ម៉ាស់ N95 សរុបចំនួន 9 លានម៉ាស់ ត្រូវបានបរិច្ចាគដោយ Apple ដើម្បីការពារពីវីរុសកូរ៉ូណា​
ដោយ​ ៖ ឡេង | 2 សប្តាហ៍មុន SHARE

 

កាលពីប៉ុន្មានថ្ងៃមុននេះ យើងបានរាយការណ៍ជូនប្រិយមិត្តទាំងអស់គ្នាថា Apple បានធ្វើការបរិច្ចាគម៉ាស់ចំនួន 2 លានម៉ាស់ ទៅឲ្យបុគ្គលិកថែទាំសុខភាពតាមតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ហើយរហូតមកដល់ពេលឥឡូវនេះ លោកអនុប្រធានាធិបតីនៃសហរដ្ឋអាមេរិក Mike Pence និយាយប្រាប់ម្ដងទៀតថា Apple បានបន្ថែមការបរិច្ចាគដល់ចំនួនជាង 9 លានម៉ាស់ឯណោះ ដើម្បីជាជំនួយជូនរដ្ឋាភិបាល ក៏ដូចជាអ្នកកំពុងរងគ្រោះតែម្ដង។ ស្របនឹងពេលនេះដែរ លោកអនុប្រធានាធិបតីក៏បានលើកឡើងថា គាត់និងលោកប្រធានាធិបតី Donald Trump បានពិភាក្សាជាមួយលោក Tim Cook អំពីរឿងបរិច្ចាគម៉ាស់ ក្នុងពីពេលថ្មីៗកន្លងទៅនេះ។

ចំណែកឯម៉ាស់ទាំង 9 លាននោះ គឺសុទ្ធតែជាម៉ាស់ប្រភេទ N95 ទាំងអស់ ដើម្បីផ្គត់ផ្គង់ដល់សេវាថែទាំសុខភាព នៅទូទាំងប្រទេស និងរក្សាទុកក្នុងឃ្លាំងស្តុក របស់សហរដ្ឋអាមេរិក ក៏ដូចជាតាមតំបន់នានាផងដែរ។ ចំពោះមូលហេតុដែលជ្រើសរើសយកម៉ាស់ប្រភេទ N95 គឺដោយសារតែវាមានប្រសិទ្ធិភាពការពារ ជាងម៉ាស់វះកាត់ទៅទៀត ព្រោះពួកវាមានស្រទាប់ការពារល្អ អាចទប់សធាតុល្អិតៗឬធូលីមេរោគអាក្រក់បានជាង 95% ឯណោះ នេះបើយោងទៅតាមការស្រាវជ្រាវដោយ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ CDC របស់សហរដ្ឋអាមេរិក។ ខណៈពេលដែលម៉ាស់វះកាត់ ក៏អាចជួយការពារអ្នកពាក់បានដូចគ្នា ប៉ុន្ដែវាមានលក្ខណៈធូររលុង និងមិនអាចបាំងជិតបានទាំងស្រុងនោះទេ។ ក្រៅពីលោក Tim Cook ហើយ យើងក៏ឃើញមានក្រុមហ៊ុនធំៗដទៃទៀត ដែលបានចូលរួមបរិច្ចាគម៉ាស់ដូចគ្នា ដោយលោក Elon Musk នៃក្រុមហ៊ុនរថយន្ដអគ្គិសនី Tesla និង SpeacX បានផ្ញើម៉ាស់ប្រភេទ N95 ចំនួនជាង 250,000 ម៉ាស់ ទៅឲ្យក្រុមហ៊ុនមើលថែសុខភាព UCLA នៅសហរដ្ឋអាមេរិក ព្រមទាំងលោក Mark Zuckerberg បានបរិច្ចាគម៉ាស់ជាបន្ទាន់ចំនួនជាង 720,000 ម៉ាស់ឯណោះ និងមានគម្រោងផ្ដល់ជូនម៉ាស់ នៅពេលខាងមុខបន្ថែមទៀតផង។

បើគិតមកដល់បច្ចុប្បន្ន ករណីឆ្លងនៃវីរុសកូរ៉ូណា បានកើនឡើងដល់ខ្ទង់ 422,629 ករណីហើយ រួមបញ្ចូលនឹងចំនួនជាវិញចំនួនខ្ទង់ 108,879 ករណី និងចំនួនស្លាប់ខ្ទង់ 18,895 ករណី នៅទូទាំងពិភពលោក។ សម្រាប់ពេលឥឡូវនេះ គួរតែព្យាយាមពាក់ម៉ាស់ការពារ រៀងរាល់ពេលចេញទៅខាងក្រៅម្ដងៗ និងរក្សាអនាម័យទាំងអស់គ្នា។

ដោយ​ ៖ Business Insider
អត្ថបទទាក់ទង