Redmi K30 Pro និង K30 Pro Zoom Edition ចេញផ្លូវការ មានអេក្រង់លាតពេញ ប្រើឈីប Snapdragon 865 និងភ្ជាប់មកជាមួយកាមេរ៉ាក្រោយ 4 គ្រាប់ អាចថតវីដេអូបាន 8K ជាមួយតម្លៃចាប់ពីខ្ទង់ ១ លានរៀល ៧០ ម៉ឺនរៀល ឡើងទៅ​
ដោយ​ ៖ ឈីរ៉ូ | 2 សប្តាហ៍មុន SHARE

 

បន្ទាប់ពីទទួលបានដំណឹងបែកធ្លាយ ក៏ដូចជាដំណឹងផ្លូវការជាច្រើន ទាក់ទងទៅនឹងលក្ខណៈសម្បត្តិពិសេសៗរបស់ Redmi K30 Pro Series ស្ទើរតែមិនលស់ថ្ងៃរួចមក ទីបំផុត ដូចដែលបានសន្យា នៅក្នុងថ្ងៃនេះ តាមរយៈព្រឹត្តិការណ៍ពិសេសមួយ ធ្វើឡើងតាមអនឡាញ ក្រុមហ៊ុន Redmi បានធ្វើការប្រកាសចេញជាផ្លូវការ នូវទូរសព្ទឆ្លាតលំដាប់កំពូលជំនាន់ថ្មីរបស់ខ្លួនហើយ ដោយពួកវាមានឈ្មោះជាផ្លូវការថា Redmi K30 Pro និង Redmi K30 Pro Zoom Edition។

Redmi K30 Pro និង K30 Pro Zoom Edition បំពាក់មកជាមួយអេក្រង់លាតពេញទំហំ 6.67 អ៊ីញ ជាប្រភេទ AMOLED មានផ្ទៃបង្ហាញរហូតដល់ទៅ 92.7% អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ជាមួយអេក្រង់ Refresh Rate 60Hz គួបផ្សំជាមួយល្បឿនប៉ះសម្គាល់ 180Hz។ លើសពីនេះទៅទៀត បន្ទះបង្ហាញរបស់ទូរសព្ទឆ្លាតទាំង 2 ម៉ូឌែលនេះ មានកម្រិត Contrast Ratio ដល់ទៅ 5000000:1 ជាមួយកម្រិតពន្លឺ 800 nits ហើយអាចឡើងខ្ពស់បំផុតដល់ទៅ 1200 nits និងអាចគាំទ្របច្ចេកវិទ្យា HDR10+ ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីន ពួកវាប្រើប្រាស់បន្ទះឈីបលំដាប់កំពូល Snapdragon 865 បូករួមជាមួយម៉ូឌឹម 5G X55 (គាំទ្រ Dual-Mode 5G) គួបផ្សំជាមួយ RAM LPDDR5/LPDDR4x ទំហំ 6/8GB សម្រាប់ Redmi K30 Pro និង LPDDR5 ទំហំ 8GB សម្រាប់ Redmi K30 Pro Zoom Edition អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យជំនាន់ថ្មីចុងក្រោយគេ UFS 3.1 ទំហំ 128/256GB។ 

ចូលមកដល់ផ្នែកកាមេរ៉ាវិញ Redmi K30 Pro និង K30 Pro Zoom Edition ភ្ជាប់មកជាមួយកាមេរ៉ាមុខ 1 គ្រាប់ ជាប្រភេទហូតឡើងចុះ (Pop-up Camera) ទំហំ 20MP ដូចគ្នា។ ចំណែកឯផ្នែកខាងក្រោយវិញ Redmi K30 Pro បានភ្ជាប់កាមេរ៉ាសរុបចំនួន 4 គ្រាប់ (AI Quad Camera) ដោយមួយគ្រាប់គឺជាលេនគោល (Sony IMX686 + OIS) ទំហំ 64MP, មួយគ្រាប់ជាលេនទូលាយទូលាយ (Ultra Wide 123 ដឺក្រេ) ទំហំ 13, មួយគ្រាប់ទៀតជាលេន Macro ទំហំ 5MP និងមួយគ្រាប់ចុងក្រោយគេជាលេន Portrait ទំហំ 2MP។

រីឯ Redmi K30 Pro Zoom Edition វិញ បានភ្ជាប់មកជាមួយកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ (AI Quad Camera) ដោយមួយគ្រាប់គឺជាលេនគោល (Sony IMX686 + OIS) ទំហំ 64MP, មួយគ្រាប់ជាលេនទូលាយទូលាយ (Ultra Wide 123 ដឺក្រេ) ទំហំ 13, មួយគ្រាប់ទៀតជាលេនពង្រីក (Telephoto + OIS) ទំហំ 8MP មានសមត្ថភាពអាចធ្វើពង្រីក Optical Zoom បាន 3 ដង និង Digital Zoom បាន 30 ដង និងមួយគ្រាប់ចុងក្រោយគេជាលេន Portait ទំហំ 2MP។ គួរបញ្ជាក់ផងថា កាមេរ៉ាក្រោយរបស់ Redmi K30 Pro Series មានសមត្ថភាពអាចធ្វើការថតវីដេអូ បានក្នុងកម្រិតខ្ពស់ដល់ទៅ 8K (7680 x 4230 ភិចស៊ែល) ថែមទៀតផង។ 

