Samsung បាន​ប្រកាស​ចេញ​ថេប្លេត Galaxy Tab A8.4 ជា​ផ្លូវការ ជាមួយ​តម្លៃ​ខ្ទង់ ១ លាន ១២ ម៉ឺន​រៀល ឬ 279 ដុល្លារ​
ដោយ​ ៖ សុវណ្ណរតនៈ | 1 សប្តាហ៍មុន SHARE

 

កាលពីលើកមុន យើងទាំងអស់គ្នា ធ្លាប់បានឮដំណឹងមួយចំនួនដែរ ដែលបង្ហាញពីថេប្លេតលំដាប់ថវិកាជំនាន់ថ្មីរបស់ Samsung ដែលវាមានឈ្មោះថា Galaxy Tab A8.4 ហ្នឹងឯង។ ដោយឡែក នៅក្នុងពេលនេះ វត្តមានរបស់វាត្រូវបានគេប្រកាសចេញ ជាផ្លូវការហើយ ជាមួយលក្ខណៈសម្បត្តិសមរម្យជាមួយតម្លៃ ជាពិសេសនោះ វាក៏មានភ្ជាប់មកជាមួយ ថាមពលថ្មធំគួរសម សម្រប់បំពេញតម្រូវការអ្នកប្រើប្រាស់ផងដែរ។ ដើម្បីជ្រៀបច្បាស់ ខាងក្រោមជាលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនរបស់ Galaxy Tab A8.4 នេះ។

ជាការពិតណាស់ សម្រាប់រូបរាងរបស់វា យើងឃើញថា វាមិនមានអ្វីប្លែកច្រើននោះទេ ពោលគឺបែបសាមញ្ញធម្មតា ដែលនៅខាងមុខ មានគែមជុំវិញអេក្រង់សល់ធំ ខណៈពេលដែលខាងក្រោយ មានកញ្ចប់កាមេរ៉ាមួយគ្រាប់ ក៏ដូចជាមានយីហោ Samsung នៅចំណ្តាលតួខ្លួន ហើយប៊ូតុងបញ្ជាផ្សេងៗ ត្រូវបានដាក់នៅផ្នែកខាងស្តាំនៃតួខ្លួន។ បើតាមការបង្ហាញរបស់ Samsung បានបញ្ជាក់ឲ្យដឹងថា Galaxy Tab A8.4 បានភ្ជាប់មកជាមួយអេក្រង់ទំហំ 8.4 អ៊ីញដូចឈ្មោះអញ្ចឹង ដែលមានកម្រិតបង្ហាញ 1920 x 1200 ភិចសែល និងប្រើប្រាស់កម្រិតសមាមាត្រអេក្រង់ 16:10 ផងដែរ។ មិនខុសទេ មិនថានៅផ្នែកខាងមុខ ឬខាងក្រោយឡើយ គឺថេប្លេតខាងលើនេះ បានបំពាក់មកជាមួយកាមេរ៉ាមួយគ្រាប់ដូចគ្នា ដោយនៅខាងមុខ វាមានទំហំ 5MP ហើយចំណែកឯខាងក្រោយ មានទំហំ 8MP ប៉ុណ្ណោះ។ ចំពោះផ្នែកកម្លាំងម៉ាស៊ីនវិញ វាបានបំពាក់មកជាមួយឈីបផ្ទាល់ខ្លួនតែម្ដង ជាប្រភេទ Exynos 7904 ដែលមានរ៉េមទំហំ 3GB និងអង្គផ្ទុក 32GB ហើយវាក៏មានរន្ធសម្រាប់បន្ថែម អង្គផ្ទុកពីខាងក្រៅបានថែមទៀតផង។

លើសពីនេះទៅទៀត Galaxy Tab A8.4 បានប្រើប្រាស់ថាមពលថ្មធំទំហំ 5,000mAh ជាមួយរន្ធសាកប្រភេទ USB-C ហើយ Samsung ក៏បានបញ្ជាក់ដែរថា វាអាចកាន់ថាមពលបានដល់ 10 ម៉ោងសម្រាប់អ្នកប្រើប្រាស់ ទៅលើមុខងារបែបធម្មតាៗ។ ចំពោះចំណុចពិសេសផ្សេងទៀតរបស់វា មានដូចជា វាបានបំពាក់មកជាមួយ សេវាអ៊ីនធើណេតប្រភេទ LTE, មានរន្ធដោតកាស ជាពិសេសមាន Speaker ពីរគ្រាប់ ភ្ជាប់មកជាមួយមុខងារ Dolby Atmos ថែមទៀតផង។ យ៉ាងណាក៏ដោយ ថេប្លេតខាងលើនេះ វាមិនអាចដំណើរការបានជាមួយមុខងារ Samsung DeX ដូច Galaxy Tab S6 ឡើយ ព្រោះថាតម្លៃរបស់វាទាំងពីរ ហាក់ខុសគ្នាមិនធម្មតាដែរ និយាយឲ្យចំទៅ នៅក្នុងទីផ្សារអាមេរិក Samsung បានដាកលក់វា ក្នុងតម្លៃខ្ទង់ ១ លាន ១២ ម៉ឺនរៀល ឬ 279 ដុល្លារផងដែរ។

ដោយ​ ៖ Samsung
អត្ថបទទាក់ទង