នេះជាដៃបញ្ជា DualSense របស់ម៉ាស៊ីនហ្គេម PlayStation 5​
ដោយ​ ៖ ឈីរ៉ូ | 1 ខែមុន SHARE

 

ប្រិយមិត្តមួយចំនួន ជាពិសេសអ្នកគាំទ្រម៉ាស៊ីនហ្គេមរបស់ Sony ប្រហែលជានៅចាំបានហើយថា កាលពីជាង 2 សប្តាហ៍មុន តាមរយៈព្រឹត្តិការណ៍ពិសេសមួយ ធ្វើឡើងតាមរយៈអនឡាញ ក្រុមហ៊ុន Sony Interactive Entertainment (SIE) បានបញ្ជាក់ឲ្យអ្នកគាំទ្ររបស់ខ្លួន បានដឹងអំពីលក្ខណៈសម្បត្តិផ្លូវការ ក៏ដូចជាមុខងារពិសេសៗរបស់ម៉ាស៊ីនហ្គេមជំនាន់ថ្មី PlayStation 5។ 

ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ និងគណនីបណ្តាញសង្គមផ្លូវការរបស់ខ្លួន ក្រុមហ៊ុន SIE បានធ្វើការបញ្ជាក់ ក៏ដូចជាបង្ហោះរូបភាពមួយចំនួន ដែលធ្វើការឲ្យយើងដឹងអំពីលក្ខណៈសម្បត្តិពិសេសៗ ក៏ដូចជារចនាបថរូបរាងនៃដៃបញ្ជា DualSense របស់ម៉ាស៊ីនហ្គេម PlayStation 5។ បើសង្កេតមើលទៅលើរូបភាពទាំងនេះ យើងឃើញថាដៃបញ្ជារបស់ម៉ាស៊ីនហ្គេម PlayStation 5 ទទួលបាន ការកែប្រែច្រើនគួរឲ្យកត់សម្គាល់ នេះបើប្រៀបធៀបទៅនឹងដៃបញ្ជរបស់ម៉ាស៊ីនហ្គេម PlayStation ជំនាន់មុនៗ។ ដោយនៅផ្នែកខាងឆ្វេងរបស់ដៃបញ្ជា DualSense បានភ្ជាប់មកជាមួយប៊ូតុង D-Pad ក៏ដូចជាប៊ូតុងថ្មីមានឈ្មោះថា Create ជំនួសឲ្យប៊ូតុង Share ដែលឃើញមាននៅលើដៃបញ្ជា DualShock 4។ ចំណែកខាងស្តាំរបស់ដៃបញ្ជា បានភ្ជាប់មកជាមួយប៊ូតុងការ៉េ (Square), ត្រីកោណ (Triangle), មូល (Circle) និងប៊ូតុងខ្វែង (Cross) ក៏ដូចជាប៊ូតុង Options ផងដែរ។ ចូលមកដល់ផ្នែកកណ្តាលរបស់ដៃបញ្ជា DualSense វិញ ឃើញថាវាបានភ្ជាប់មកជាមួយ TouchPad ព័ទ្ធជុំវិញដោយភ្លើងពណ៌ LED។ ខិតចុះក្រោមហ្នឹងបន្តិច មានរន្ធបំពងសំលេង (Speaker) និងចុះក្រោមបន្តិចទៀត មានប៊ូតុងប្រើសម្រាប់បើកម៉ាស៊ីនហ្គេម PlayStation 5, ប៊ូតុងកំណត់បិទបើកមុខងារស្រូបសំលេង, រន្ធ Microphone ក៏ដូចជាអមមកជាមួយ Joystick សម្រាប់បញ្ជាលេងហ្គេមចំនួន 2 ផងដែរ។ 

ងាកទៅមើលផ្នែកខាងលើរបស់ដៃបញ្ជា DaulSence វិញម្តង ឃើញថាវាបានភ្ជាប់មកជាមួយ ប៊ូតុង L1, L2, R1, R2 និងរន្ធសាកថ្មប្រភេទ USB-C។ កាន់តែពិសេសថែមទៀតនោះ គឺថាដៃបញ្ជា DualSense របស់ម៉ាស៊ីនហ្គេម PlayStation 5 ក៏បានបំពាក់មកជាមួយ Haptic Feedback ជំនាន់ថ្មី ក៏ដូចជាបច្ចេកវិទ្យា "Adaptive Triggers” ថែមទៀតផង។ បើតាមការពន្យល់របស់ Sony បាននិយាយថាតាមរយៈបច្ចេកវិទ្យា Adaptive Triggers វានឹងអនុញ្ញាតឲ្យអ្នកអភិវឌ្ឍហ្គេមទាំងអស់ អាចធ្វើការកំណត់កម្លាំងសម្ពាធនៃការប្រើប្រាស់ប៊ូតុង R2/L2 បាន។ ឧទាហរណ៍ដូចជា នៅពេលដែលយើងលេងហ្គេមណាមួយ ហើយដល់ពេលដែលត្រូវយើងត្រូវ ទាញធ្នូ ឬទាញវត្ថុ អ្វីមួយឲ្យត្រលប់ថយក្រោយ ដោយប្រើប្រាស់ R2/L2 នៅពេលនោះអ្នកនឹងមានអារម្មណ៍ថាដូចទាញវត្ថុពិតៗអញ្ចឹងដែរ។

 

ដោយ​ ៖ Sony Interactive Entertainment
អត្ថបទទាក់ទង