Google Photos ទទួល​បាន​មុខងារ​ថ្មី​បន្ថែម​មួយ​ចំនួន ទាំង​នៅ​កម្មវិធី​សម្រាប់​ទូរសព្ទ​ឆា្លត និង​នៅ​លើ Web​
ដោយ​ ៖ សុវណ្ណរតនៈ | 2 សប្តាហ៍មុន SHARE

 

កាលពីពេលមុន យើងធ្លាប់បានដឹងជាច្រើនមកហើយថា Google បានធ្វើការទម្លាក់មុខងារថ្មីៗ ជាបន្តបន្ទាប់ទៅឲ្យកម្មវិធី Google Photos នៅលើទូរសព្ទឆ្លាត ក៏ដូចជាវេបសាយនៃកម្មវិធីនេះ សម្រាប់កុំព្យូទ័រ ដែលមុខងារទាំងនោះ ភាគច្រើនគឺសុទ្ធសឹងតែប្រយោជន៍ បន្ថែមទៀតសម្រាប់អ្នកប្រើប្រាស់។ ដោយឡែក នៅក្នុងពេលនេះ កម្មវិធី ក៏ដូចជាវេបសាយខាងលើ ត្រូវបាន Google ដាក់បញ្ចូលចំណុចសំខាន់ៗ មួយចំនួនថែមទៀត ដែលធ្វើឲ្យការប្រើប្រាស់ កាន់តែមានភាពងាយស្រួលជាងមុន ជាក់ស្ដែងវាបានបន្ថែម ប៊ូតុងជំនួយសម្រាប់ Text Selection ថែមទៀតផង។

ជាការពិតណាស់ ដំបូងយើងនិយាយពីកម្មវិធី Google Photos ដែលមានប្រើប្រាស់ នៅលើទូរសព្ទឆ្លាតជាមុនសិន ដោយវាត្រូវបានគេដាក់បញ្ចូល ប៊ូតុងជំនួយថ្មីមួយ ដែលមានសរសេរថា Copy text from image ដែលប៊ូតុងនេះ វាមាននាទីនាំយើងទៅកាន់ ផ្ទៃបង្ហាញរបស់ Google Len ដើម្បីឲ្យអ្នកប្រើ អាចធ្វើការស្វែងរក, ការបកប្រែពាក្យនៅលើរូបភាពនោះ និងជាពិសេស គឺអាចឲ្យយើង ធ្វើការ Select អក្សរដែលមាននៅលើនោះ បានផងដែរ។ យ៉ាងណាក៏ដោយ កាលពីមុនមុខងារ សម្រាប់ធ្វើការស្វែងរក, ការបកប្រែ ក៏ដូចជាការ Select អក្សរនេះ វាធ្លាប់មានហើយ ដោយតម្រូវឲ្យយើងចុចប៊ូតុង Google Len ប៉ុន្តែពេលនេះ វាមានបន្ថែមប៊ូតុងជំនួយខាងលើមួយទៀត ដែលក្បែរដៃជាងមុន ហើយប៊ូតុងជំនួយនេះ វានឹងលោតចេញឡើង នៅពេលដែលយើង ចូលលើរូបភាពណា ដែលមានអក្សរ។ មុខងារថ្មីមួយទៀតនោះ គឺមិនមែននៅលើកម្មវិធី Google Photos សម្រាប់ប្រើលើទូរសព្ទឆ្លាតឡើយ ពោលគឺវាជាមុខងារ សម្រាប់អ្នកប្រើប្រាស់នៅលើ Web ដោយក្នុងនោះគឺថា វានឹងបង្ហាញឲ្យយើងឃើញ ពីទីកន្លែង ដែលយើងបាន Upload រូបភាព និងវីដេអូ ចេញពីក្នុង Info ហើយលើសពីនេះ វាក៏មានបញ្ជាក់ពីប្រភេទឧបករណ៍ ដែលអ្នកបានប្រើប្រាស់ សម្រាប់ធ្វើការ Upload រូបភាព ឬវីដេអូ ដែលអ្នកកំពុងចូលមើលនោះផងដែរ។ 

ចំពោះមុខងារ 2 ទៀតនេះ គឺគេមិនទាន់បានប្រើប្រាស់វានៅឡើយទេ ព្រោះថាគេគ្រាន់តែបានប្រទះឃើញវា នៅក្នុងប្រភពកូដរបស់ Google Photos 4.44 APK ដែលក្នុងនោះ វាគឹជាមុខងារមួយ ដែលមានឈ្មោះថា Mute Audio និង Mute Video ផងដែរ។ គួរបញ្ជាក់ដែរថា សម្រាប់មុខងារ Mute Audio វាអាចនឹងផ្តល់ជម្រើសឲ្យអ្នកធ្វើការកែប្រែវីដេអូ (Edit) ទៅជាគ្មានសំឡេង បានតែម្ដង ហើយសម្រាប់ Mute Video វាមាននាទី សម្រាប់ប្រើប្រាស់ នៅពេលដែលអ្នកកំពុងមើលវីដេអូណាមួយ ហើយចង់ឲ្យវាស្ងាត់ មិនបញ្ចេញសម្លេង អញ្ចឹងឯង។ យ៉ាងណាក៏ដោយ សម្រាប់មុខងារពីរនៅខាងលើ ដែលយើងបានបង្ហាញ ពេលនេះវាមានឲ្យប្រើប្រាស់ហើយ ប៉ុន្តែសម្រាប់មុខងារថ្មី ដែលគេទើបតែប្រទះឃើញ ក្នុងប្រភពកូដរបស់ Google Photos វាមិនទាន់មាននោះទេ ប៉ុន្តែវាអាចនឹងត្រូវ Google ដាក់បន្ថែមក្នុងពេលឆាប់ៗនេះ។

ដោយ​ ៖ XDA
អត្ថបទទាក់ទង