ថ្ងៃនេះ អ្នកមានឱកាសទាញយកហ្គេម Tomb Raider ចំនួន 2 ដោយឥតគិតថ្លៃ​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ខណៈពេលដែល យើងទាំងអស់គ្នាព្យាយាមនៅក្នុងផ្ទះ ដើម្បីធ្វើការជៀសវាងកុំឲ្យឆ្លងពីរីរុសកូរ៉ូណា (COVID-19) ដូច្នេះហើយអ្នកមួយចំនួនប្រាកដជា មានអារម្មណ៍ថាអផ្សុកខ្លាំង ជាក់ជាមិនខាន ដោយមិនដឹងរកវិធីយ៉ាងណា ដើម្បីកំសាន្ដជាប់ជារៀងរហូតនោះឡើយ។ ទោះបីជាយ៉ាងណាក្ដី ប្រសិនបើប្រិយមិត្តទាំងអស់គ្នា តែងតែចូលចិត្តលេងហ្គេម ហើយមិនធ្លាប់បានលេងហ្គេម Tomb Raider ពីមុនមកទេ គឺអាចចូលមកទាញយកហ្គេមមួយនេះ ចំនួន 2 វគ្គល្បីៗ នៅលើ Steam មកសាកល្បងមើលបាន ដោយឥតគិតថ្លៃតែម្ដង។

ចំណែកឯហ្គេមដាក់ឲ្យទាញយកទាំង 2 នេះ គឺរួមមានដូចជាហ្គេម Tomb Raider (2013) និងហ្គេម Lara Croft and the Temple of Osiris ផងដែរ ដោយសម្រាប់ថ្ងៃដាក់លក់ធម្មតា ពួកវាសុទ្ធតែមានតម្លៃខ្លួនជាង 8 ម៉ឺនរៀល ឬ 20 ដុល្លារឯណោះ។ បើយើងងាកមើលទៅលើចំនួនអ្នកលេង ដែលបានផ្ដល់ជាមតិវិញនោះ គឺបានដាក់បង្ហាញឲ្យឃើញថា ហ្គេម Tomb Raider (2013) ទទួលបានមតិវិជ្ជមានជាច្រើនលើសលុប ហើយភាគច្រើនសរសើរលើសាច់រឿងលេងបានល្អ, ក្រាហ្វិកស្អាត និងរបៀបបញ្ជាលេងផងដែរ។ ដោយឡែក ចំពោះហ្គេម Lara Croft and the Temple of Osiris គឺមិនសូវទទួលបានមតិល្អណាស់ណានោះទេ ដោយមានអ្នកលេងចំនួនពាក់កណ្ដាលថា ពួកគេពេញចិត្តនឹងការលេងរបស់វា ព្រមទាំងការលេងបែបអនឡាញជាមួយមិត្តភក្ដី ក៏ប៉ុន្ដែអ្នកលេងពាក់កណ្ដាលទៀត បានជួបបញ្ហាលើផ្នែកបញ្ជាលេង និងដំណើរការមិនសូវរលូនជាដើម។ សម្រាប់អ្នកដែលចង់លេងហ្គេមទាំងអស់នេះ អាចចូលទៅកាន់កម្មវិធី Steam ដើម្បីស្វែងរកមើល និងទាញយកមកលេងបានក្នុងថ្ងៃនេះ ដោយវានឹងផុតកំណត់មុនថ្ងៃទី 24 នាពេលឆាប់ៗនេះហើយ។

***ដើម្បីចូលទៅកាន់កន្លែងទាញយកហ្គេម Tomb Raider (2013) សូមចុចទីនេះ

***ដើម្បីចូលទៅកាន់កន្លែងទាញយកហ្គេម Lara Croft and the Temple of Osiris សូមចុចទីនេះ

អញ្ចឹង ប្រសិនបើលោកអ្នកមានចាប់អារម្មណ៍លើពួកវា អាចចូលទៅស្វែងរកមើលលើកម្មវិធី Steam ឬ ចុចតាមតំណភ្ជាប់ខាងលើ ដើម្បីទាញយកមកលេងបាន ដោយកុំចាំឲ្យឱកាសដ៏កម្រមានមួយនេះ កន្លងផុតទៅបាត់។ លើសពីនេះទៅទៀត ហ្គេម Rise of the Tomb Raider ក៏កំពុងត្រូវបានបញ្ចុះតម្លៃរហូតដល់ទៅ 70% ដែលចុះមកដល់តម្លៃត្រឹម 8.99 ដុល្លារ ជាមួយនឹងតម្លៃដើមខ្ទង់ 29.99 ដុល្លារ នៅពេលដាក់លក់ធម្មតា។

ដោយ​ ៖ CNET
អត្ថបទទាក់ទង