Samsung Electronics ចង់​ធ្វើការ​ផលិត​អេក្រង់​បត់​ដោយ​ខ្លួនឯង ព្រោះ​មិន​ចង់​ពឹង​ផ្អែក​លើ Samsung Display ទៀត​នោះ​ទេ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 ខែមុន SHARE

 

យើងធ្លាប់ដឹងហើយថា ក្រុមហ៊ុន Samsung Electronics និង Samsung Display គឺជាបងប្អូនរួមផ្ទៃនឹងគ្នា ដោយពួកគេបានធ្វើការទៅលើផ្នែកខុសគ្នា ដែលមួយគ្រប់គ្រងទៅការផលិត គ្រឿងអេឡិចត្រូនិចផ្សេងៗជាច្រើន និងមួយទៀត មាននាទីផ្គត់ផ្គង់ផ្នែកបន្ទះបង្ហាញ ក៏ដូចជាអេក្រង់មកដាក់ Samsung Electronics ក៏ដូចជាទៅកាន់ក្រុមហ៊ុនផ្សេងៗទៀតផងដែរ។ ដោយឡែក នៅក្នុងពេលនេះ យើងទទួលបានដំណឹងថា Samsung Electronics គឺចង់ធ្វើការផលិតអេក្រង់បត់ សម្រាប់ប្រើប្រាស់លើទូរសព្ទឆ្លាត ដោយខ្លួនឯងតែម្ដង ពោលគឺមិនចង់ទទួលអេក្រង់ប្រភេទនេះ ចេញពី Samsung Display នោះទេ។

ជាការពិតណាស់ បើតាមដំណឹងដែលយើងទទួលបាន នៅក្នុងពេលថ្មីៗនេះ បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន Samsung Electronics មានគម្រោងក្នុងការផលិត អេក្រង់បត់សម្រាប់ប្រើប្រាស់លើទូរសព្ទឆ្លាតអេក្រង់បត់ ដោយខ្លួនឯងថែមទៀតផង និយាយឲ្យចំទៅ គឹគេចង់ចាប់ផ្តើមក្នុងការផលិតអេក្រង់បត់ប្រភេទ UTG (Ultra Thin Glass) ដូចដែលធ្លាប់មាន នៅលើ Galaxy Z Flip ហើយបន្ទាប់ពីនោះ គេនឹងបញ្ឈប់ទទួលការផ្គត់ផ្គង់អេក្រង់បត់ ចេញពី Samsung Display ផងដែរ។ មិនខុសទេ ក្នុងមូលហេតុដែលគេមានគម្រោងបែបនេះ គឺដោយសារតែ គេចង់ធ្វើឲ្យអក្រង់បត់ មានតម្លៃថោកជាងមុន ក៏ដូចជាគេចង់បង្កើនគុណភាពផលិតផលនោះ បានកាន់តែប្រសើរដោយខ្លួនឯងតែម្ដង។ គួរបញ្ជាក់ដែរថា បើតាមប្រភពចេញពី Samsung Display បានឲ្យដឹងថា បន្ទះអេក្រង់ UTG ដែលមាននៅលើ Galaxy Z Flip នោះ វាមានតម្លៃ 40 ដុល្លារ ហើយបន្ទាប់មកគេត្រូវយកវា ទៅដាក់ពីលើបន្ទះបង្ហាញ OLED មួយទៀត ដែលធ្វើឲ្យតម្លៃរបស់វា កាន់តែកើនតាមនឹងដែរ អញ្ចឹងហើយ វាក៏អាចទៅរួចដែរ ដែលតម្លៃកាន់តែប្រសើរជាងនេះ នៅពេលដែល Samsung Electronic ធ្វើការផលិតដោយខ្លួនឯងនោះ ព្រោះថា ពួកគេអាចនឹងមិនចំណាយច្រើន ដូចដែលនាំចូល ពីរោងចក្រផ្សេងគ្នានោះឡើយ។

នៅក្នុងពេលនេះដែរ គេក៏បានបង្ហាញទៀតថា Samsung Electronics កំពុងតែធ្វើការចាប់ផ្តើម ក៏ដូចជាធ្វើការស្វែងរកដៃគូសហការ ក្នុងការបណ្តាក់ទុន ដើម្បីធ្វើឲ្យគម្រោងខាងលើនេះ ក្លាយជាការពិត ហើយបន្ទាប់ពីនោះមក អាចនិយាយបានថា ពួកគេនឹងបើកផ្លូវឲ្យអេក្រង់បត់ដែលផលិតចេញពី Samsung Display ធ្វើការផ្គត់ផ្គង់សម្រាប់ក្រុមហ៊ុនផ្សេងទៀត ដែលចង់ធ្វើការផលិតទូរសព្ទឆ្លាតអេក្រង់បត់ បានយ៉ាងទូលំទូលាយ ខណៈពេលដែល ទូរសព្ទឆ្លាតអេក្រង់បត់ចេញពី Samsung Electronics គឺត្រូវបានបំពាក់មកជាមួយអេក្រង់បត់ ដែលបង្កើតដោយខ្លួនឯងតែម្ដង។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង