Royole បាន​ប្រកាស​ចេញ​ទូរសព្ទ​ឆ្លាត​អេក្រង់​បត់​ជំនាន់ទី 2 របស់​ខ្លួន​ជាផ្លូវការ​ហើយ មាន​អេក្រង់​ប្រសើរ​ជាង​មុន ព្រម​ទាំង​ប្រើប្រាស់​ឈីប Snapdragon 865​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កាលពីមុនប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់ខ្លះៗហើយ ពីយីហោទូរសព្ទឆ្លាតមួយ ដែលមានឈ្មោះថា Royole ព្រោះថានេះជាក្រុមហ៊ុនដំបូងគេបង្អស់ ដែលបានប្រកាសចេញទូរសព្ទឆ្លាតអេក្រង់ នៅលើទីផ្សារ ពោលគឺមុន Samsung ទៅទៀត។ ដោយឡែក នៅក្នុងពេលនេះ ក្រុមហ៊ុនខាងលើ ក៏បានធ្វើការប្រកាសចេញ ទូរសព្ទឆ្លាតអេក្រង់បត់របស់ខ្លួន មួយម៉ូឌែលទៀត ដែលត្រូវជាជំនាន់ទី 2 ហើយវាមានឈ្មោះថា Royole Flexpai 2 ដោយលើកនេះ វាត្រូវបានគេអះអាងថា បានបំពាក់មកជាមួយ ជាអេក្រង់បត់ ដែលកាន់តែប្រសើរជាងមុន ជាពិសេសនោះ វាបានប្រើប្រាស់ឈីបកំពូល Snapdragon 865 ផងដែរ។

ជារការពិតណាស់ Royole Flexpai 2 បានបំពាក់មកជាមួយអេក្រង់បត់ ជំនាន់ទី 3 ដែលខ្លួនបានហៅវាថា Cicada Wing ជាពិសេសនោះ គេបានបញ្ជាក់ថា បានធ្វើការកែប្រែចំណុចមួយចំនួន បានកាន់តែប្រសើរជាងមុន ពោលគឺមានដូចជា វាត្រូវបានធ្វើឡើង ដោយមានស្នាមផ្នត់នៃអេក្រង់ កាន់តែតូចជាងមុន, ធុននឹងការបត់ជាងមុន ជាពិសេសវាក៏ធ្វើឲ្យ មានកម្រិតពន្លឺ ក៏ដូចជាកម្រិតទឹកពណ៌ខ្ពស់ជាងមុនផងដែរ។ មិនខុសទេ ទូរសព្ទឆ្លាតអេក្រង់បត់ខាងលើនេះ វាបានបំពាក់មកជាមួយអេក្រង់ទំហំ 7.8 អ៊ីញ ជាមួយកម្រិតសមាមាត្រ 4:3 នៅពេលដែលធ្វើការលាតអេក្រង់នោះពេញលេញ។ ចំពោះផ្នែកកម្លាំងម៉ាស៊ីនវិញ គេបានប្រាប់ឲ្យដឹងថា គឺបានដំណើរការដោយឈីប Snapdragon 865 ជាមួយម៉ូដឹម 5G Snapdragon X55 លើសពីនេះ គេក៏បានបញ្ជាក់ថា វាមានប្រើប្រាស់ រ៉េមជំនាន់ចុងក្រោយ ជាប្រភេទ LPDDR5 ព្រមទាំងមានអង្គផ្ទុកល្បឿនលឿនប្រភេទ UFS 3.0 ថែមទៀតផង ប៉ុន្តែមិនបានប្រាប់ ពីទំហំរបស់រ៉េម ក៏ដូចជាអង្គផ្ទុកនេះនោះទេ ដោយចំណុចទាំងនេះ ទំនងជានឹងត្រូវគេបញ្ជាក់ប្រាប់ច្បាស់ នៅពេលដែលដាក់ចេញលក់ជាផ្លូវការតែម្ដង។ 

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនខាងលើក៏បានធ្វើការអះអាងថា បន្ទះអេក្រង់បត់ដែលបានបំបាក់នៅលើនោះ គឺមានសមត្ថភាព អាចទ្រាំទ្រជាមួយការបត់ បានដល់ទៅជាង 200,000 ដងឯណោះ ដោយគ្មានបញ្ហាណាមួយកើតឡើងឡើយ ហើយ Royole ក៏បានបង្ហាញទៀតថា បន្ទះអេក្រង់ដែលខ្លួនហៅថា Cicada Wing នេះ វាមានសមត្ថភាពអាចធ្វើការបង្ហាញប្រភេទ Color Gamut បានប្រសើរជាង 1.3 ដង និងផ្នែក Color Contrast បានប្រសើរជាងដល់ទៅ 500 ដងឯណោះ បើប្រៀបជាមួយអេក្រង់ LCD គុណភាពខ្ពស់បំផុត។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនខាងលើនេះ មិនទាន់បានបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ Flexpai 2 នេះឲ្យបានសព្វគ្រប់ជ្រុងជ្រោយនោះទេ នៅក្នុងពេលនេះ ពោលគឹគេអាចនឹងបញ្ជាក់ ច្បាស់លាស់ ទាំងស្រុងម្ដងទៀត នៅពេល ដែលវាត្រូវបានដាក់លក់ជាផ្លូវការ នៅក្នុងអំឡុងត្រីមាសទី 2 ខាងមុខនេះ ហើយជាក់ស្ដែងទាំងតម្លៃរបស់វា ក៏យើងនៅមិនទាន់ដឹងនោះដែរ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង