ទាំងអស់នេះជាកម្មវិធីកំពូលៗ សម្រាប់ការហៅ Video Call ជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសាររបស់លោកអ្នក​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

ជាការពិតណាស់ ដើម្បីធ្វើការទប់ស្កាត់ ក៏ដូចជាការពារខ្លូនឯង ពីការឆ្លងនៃវីរុសកូរ៉ូណា កុំឲ្យរីករាលដាលបន្ដកាន់តែច្រើនទៀត ដូច្នេះយើងទាំងអស់គ្នា ត្រូវកាត់បន្ថយការចេញទៅខាងក្រៅ ព្រមទាំងព្យាយាមស្ថិតនៅក្នុងផ្ទះ ដោយលែងបានជួបជុំមិត្តភក្ដិ ឬ ក្រុមគ្រួសារនៅឆ្ងាយ ជាប្រចាំដូចមុនផងដែរ។ យ៉ាងណាមិញ ប្រិយមិត្តទាំងអស់គ្នា ក៏នៅតែមានឱកាសជួបមុខ របស់ពួកគាត់ដដែល គឺតាមរយៈការប្រើប្រាស់កម្មវិធីទាំងអស់នេះ ដើម្បីធ្វើការហៅជាលក្ខណៈវីដេអូ (Video Call) ដោយឥតគិតថ្លៃ ថែមទៀតផង។

FaceTime (សម្រាប់ឧបករណ៍ iOS និង iPadOS ទាំងឡាយ)

ប្រិយមិត្តអ្នកអានភាគច្រើន ដែលតែងតែគាំទ្រផលិតផលរបស់ក្រុមហ៊ុន Apple ប្រាកដជាដឹងរួចមកហើយថា FaceTime គឺជាមុខងារដ៏ពិសេសមួយ មាននៅលើឧបករណ៍ឆ្លាតវៃរបស់ Apple ដោយវាមានសមត្ថភាព ក្នុងការទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារតាមរយៈប្រព័ន្ធអ៊ីនធឺណែត ដែលស្រដៀងគ្នាទៅនឹង Skype ឬ Facebook Messenger ផ្សេងៗដែរ ពោលវាអាចហៅចេញចូល ជាលក្ខណៈសម្លេងក៏បាន ព្រមទាំងអាចមើលមុខគ្នាឃើញដោយផ្ទាល់តែម្ដង។ លើសពីនេះទៅទៀត នៅលើជំនាន់ iOS 12 ឡើងទៅ Apple បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទាំងឡាយ ធ្វើការហៅជាក្រុម (Group) បានរហូតដល់ទៅចំនួន 32 នាក់ក្នុងពេលតែមួយឯណោះ។ ដើម្បីធ្វើការបើកប្រើប្រាស់កម្មវិធីនេះ គឺលោកអ្នកគ្រាន់តែស្វែងរកឈ្មោះ FaceTime នៅលើ Home Screen របស់ iPhone ឬ iPad របស់អ្នក និង Add មិត្តភក្ដិ ឬ ក្រុមគ្រួសារតាមរយៈ Apple ID ជាការស្រេច។

Facebook Messenger (គ្រប់ប្រព័ន្ធប្រតិបត្តិការ)

ចំណែកឯប្រិយមិត្តអ្នកអាន កំពុងតែប្រើប្រាស់ទូរសព្ទឆ្លាត Android ឬ iOS ប្រាកដជាស្គាល់កម្មវិធី Messenger ច្បាស់ទៅហើយ ដោយភាគច្រើនមានគេនិយមប្រើវា ទុកសម្រាប់លេងឆាត ឬ ផ្ញើសារជាសម្លេង ប៉ុន្ដែវាក៏មានមុខងារហៅជាវីដេអូដូចគ្នាដែរ ដោយគ្រាន់តែចូលទៅក្នុងប្រអប់សារណាមួយ រួចចុចទៅលើរូបសញ្ញាវីដេអូ ដូច្នេះវានឹងចាប់ផ្ដើមហៅជាលក្ខណៈវីដេអូតែម្ដង។ យ៉ាងណាក្ដី គួរតែរំលឹកឲ្យបានដឹងផងថា កម្មវិធី Facebook Messenger អាចអនុញ្ញាតឲ្យយើងធ្វើការហៅ Video Call បានត្រឹមតែចំនួនមនុស្ស 4 នាក់ក្នុងពេលតែមួយប៉ុណ្ណោះ ដោយតម្រូវឲ្យយើងប្រើកម្មវិធីផ្សេង សម្រាប់មនុស្សចូលរួមច្រើនជាងនេះទៀត។

Zoom (សម្រាប់ការប្រជុំការងារ ឬ សិក្សាជាក្រុម)

