Samsung ទើបទម្លាក់មុខងារពិសេសៗ ជាមួយ One UI 2.1 ទៅអោយ Galaxy S10 និង Note10 ជាផ្លូវការ​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

ដូចដែលយើងបានជ្រាបរួចមកហើយថា មានតែទូរសព្ទឆ្លាតរបស់ Samsung ចំនួន 4 ម៉ូឌែលប៉ុណ្ណោះនៅលើទីផ្សារសកល ដែលបានដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 និង One UI ជំនាន់ចុងក្រោយ 2.1 នាពេលបច្ចុប្បន្ននេះ នោះគឺ Galaxy S20, Galaxy S20+, Galaxy S20 Ultra និង Galaxy Z Flip។ ដោយពួកវា បានបង្ហាញខ្លួនមកជាមួយស្បែក Interface One UI 2.1 ចេញពីប្រអប់ស្រាប់តែម្ដង ហើយពេលនេះ Samsung បានទម្លាក់វាទៅអោយ Galaxy S10 និង Note10 Series ជាផ្លូវការ។

ជាការពិតណាស់ ក្នុងកំណែអាប់ដេតជំនានចុងក្រោយនេះ បាននាំមកនូវលក្ខណៈពិសេសជាច្រើនដែលមាននៅលើ Galaxy S20 Series ដូចជា Single Take, ការធ្វើអោយប្រសើរឡើងនូវមុខងារ Night Mode, Night Hyperlapse, Pro Video Mode, Quick Share និងមុខងារងាយស្រួលចែករំលែក (Easy Share) នឹងចាប់ផ្តើមទម្លាក់អោយអ្នកប្រើប្រាស់ធ្វើការអាប់ដេត ក្នុងខែនេះហើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានលើកឡើងថាមុខងារថ្មីដែល នឹងត្រូវបញ្ចេញទៅអោយទូរសព្ទឆ្លាតរបស់ខ្លួននោះ រួមមានដូចជា Galaxy S10e, Galaxy S10, Galaxy S10+, Galaxy Note10 និង Galaxy Note10+ ជាដើម។ មួយវិញទៀត Samsung ក៏បានលើកឡើងផងដែរថា មុខងារ Night Hyperlapse និងការធ្វើអោយប្រសើរឡើងនូវមុខងារ Night Mode មិនត្រូវបានទម្លាក់អោយចំពោះ Galaxy Note 10 Lite នោះទេ។ ក្រៅពីនេះ ក៏មានមុខងារពិសេសថ្មីៗ មួយចំនួនទៀត រួមមានដូចជា ការថតវីដេអូកម្រិត 4K 60fps ដោយប្រើកាមេរ៉ា Selfie និង Custom Filters នៅក្នុងកម្មវិធីកាមេរ៉ា ហើយមុខងារ Clean View និង Quick Crop ក៏ត្រូវបានបន្ថែមទៅក្នុងកម្មវិធី Gallery ផងដែរ។

ជាងនេះទៅទៀត ការធ្វើបច្ចុប្បន្នភាពថ្មីនេះ ក៏នាំមកនូវការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព សម្រាប់ខែមេសា ឆ្នាំ 2020 ដល់គ្រប់ទូរសព្ទទាំងអស់ដែលស្ថិតនៅក្នុងខ្សែស្រឡាយ Galaxy Note10 និង Galaxy S10 ទៀតផង។ ចំពោះកំណែអាប់ដេតថ្មីនេះ មានទំហំប្រមាណជា 1.5GB ដែលបច្ចុប្បន្ននេះ Samsung បានទម្លាក់អោយទីផ្សារប្រទេសអាល្លឺម៉ង់ និងប្រទេសស្វីស ហើយយើងរំពឹងថាវានឹងត្រូវបានទម្លាក់អោយទីផ្សារផ្សេងទៀត នាពេលឆាប់ៗនេះ ផងដែរ។ ដោយឡែក ចំពោះប្រទេសមួយចំនួនទៀត រួមទាំងប្រទេសយើងផងដែរ អាចឧស្សាហ៍ចូលឆែកមើលកំណែអាប់ដេតថ្មីនេះ នៅក្នុង Settings បាន បើមិនទាន់ឃើញមានទេ ប្រហែលជាត្រូវរង់ចាំមើលប៉ុន្មានថ្ងៃទៀត ទើបបាន។

ដោយ​ ៖ Sam Mobile
អត្ថបទទាក់ទង