កម្មវិធី GPU Drivers Update នឹងដាក់អោយប្រើលើ Galaxy S10, Note10 និង Pixel 4 ឆាប់ៗនេះ​
ដោយ​ ៖ គង់គីត | 2 សប្តាហ៍មុន SHARE

 

កាលពីចុងឆ្នាំ 2019 កន្លងទៅនេះ បន្ទះឈីប Snapdragon 865 និង 765 ត្រូវបានដាក់បង្ហាញជាផ្លូវការ នៅឯព្រឹត្តិការណ៍ Snapdragon Tech Summit 2019 ហើយយើងបានឃើញរួចមកហើយថា ពួកវាបានបង្ហាញមុខលើស្មាតហ្វូន ចាប់តាំងពីដើមឆ្នាំ 2020 មក។ អ្វីដែលកាន់តែពិសេសទៀត នោះគឺថាក្នុងពេលខាងមុខនេះ Qualcomm នឹងអនុញ្ញាតអោយយើងធ្វើការអាប់ដេត Adreno GPU Drivers របស់ខ្លួនតាមរយៈកម្មវិធីបានភ្លាមៗតែម្ដង។

ដោយឡែក ក្នុងពេលថ្មីៗនេះ នៅឯ Google for Games Developer Summit ក្រុមហ៊ុន Google និង Qualcomm បានបង្ហាញថា នឹងផ្ដល់ការអាប់ដេតលើ GPU ទៅអោយទូរសព្ទឆ្លាតប្រើប្រាស់ឈីប Snapdragon 855 នោះគឺ Pixel 4 មុនគេ ហើយបន្ទាប់មក វានឹងមកដល់លើ Galaxy S10 Series និង Note10 Series ថែមទៀតផង។ ជាក់ស្ដែង កាលពីពេកកន្លងទៅ ក្រុមហ៊ុនអាមេរិក Qualcomm បានបញ្ជាក់ប្រាប់ថា ការផ្ដល់សិទ្ធិអោយធ្វើការអាប់ដេត GPU Drivers ដោយតាមរយៈ Play Store គឺផ្ដល់ភាពកាន់តែងាយស្រួល ជាងដំណោះស្រាយនាពេលបច្ចុប្បន្ននេះ ដែលត្រូវភ្ជាប់មកជាមួយ កំណែអាប់ដេតទូរសព្ទ និងមានរយៈពេលយូរ ផងដែរ។ ពិតប្រាកដណាស់ ដំណោះស្រាយថ្មីរបស់ Qualcomm គឺកំពុងត្រូវបានធ្វើតេស្ដ មុននឹងបញ្ចេញវាទៅលើ Google Play Store អោយអ្នកប្រើប្រាស់ធ្វើការអាប់ដេត ដែលនឹងធ្វើអោយប្រព័ន្ធដំណើរការរបស់ទូរសព្ទ ក៏ដូចជាការលេងហ្គេម បានលឿនជាងមុនដល់ទៅ 40% ឯណោះ។ ហាក់បីដូចជា នៅលើកុំព្យូទ័រអញ្ចឹងដែរ ដោយការអាប់ដេត GPU Drivers គឺដើម្បីផ្ដល់ជូននូវ ដំណើរការអោយរលូនជាងមុន និងជួសជុលកំហុសក្រាហ្វិកក្នុងហ្គេម ជាដើម។ លើសពីនេះទៅទៀត វាក៏អាចអនុញ្ញាតអោយក្រុមការងារ Qualcomm ធ្វើតេស្ដមុខងារថ្មីៗមិនធ្លាប់មានពីមុន ដើម្បីផ្ដល់បទពិសោធន៍ប្រើប្រាស់ អោយកាន់តែល្អ ថែមមួយកម្រិតទៀត។

មួយវិញទៀត ការអាប់ដេត Adreno GPU Drivers នេះ ហាក់បីដូចជាគាំទ្រសម្រាប់ស្មាតហ្វូនដំណើរការដោយ Android 10 ប៉ុណ្ណោះ ដូច្នេះទាល់តែស្មាតហ្វូននោះ ដំណើរការលើ Android ជំនាន់ចុងក្រោយ ទើបអាចធ្វើការអាប់ដេតបាន។ ម៉្យាងទៀត យើងធ្លាប់ទទួលបានរបាយការណ៍ថា បន្ទះឈីបជំនាន់មុនៗ ក៏ប្រហែលមិនអាចអាប់ដេតបានដែរ ហើយទាល់តែឈីប Snapdragon ស៊េរីថ្មីៗទើបធ្វើការអាប់ដេតបាន។

ដោយ​ ៖ 9To5Google
អត្ថបទទាក់ទង