OPPO Reno Ace 2 នឹងបង្ហាញខ្លួននៅខែក្រោយនេះ អាចមានរចនាបថកាមេរ៉ាក្រោយរាងជារង្វង់ដែរ​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

ខណៈពេលនេះ យើងទទួលបានព័ត៌មានថ្មីថា OPPO បានគ្រោងនឹងបញ្ចេញទូរសព្ទឆ្លាតមួយម៉ូឌែលទៀតក្នុងប្រទេសចិននៅខែមេសាខាងមុខនេះ ដែលក្រុមហ៊ុនចិនខាងលើ នឹងធ្វើការដាក់បង្ហាញស្មាតហ្វូនលំដាប់ Flagship ស៊េរីថ្មីរបស់ខ្លួន នោះគឺ OPPO Reno Ace 2។ ជាក់ស្ដែង នាពេលថ្មីៗនេះ វាត្រូវបានគេប្រទះឃើញជាមួយនឹងរូបរាងផ្នែកខ្នងខាងក្រោយ ផងដែរ។

ពិតណាស់ អនុប្រធានក្រុមហ៊ុន OPPO លោក Brian Shen បានបង្ហោះប្រាប់នៅលើបណ្ដាញសង្គម Weibo ដើម្បីបង្ហាញថាទូរសព្ទឆ្លាតម៉ូឌែល OPPO Reno Ace 2 នឹងត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងខែមេសា ឆ្នាំ 2020 ខាងមុខនេះ។ ខណៈពេលដែល គាត់មិនបានបង្ហាញពីលក្ខណៈសម្បត្តិណាមួយរបស់វានៅឡើយ យ៉ាងណាវាត្រូវបានគេរំពឹងទុកថាអាចនឹងមានកាមេរ៉ាក្រោយចំនួន 4 គ្រាប់ដដែល ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់នោះទេ។ លើសពីនេះទៅទៀត បើយើងមើលទៅលើរូបភាពលេចធ្លាយនោះ បានបង្ហាញយ៉ាងច្បាស់ថាទូរសព្ទ OPPO Reno Ace 2 នឹងមានរចនាបថកាមេរ៉ាខាងក្រោយរាងជារង្វង់ មានលក្ខណៈស្រដៀងគ្នានឹង OnePlus 7T អញ្ចឹងដែរ។ មួយវិញទៀត OPPO Reno Ace 2 ត្រូវបានគេរំពឹងថា នឹងប្រកាសចេញមកជាមួយការបំពាក់បន្ទះឈីបកំពូល Snapdragon 865 ថែមទៀតផង។ 

ដោយឡែក បើយើងទៅមើលលក្ខណៈសម្បត្តិ Reno Ace ជំនាន់ដំបូង ឃើញថា វាមានអេក្រង់ទំហំ 6.5 អ៊ីញ ជាប្រភេទ AMOLED ក្នុងកម្រិតបង្ហាញរូបភាព Full HD+ និងប្រើអេក្រង់កម្រិត 90Hz ទៀតផង។ សម្រាប់ផ្នែកកម្លាំងម៉ាស៊ីនវិញ វាបំពាក់បន្ទះឈីប Snapdragon 855+ មានរ៉េមទំហំ 12GB និងមានអង្គផ្ទុកទិន្នន័យ 256GB។ រីឯផ្នែកកាមេរ៉ា វាបំពាក់កាមេរ៉ាក្រោយចំនួន 4 គ្រាប់ ដោយលេនគោលមានទំហំ 48MP + 13MP + 8MP + 2MP និងមានកាមេរ៉ាខាងមុខមួយគ្រាប់ទំហំ 16MP។ ក្រៅពីនេះ Reno Ace ភ្ជាប់មកជាមួយថាមពលថ្មទំហំ 4,000mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មលឿន SuperVOOC ទំហំ 65W ឯណោះ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង