នេះជារូបភាព Poster ផ្លូវការរបស់ Huawei P40 Series​
ដោយ​ ៖ ឈីរ៉ូ | 5 ខែមុន SHARE

 

នៅថ្ងៃទី 26 ខែមីនា ឆ្នាំ 2020 ដែលត្រូវជាថ្ងៃស្អែកនេះ ក្រុមហ៊ុន Huawei នឹងបើកព្រឹត្តិការណ៍ពិសេសមួយ ធ្វើឡើងតាមរយៈអនឡាញ ដើម្បីប្រកាសចេញជាផ្លូវការ នូវទូរសព្ទឆ្លាតលំដាប់កំពូល ជំនាន់ថ្មីចុងក្រោយ ស្ថិតនៅក្នុងត្រកូល P40 របស់ខ្លួន។ ផ្អែកទៅតាមរូបភាព Teaser ដែលបង្ហោះដោយ Huawei ផ្ទាល់ បានបង្ហាញឲ្យយើងដឹងយ៉ាងច្បាស់ថា Huawei P40 Series នឹងបង្ហាញខ្លួនមកជាមួយកាមេរ៉ា ដែលមានសមត្ថភាពកាន់តែខ្លាំង និងអស្ចារ្យជាងមុន។ កាលពីសប្តាហ៍មុន យើងបានប្រទះឃើញរូបភាពគម្រូផ្លូវការ ដែលបង្ហាញឲ្យយើងបានឃើញ អំពីរចនាបថរបស់ Huawei P40 និង P40 Pro។ ដោយឡែកនៅក្នុងថ្ងៃនេះ តាមរយៈគេហទំព័រ WinFuture យើងបានប្រទះឃើញរូបភាព Poster ផ្លូវការ ក៏ដូចជាលក្ខណៈសម្បត្តិរបស់ Huawei P40 Series ផងដែរ។

តាមរយៈរូបភាព Poster ផ្លូវការ មួយនេះ មិនបានបង្ហាញឲ្យយើងដឹងបន្ថែមអំពីលក្ខណៈសម្បត្តិរបស់ Huawei P40 Series នោះទេ ប៉ុន្តែវាបានបញ្ជាក់ឲ្យយើងដឹងថា លក្ខណៈសម្បត្តិ ដែលបានបែកធ្លាយ កាលពីពេលកន្លង គឺពិតជាត្រឹមត្រូវមែន។ ដោយ Huawei P40 Pro បានបំពាក់មកជាមួយអេក្រង់លាតកោង (Quad Curved) ទំហំ 6.58 អ៊ីញ ជាប្រភេទ OLED ជាមួយអេក្រង់ Refresh Rate 90Hz។ ចំពោះកម្លាំងម៉ាស៊ីន Huawei P40 Pro ប្រើប្រាស់បន្ទះឈីប Kirin 990 5G គួបផ្សំជាមួយជម្រើស RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB។ ចំពោះផ្នែកកាមេរ៉ា Huawei P40 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួន 3 គ្រាប់ និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់។ រីឯផ្នែកថាមពលថ្មវិញ Huawei P40 Pro ភ្ជាប់មកជាមួយថ្មទំហំ 4,200 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 40W។

ចូលមកដល់លក្ខណៈសម្បត្តិរបស់ Huawei P40 វិញម្តង ឃើញថា Huawei P40 បានបំពាក់មកជាមួយអេក្រង់លាតរាបស្មើ ទំហំ 6.1 អ៊ីញ ជាប្រភេទ OLED ជាមួយអេក្រង់ Refresh Rate 60Hz។ ចំពោះកម្លាំងម៉ាស៊ីន Huawei P40 ប្រើប្រាស់បន្ទះឈីប Kirin 990 5G គួបផ្សំជាមួយជម្រើស RAM ទំហំ 8GB និងជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128GB។ ចំពោះផ្នែកកាមេរ៉ា Huawei P40 ភ្ជាប់មកជាមួយកាមេរ៉ាមុខ ចំនួន 2 គ្រាប់ និងកាមេរ៉ាក្រោយសរុបចំនួន 3 គ្រាប់។ រីឯផ្នែកថាមពលថ្មវិញ Huawei P40 ភ្ជាប់មកជាមួយថ្មទំហំ 3,800 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 22.5W។

ដោយ​ ៖ Win Future
អត្ថបទទាក់ទង