ROG Phone 2 បានឈរលើកំពូលតារាង ជាស្មាតហ្វូនទទួលបានពិន្ទុច្រើនជាងគេសម្រាប់ទីផ្សារសកល។ ជាក់ស្ដែង ដូចពេលនេះអញ្ចឹង AnTuTu ក៏បានបង្ហាញពិន្ទុ របស់កំពូលទូរសព្ទឆ្លាត Android ទាំង 10 ដែលបានឈរលើកំពូលតារាងសម្រាប់ទីផ្សារសកល ប្រចាំខែមីនា ក្នុងឆ្នាំ 2020 នេះ។

ពិតណាស់ សម្រាប់ទូរសព្ទឆ្លាតដែលបានឈរនៅតំណែងលេខ 1 គឺបានទៅលើស្មាតហ្វូន Galaxy S20 Ultra 5G (Snapdragon 865) ដែលទទួលបានពិន្ទុខ្ពស់ជាងគេដល់ទៅ 562,262 ពិន្ទុឯណោះ។ បន្តមកចំណាត់ថ្នាក់លេខ 2 បានទៅលើទូរសព្ទឆ្លាត Galaxy S20+ ដែលទទួលបានពិន្ទុ 549,904 ហើយលេខ 3 និង 4 បានទៅលើទូរសព្ទឆ្លាតរបស់ Samsung ដូចគ្នា ដែល Galaxy S20 Ultra 5G ជាមួយពិន្ទុ 519,297 រីឯ Galaxy S20+ 5G ទទួលបានពិន្ទុ 516,138 ដោយស្មាតហ្វូនទាំង 2 នេះ បានប្រើប្រាស់បន្ទះឈីប Exynos 990 ដូចគ្នាផងដែរ។ ចំណែកឯចំណាត់ថ្នាក់លេខ 5 គឺបានទៅលើ ស្មាតហ្វូនហ្គេម Asus ROG Phone 2 ទទួលបានពិន្ទុ 510,080 ចំណែកឯលេខ 6 និង 7 បានទៅលើ Galaxy S20 Series ដដែល ដោយ Galaxy S20 (Exynos 990) មានចំនួនពិន្ទុ 502,688 និង Galaxy S20+ (Exynos 990) បានតំណែងលេខ 7 ដែលទទួលបាន 502,264 ពិន្ទុ។ ដោយឡែកចំពោះ OnePlus 7T ទទួលបានលេខរៀងទី 8 មានពិន្ទុចំនួន 495,917 ខណៈដែល realme X2 Pro ស្ថិតនៅចំណាត់ថ្នាក់លេខ 9 និងចុងក្រោយចំណាត់ថ្នាក់លេខ 10 បានទៅលើ OnePlus 7 Pro ដែលសង្កេតឃើញថាវានៅតែឈរលើតារាង AnTuTu ស្ទើររាល់ខែ ទោះបីជាវាបានប្រកាសចេញជិត 1 ឆ្នាំហើយក៏ដោយ។

សរុបមក ទាំងនេះ គឺជាទូរសព្ទឆ្លាត Android កំពូលៗទាំង 10 ម៉ូឌែល ដែលទទួលបានពិន្ទុខ្ពស់បំផុតពី AnTuTu ប្រចាំខែមីនា ឆ្នាំ 2020 នេះ សម្រាប់ទីផ្សារសកលលោក។ អញ្ចឹង សម្រាប់ប្រិយមិត្តអ្នកអានវិញ យល់យ៉ាងណាដែរ ទៅលើតារាងពិន្ទុខាងលើនេះ បើមានមតិយោបល់ អាចសរសេរក្នុងប្រអប់ខមមិនខាងក្រោម អោយយើងដឹងបាន។

ដោយ​ ៖ AnTuTu
អត្ថបទទាក់ទង