Microsoft បញ្ចេញផែនទីបង្ហាញពីចំនួនឆ្លងនៃវីរុសកូរ៉ូណា ដើម្បីឲ្យយើងងាយស្រួលតាមដាន​
ដោយ​ ៖ ឡេង | 2 ខែមុន SHARE

 

ស្របនឹងពេលដែលវីរុសកូរ៉ូណា (COVID-19) កំពុងតែរីករាលដាលជុំវិញពិភពលោក នោះយើងក៏ចាប់អារម្មណ៍ឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាតូចធំទាំងឡាយ បានខិតខំព្យាយាមបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកវិធីយ៉ាងណា ដើម្បីទប់ស្ដាត់កុំឲ្យបន្ដកើតមានការចម្លង ពីមនុស្សម្នាក់ទៅម្នាក់ទៀត ។ ចំណែកឯដំណោះស្រាយមួយក្នុងចំណោមនោះ គឺជាផែនទីដែលដាក់បង្ហាញឲ្យឃើញពី ចំនួនករណីឆ្លងវីរុសកូរ៉ូណា តាមបណ្ដាប្រទេសនីមួយៗ ទូទាំងពិភពលោកតែម្ដង។ ក្រុមហ៊ុន Microsoft ក៏បានធ្វើការបញ្ចេញផែនទីតាមដានវីរុស COVID-19 នៅលើវេបសាយ Bing របស់ខ្លួន សម្រាប់យើងទាំងអស់គ្នា កាលពីពេលថ្មីៗនេះ ផងដែរ។

ទិន្នន័យដែលដាក់បង្ហាញនៅលើផែនទីនេះ ត្រូវបានក្រុមការងាររបស់ Microsoft ដកស្រង់ចេញពី មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC), អង្គការសុខភាពពិភពលោក (WHO), មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការការពារនិងគ្រប់គ្រងជំងឺ (ECDC) និងវេបសាយវិគីភីឌា ជាដើម ដោយសុទ្ធតែអាចជឿជាក់បាន។ ហាក់បីដូចជាផែនទីតាមដានករណីឆ្លងវីរុសកូរ៉ូណាដទៃទៀតដែរ ដោយនៅលើវេបសាយ Bing នេះ គឺវាដាក់បង្ហាញឲ្យឃើញពីចំនួនសរុបទូទាំងពិភពលោក និងតាមប្រទេសនីមួយៗដាច់ពីគ្នា។ នៅលើវេបសាយតាមដាននេះ វាក៏មានបញ្ជាក់នូវចំនួនករណីដែលបានរកឃើញក្នុងពេលឥឡូវ (Active Cases), ចំនួនជាសះស្បើយឡើងវិញ (Recovered Cases), ចំនួនដែលបានស្លាប់ពីវីរុសនេះ (Fatal Cases) និងមានព័ត៌មានក្នុងស្រុកទាក់ទងជាមួយវីរុស COVID-19 នៅខាងក្រោម ដើម្បីឲ្យយើងយល់ដឹងបានបន្ថែមទៀត។ សម្រាប់ឲ្យកាន់តែងាយស្រួលមើលថែមទៀត Microsoft ក៏បានបញ្ចេញជាសញ្ញារង្វង់ពណ៌ក្រហម ដោយតំណាងឲ្យករណីច្រើនឬតិច តាមរយៈរង្វង់នោះមានទំហំតូចឬធំ។

***ដើម្បីចូលទៅកាន់វេបសាយ Bing COVID Tracker សូមចុចទីនេះ

បើគិតមកដល់បច្ចុប្បន្ននេះ ករណីឆ្លងនៃវីរុសកូរ៉ូណាបានកើនឡើងដល់ខ្ទង់ 186,728 ករណីហើយ រួមបញ្ចូលនឹងចំនួនជាវិញចំនួនខ្ទង់ 79,518 ករណី និងចំនួនស្លាប់ខ្ទង់ 7,238 ករណី នៅទូទាំងពិភពលោក។ ប្រិយមិត្តទាំងអស់គ្នា អាចចុចលើតំណភ្ជាប់ខាងលើ ឬចូលទៅកាន់វេបសាយ bing.com/covid ដើម្បីតាមដានចំនួនករណីទាំងនោះបាន។

ដោយ​ ៖ Beebom
អត្ថបទទាក់ទង