CEO របស់ Twitter បានបរិច្ចាគទឹកប្រាក់ 1 ពាន់លានដុល្លារ ដើម្បីជួយទប់ស្កាត់វីរុសកូរីដ 19​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

លោក Jack Dorsey ត្រូវជានាយកប្រតិបត្តិប្រចាំ Twitter បានធ្វើការបង្ហោះនូវអត្ថបទថ្មីមួយ កាលពីព្រឹកមិញនេះថា នឹងសម្រេចចិត្តបរិច្ចាគទឹកប្រាក់ប្រហែលជា 28% នៃទ្រព្យសម្បត្តិសរុបរបស់គាត់ ដោយមានចំនួនរហូតដល់ទៅ 1 ពាន់លានដុល្លារឯណោះ ដើម្បីប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណា ទូទាំងពិភពលោក។ ចំណែកឯទឹកប្រាក់ដ៏ច្រើនទាំងអស់នោះ ត្រូវបានគិតជាតម្លៃនៃភាគហ៊ុន ពីក្រុមហ៊ុនមួយទៀតរបស់គាត់ ដែលមានឈ្មោះហៅថា Square និងដាក់ចូលទៅកាន់មូលនិធិ Start Small របស់គាត់ផ្ទាល់ថែមទៀតផង។

ជាការពិតណាស់ លោក Jack Dorsey មិនមានដល់លំដាប់ថ្នាក់របស់ លោក Mark Zuckerberg (Facebook), លោក Bill Gates (Microsoft) និងលោក Jeff Bezos (Amazon) នោះទេ ប៉ុន្ដែគាត់នៅតែមានទឹកចិត្តល្អ ក្នុងការចូលរួមជាជំនួយទឹកប្រាក់ដ៏ច្រើនដដែល។ ដោយឡែក ចំពោះមូលហេតុដែលគាត់ដកភាគហ៊ុនចេញពី Square ហើយមិនដកចេញពី Twitter នោះគឺដោយសារតែ គាត់មានភាគហ៊ុននៅលើ Square ច្រើនជាងតែម្ដង ប៉ុន្ដែប្រាក់បរិច្ចាគទាំងអស់នោះ នឹងអាចផ្ដល់ផលប្រយាជន៍ដល់ក្រុមហ៊ុន ក្នុងរយៈពេលវែងខាងមុខបាន ពីព្រោះតែវាអាចជួយបុគ្គលិក និងមនុស្សដទៃទៀត ពីវីរុសដ៏កាចសាហាវនេះ។

មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត ក៏បានចូលរួមចំណែក ក្នុងកិច្ចប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់ ដល់អ្នកទប់ស្កាត់វីរុសកូរីដ 19 នេះដែរ ដោយរួមមានទាំង Apple ដែលឃើញគេរាយការណ៍មកថា បានបរិច្ចាគជំនួយដល់ទៅទ្វេដង ទៅកាន់ប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង លើការផ្ទុះឡើងរីករាលដាលនេះ រីឯ Samsung វិញនោះ ក៏កំពុងផ្តល់ថវិកា និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត ក៏ដូចជាបរិច្ចាគទូរសព្ទឆ្លាតរបស់ខ្លួន ទៅដល់អ្នកជំងឺនានា ដែលកំពុងសម្រាកព្យាបាល ថែមទៀតផង។

សរុបមកវិញ នាយកប្រតិបត្តិប្រចាំ Twitter ដែលត្រូវជាលោក Jack Dorsey បានចូលរួមបរិច្ចាគទឹកប្រាក់ប្រមាណជា 28% របស់គាត់ ដើម្បីជាជំនួយលើការទប់ស្កាត់វីរុសកូរ៉ូណា ដោយដកចេញពីភាគហ៊ុនរបស់ក្រុមហ៊ុន Square រហូតដល់ទៅ 1 ពាន់លានដុល្លារឯណោះ។ ហេតុដោយសារតែ មិនទាន់មានថ្នាំការពារទុកមុន ដូច្នេះសម្រាប់ពេលឥឡូវនេះ គួរតែព្យាយាមពាក់ម៉ាស់ការពារ រៀងរាល់ពេលចេញទៅខាងក្រៅ និងរក្សាអនាម័យលាងដៃជាប្រចាំទាំងអស់គ្នា។

ដោយ​ ៖ CNET
អត្ថបទទាក់ទង