Redmi Note 9 Pro/Note 9 Pro Max ចេញផ្លូវការហើយ ប្រើឈីប Snapdragon 720G, រ៉េមទំហំ 8GB, ថ្ម 5020mAh និងមានតម្លៃចាប់ពីខ្ទង់ ៧០ ម៉ឺនរៀល (175 ដុល្លារ)​
ដោយ​ ៖ គង់គីត | 2 ខែមុន SHARE

 

ដូចអ្វីដែលគ្រោងទុកមុនអញ្ចឹង កាលពីអម្បាញ់មិញនេះ ក្រុមហ៊ុន Xiaomi បានធ្វើការប្រកាសចេញទូរសព្ទឆ្លាតលំដាប់កណ្ដាលជំនាន់ថ្មី ស្ថិតនៅត្រកូល Note របស់ខ្លួនជាផ្លូវការហើយ ដោយពួកវាមានឈ្មោះជាផ្លូវការ Redmi Note 9 Pro និង Redmi Note 9 Pro Max។ ទូរសព្ទឆ្លាតជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi ទាំង 2 ម៉ូឌែលនេះ ទទួលបានកំណែអាប់ដេតច្រើនទៅលើផ្នែករូបរាង និងកម្លាំងម៉ាស៊ីន ក៏ដូចជាបានភ្ជាប់មកជាមួយតម្លៃសមរម្យ ទៀតផង។

ជាក់ស្ដែង សម្រាប់ Redmi Note 9 Pro បំពាក់មកជាមួយអេក្រង់ 6.67 អ៊ីញ ជាប្រភេទ IPS LCD អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ ជាមួយអេក្រង់ Refresh Rate ត្រឹម 60Hz ចំណែកឯ Redmi Note 9 Pro Max បំពាក់មកជាមួយអេក្រង់ 6.67 អ៊ីញ អាចបង្ហាញរូបភាពបានក្នុងកម្រិត Full HD+ និងមានល្បឿនអេក្រង់ Refresh Rate កម្រិត 60Hz ដូចគ្នាទាំងអស់។ កាន់តែពិសេសទៀតនោះ អេក្រង់របស់ Redmi Note 9 Pro និង Note 9 Pro Max មានសណ្ឋានលាតធំ ជាមួយ Aspect Ratio 20:9 Cinema Screen ក៏ដូចជាភ្ជាប់មកជាមួយការបំពាក់កញ្ជក់ការពារ Corning Gorilla Glass 5 ទាំងខាងមុខ និងខាងក្រោយ រួមទាំងកាមេរ៉េក្រោយ ហើយពួកវាមានបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃនៅចំហៀងខាងស្ដាំនៃទូរសព្ទ ជាមួយប៉ូតុង Power ថែមទៀតផង។

ចំពោះកម្លាំងម៉ាស៊ីន Redmi Note 9 Pro បានប្រើប្រាស់បន្ទះឈីប Snapdragon 720G គួបផ្សំជាមួយជម្រើស RAM ទំហំ 4GB/6GB និងជម្រើសអង្គផ្ទុកទិន្នន័យ ទំហំ 64GB/128GB រីឯសម្រាប់ Redmi Note 9 Pro Max ត្រូវបានបំពាក់មកជាមួយបន្ទះឈីប Snapdragon 720G ជំនាន់ថ្មីដូចគ្នា អមដោយជម្រើសរ៉េមទំហំ 6GB/8GB និងអង្គផ្ទុកទិន្នន័យ 64GB ឬ 128GB។ ចំណែកឯផ្នែកកាមេរ៉ា Redmi Note 9 Pro ភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួនមួយគ្រាប់ទំហំ 16MP ជាម៉ូតទម្លុះអេក្រង់ និងកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 48MP (សេនស័រ Samsung GM2) មួយគ្រាប់ទៀតជាលេនទូលាយ Ultra Wide ទំហំ 8MP បូកមួយគ្រាប់ទៀតទំហំ 2MP (Portrait Len) និងមួយគ្រាប់ចុងក្រោយគេជា Macro លេន ទំហំ 5MP ដែលអាចថតវត្ថុបានជិតបំផុតនៅចន្លោះ 2cm ទៅ 10cm។ ចំណែកឯ Redmi Note 9 Pro Max មានកាមេរ៉ាមុខចំនួនមួយគ្រាប់ទំហំ 32MP ជាម៉ូតទម្លុះអេក្រង់ និងមានកាមេរ៉ាក្រោយសរុបចំនួន 4 គ្រាប់ ដោយមួយគ្រាប់គឺជាលេនដើមទំហំ 64MP និង 3 គ្រាប់ទៀតជាសេនស័រតែមួយដូចមាននៅលើ Redmi Note 9 Pro អញ្ចឹងដែរ។ លើសពីនេះ Redmi Note 9 Pro Series បានភ្ជាប់មកជាមួយថាមពលថ្មទំហំ 5,020mAh ដូចគ្នា ប៉ុន្តែសម្រាប់ Redmi Note 9 Pro បានបំពាក់មុខងារសាកថ្មល្បឿនលឿនត្រឹមទំហំ 18W ចំណែកឯ Note 9 Pro Max អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដែលមានកម្លាំងដល់ 33W។

ក្រៅពីនេះ នៅមានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា បានដំណើរការដោយ Android 10 ស្រោបជាមួយស្បែក Interface MIUI 11 ដូចគ្នា, មានមុខងារ IR Blaster, បន្ថែម MicroSD Card បាន និងមានរន្ធដោតកាស 3.5mm ជាដើម។ ដោយឡែក សម្រាប់តម្លៃក្នុងប្រទេសឥណ្ឌាវិញ ក្រុមហ៊ុន Xiaomi បានដាក់លក់ Redmi Note 9 Pro ក្នុងតម្លៃ៖

• ចំពោះរ៉េមទំហំ 4GB + 64GB  មានតម្លៃខ្ទង់ ៧០ ម៉ឺនរៀល ឬ 175$

• ចំពោះរ៉េមទំហំ 6GB + 128GB មានតម្លៃខ្ទង់ ៨៦ ម៉ឺនរៀល ឬ 215$ មានជ្រើស 3 ពណ៌គឺ ាAurora Blue និង Glacier White និង Intersteller Black ដែលនឹងត្រូវបានដាក់លក់នៅថ្ងៃទី 17 មីនានេះ។

និងសម្រាប់ Redmi Note 9 Pro Max៖

• ចំពោះរ៉េម 6GB + 64GB មានតម្លៃខ្ទង់ ៨០ ម៉ឺនរៀល ឬ 202$ 

• ចំពោះរ៉េម 6GB + 128GB មានតម្លៃខ្ទង់ ៩១ ម៉ឺនរៀល ឬ 229$

• ចំពោះរ៉េម 8GB + 128GB មានតម្លៃខ្ទង់ ១ លាន ២ ម៉ឺនរៀល ឬ 256$ មានជ្រើសពណ៌ដូចគ្នាជាមួយ Redmi Note 9 Pro ដែលនឹងត្រូវបានដាក់លក់នៅថ្ងៃទី 24 មីនាខាងមុខនេះហើយ។

ដោយ​ ៖ Gizmo China
អត្ថបទទាក់ទង