អ្នកជាវសំបុត្រចូលរួមព្រឹត្តិការណ៍ MWC 2020 នឹងទទួលបានប្រាក់សំណងមកវិញ ក្រោយពីវារំសាយចោល​
ដោយ​ ៖ ឡេង | 1 សប្តាហ៍មុន SHARE

 

ក្រោយពីយើងប្រទះឃើញមាន ការរីករាលដាលនៃវីរុសកូរ៉ូណា កាន់តែច្រើនឡើងៗទៅ ដោយស្ទើរតែទប់ស្កាត់មិនជាប់ ទូទាំងពិភពលោក ដូច្នេះហើយព្រឹត្តិការណ៍តូចធំ និងអាជីវកម្មនានា ត្រូវបានបង្ខំចិត្តផ្អាកជាបណ្ដោះអាសន្នទាំងអស់ ហើយខ្លះទៀតត្រូវច្រានចោលតែម្ដង។ ចំណែកឯព្រឹត្តិការណ៍ដ៏ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍ទាំងអស់នោះ គឺរួមមាន Mobile World Congress ប្រចាំឆ្នាំ 2020 (MWC) បន្ទាប់ពីក្រុមហ៊ុនធំៗជាច្រើន បានប្រកាសដកខ្លួនចេញម្ដងម្នាក់ៗទៅ។ ឥឡូវនេះ ក្រុមហ៊ុន GSMA ដែលជាអ្នករៀបចំព្រឹត្តិការណ៍ MWC នេះឡើង បាននិយាយប្រាប់ថា រៀងរាល់អ្នកបានទិញសំបុត្ររួចហើយ នឹងអាចយកប្រាក់នោះមកវិញបាន។

ជាការពិតណាស់ ចំពោះមូលហេតុនៃការរំសាយចោលនេះ គឺត្រូវបានលោក John Hoffman ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន GSMA បញ្ជាក់ប្រាប់ថា ដោយសារតែកំណើននៃវីរុសកូរ៉ូណា កាន់តែខ្លាំងឡើងៗ ហេតុនេះហើយ ដើម្បីធានាសុវត្ថិភាពដល់ ក្រុមហ៊ុនទាំងឡាយ, អ្នកចូលរួមព្រឹត្តិការណ៍ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើននាក់ ក៏មានតែសម្រេចធ្វើបែបនេះ។ បើតាមការធ្វើបទសម្ភាសន៍ កាលពីពេលថ្មីៗនេះ គឺលោក John Hoffman បានលើកឡើងមកថា អ្នកដែលបានទិញសំបុត្រ សម្រាប់ចូលរួមព្រឹត្តិការណ៍របស់ខ្លួន នឹងទទួលបានប្រាក់សំណងទាំងអស់មកវិញបានផងដែរ។ ចំណែកឯក្រុមហ៊ុននានា ដែលបានទិញយកកន្លែងអស់ថ្លៃជិត 6,000 ដុល្លារ សម្រាប់តាំងពិពណ៌ផលិតផលរបស់ពួកគេ នឹងទទួលបានប្រាក់សំណងមកវិញដូចគ្នា។ យ៉ាងណាមិញ សម្រាប់ក្រុមហ៊ុនណាមួយ ដែលមិនចង់បានប្រាក់សំណងទាំងនោះ គឺអាចទទួលបានពិន្ទុ Credit តាមចំនួនភាគច្រើន សម្រាប់ចូលរួមព្រឹត្តិការណ៍ MWC នៅឆ្នាំក្រោយៗបាន ថែមទៀតផង។

គួរបញ្ជាក់ឲ្យបានដឹងផងថា ទោះបីជានៅក្នុងឆ្នាំនេះ វាមិនត្រូវបានកើតឡើងមែន ប៉ុន្តែសម្រាប់ឆ្នាំក្រោយ GSMA នៅតែធ្វើឡើង ក្នុងប្រទេសអេស្ប៉ាញ នៃទីក្រុង Barcelona ដដែល ដោយអាចនិយាយបានព្រឹត្តិការណ៍ MWC Barcelona នឹងត្រូវកំណត់ធ្វើឡើង សាជាថ្មីម្ដងទៀតក្នុងឆ្នាំ 2021 វិញ។ 

ដោយ​ ៖ Bloomberg
អត្ថបទទាក់ទង