Redmi K30 Pro និង K30 Pro Zoom Edition ភ្ជាប់មកជាមួយថ្មទំហំ 4,700 mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W អាចសាកថ្មពី 0 ទៅដល់ 100% ចំណាយពេលត្រឹមតែ 63 នាទី ដូចគ្នា។ លើសពីនេះទៅទៀត ទូរសព្ទឆ្លាតទាំង 2 ម៉ូឌែលនេះ ក៏បានភ្ជាប់មកជាមួយមុខងារ និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួន បន្ថែមទៀតផងដែរ ក្នុងនោះមានដូចជា បច្ចេកវិទ្យាស្កេនស្នាមម្រាមដៃ មានសេនស័រស្ថិតនៅក្រោមអេក្រង់, បច្ចេកវិទ្យាអាវក្រោះការពារទឹក និងធូលី កម្រិត IP53 គួបផ្សំជាមួយទឹកថ្នាំពិសេស P2i (Nano Coating Protection), បច្ចេកវិទ្យា Wi-Fi 6, បច្ចេកវិទ្យា Super Bluetooth + Bluetooth 5.1, បច្ចេកវិទ្យា NFC, រន្ធដោតកាស 3.5mm, បន្ទះដែកកាត់បន្ថយកំដៅ CPU (Vapor Chamber) ទំហំធំ ក៏ដូចជាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 10 ស្រោបដោយស្បែក MIUI 11 ជាដើម។ 

Redmi K30 Pro និង K30 Pro Zoom Edition កើតមកជាមួយជម្រើសពណ៌សរុបចំនួន 4 ដូចគ្នា ក្នុងនោះរួមមានដូចជា ពណ៌ខៀវ, ស្វាយ, ប្រផេះ និងពណ៌ស។

តម្លៃដាក់លក់ Redmi K30 Pro ត្រូវបែងចែកចេញជា 3 ជម្រើស រួមមានដូចជា :

សម្រាប់ជម្រើស RAM 6GB + អង្គផ្ទុកទិន្នន័យទំហំ 128GB ត្រូវដាក់លក់នៅក្នុងតម្លៃខ្ទង់ ១ លានរៀល ៧០ ម៉ឺនរៀល (425 ដុល្លារ)

សម្រាប់ជម្រើស RAM 8GB + អង្គផ្ទុកទិន្នន័យទំហំ 128GB ត្រូវដាក់លក់នៅក្នុងតម្លៃខ្ទង់ ១ លាន ៩២ ម៉ឺនរៀល (480 ដុល្លារ) 

សម្រាប់ជម្រើស RAM 8GB + អង្គផ្ទុកទិន្នន័យទំហំ 256GB ត្រូវដាក់លក់នៅក្នុងតម្លៃខ្ទង់ ២ លាន ១០ ម៉ឺនរៀល (525 ដុល្លារ) 

ចំណែកឯ តម្លៃដាក់លក់ Redmi K30 Pro Zoom Edition វិញ ត្រូវបែងចែកចេញជា 2 ជម្រើស រួមមានដូចជា :

សម្រាប់ជម្រើស RAM 8GB + អង្គផ្ទុកទិន្នន័យទំហំ 128GB ត្រូវដាក់លក់នៅក្នុងតម្លៃខ្ទង់ ២ លាន ១០ ម៉ឺនរៀល (525 ដុល្លារ) 

សម្រាប់ជម្រើស RAM 8GB + អង្គផ្ទុកទិន្នន័យទំហំ 256GB ត្រូវដាក់លក់នៅក្នុងតម្លៃខ្ទង់ ២ លាន ២៦ ម៉ឺនរៀល (565 ដុល្លារ) 

 

ក្រុមហ៊ុន Redmi អនុញ្ញាឲ្យអ្នកដែលរស់នៅក្នុងប្រទេសចិន អាចធ្វើការកុម្ម៉ង់ទិញ Redmi K30 Pro និង Redmi K30 Pro Zoom Edition ទុកមុន ចាប់ពីថ្ងៃនេះតទៅ ហើយពួកវានឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2020 ខាងមុខនេះ។ គួរបញ្ជាក់ផងថា តម្លៃខាងលើនេះ គឺជាតម្លៃដាក់លក់នៅក្នុងប្រទេសចិន តែប៉ុណ្ណោះ។

 

ដោយ​ ៖ Redmi
អត្ថបទទាក់ទង