កម្មវិធី Zoom កំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងបំផុត ទាំងនៅក្នុងស្រុកយើង និងតាមបណ្ដាប្រទេសនានា ដើម្បីជំនួយឲ្យការប្រជុំការងារតូចធំ ហើយការសិក្សាតាមអនឡាញតែម្ដង។ កាន់តែពិសេសទៀតនោះ វាអាចផ្ទុកមនុស្យសរុបរហូតដល់ទៅ 100 នាក់ឯណោះ ក្នុងពេលតែមួយ ដោយកំណត់រយៈពេលហៅវីដេអូបានត្រឹមចំនួន 40 នាទី សម្រាប់ជម្រើសឥតគិតថ្លៃ។ ដោយឡែក ប្រសិនបើអ្នកទាំងអស់គ្នា ចង់បានរយៈពេលយូរជាងនេះ គឺតម្រូវឲ្យបង់ថ្លៃជាប្រចាំខែ ដូចជាសេវាកម្មផ្សេងៗដទៃទៀតអញ្ចឹងដែរ។ ទោះបីជាយ៉ាងណាក្ដី សម្រាប់រយៈពេលត្រឹម 40 នាទី គឺគ្រាន់តែសម្រាប់មនុស្សភាគច្រើនហើយ ដោយឥឡូវនេះ កម្មវិធី Zoom ដាក់ឲ្យប្រើប្រាស់ទាំងលើ iOS, Android និងកុំព្យូទ័រ។

Skype (កម្មវិធីហៅតាមវីដេអូ ដែលមានភាពល្បីល្បាញដំបូងៗគេ)

កម្មវិធីហៅតាមវីដេអូ ដែលមានឈ្មោះហៅថា Skype គឺត្រូវបានបើកដំណើរការ ចាប់តាំងពីឆ្នាំ 2003 មកម្ល៉េះ និងត្រូវបានជាវយកដោយក្រុមហ៊ុន Microsoft នៅក្នុងឆ្នាំ 2011 កន្លងទៅនេះ ហើយកាលពីមុនៗមក វាមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមកម្មវិធីដទៃទៀត ដែលមានសមត្ថភាពដូចគ្នានេះ។ បើទោះបីជាបច្ចុប្បន្ននេះ វានឹងសូវពេញនិយម សម្រាប់យុវវ័យយ៉ាងណាក៏ដោយ ប៉ុន្ដែវាក៏នៅមានមុខងារពិសេសៗផងដែរ គឺវាមានផ្ទៃម៉ឺនុយងាយស្រួលប្រើប្រាស់, អាចផ្ទុកមនុស្សបាន 50 នាក់ក្នុងពេលតែមួយ និងអនុញ្ញាតឲ្យថតសកម្មភាពទុក ជាដើម។

WhatsApp (សម្រាប់ហៅតាមវីដេអូ ជាមួយអ្នកជិតស្និតបំផុត)

ជាចុងក្រោយគេ គឺ WhatsApp ជាកម្មវិធីដ៏ល្បីល្បាញមួយទៀត ដែលមានអ្នកប្រើប្រាស់ច្រើនដូចគ្នា ហើយក៏មានលក្ខណៈសាមញ្ញ ក្នុងការបញ្ជាម៉ឺនុយរបស់វា ដោយរបៀបធ្វើការហៅជាវីដេអូ មានភាពស្រដៀងគ្នាទៅនឹង Messenger ដែរ ព្រោះវាស្ថិតនៅក្រោមការគ្រប់គ្រងដោយ Facebook តែមួយ។ កម្មវិធី WhatsApp ក៏អាចធ្វើការហៅជាវីដេអូ បានត្រឹមតែចំនួនមនុស្ស 4 នាក់ក្នុងពេលតែមួយដូចគ្នាដែរ ដូច្នេះវាចាំបាច់ទុកសម្រាប់ទំនាក់ទំនងជាមួយមិត្តភក្ដិជិតដិត ឬ ក្រុមគ្រួសារសមាជិកតិច។

ហេតុដូច្នេះហើយ ទាំងអស់នេះសុទ្ធតែជា កម្មវិធីល្អៗទុកសម្រាប់ Video Call ទៅកាន់មិត្តភក្ដិ ឬ ក្រុមគួ្រសាររបស់លោកអ្នក ដោយកម្មវិធីមួយចំនួន ក៏អាចយកទៅធ្វើជាការប្រជុំខ្នាតតូចធំ និងថ្នាក់រៀនតាមអនឡាញ ថែមទៀតផង។ ប្រសិនបើប្រិយមិត្តទាំងអស់គ្នា មានចំណាប់អារម្មណ៍លើកម្មវិធីណាមួយ អាចធ្វើការចូលទៅកាន់ App Store (iOS) ឬ Play Store (Android) ឬ ស្វែងរកឈ្មោះតាម Google សម្រាប់នៅលើកុំព្យូទ័រ ដើម្បីទាញយកមកដំឡើងប្រើប្រាស់បាន ដោយឥតគិតថ្លៃ និងណែនាំអ្នកដទៃទៀត មកប្រើប្រាស់ជាមួយគ្នាដែរ។

ដោយ​ ៖ CNET
អត្ថបទទាក់ទង