HBO នឹងដកស្រង់សាច់រឿងពីហ្គេម The Last of Us ដើម្បីយកទៅបង្កើតជារឿងភាគ ក្នុងពេលខាងមុខនេះ​
ដោយ​ ៖ ឡេង | 4 ខែមុន SHARE

 

ប៉ុស្តិ៍ទូរទស្សន៍ និងសេវាកម្មកំសាន្ដ HBO ដែលមានប្រជាប្រិយភាពខ្លាំងមួយ បានសម្រេចចិត្តប្រកាសជាផ្លូវការ កាលពីយប់មិញនេះថា ពួកគេនឹងសហការជាមួយក្រុមហ៊ុន Naughty Dog ដើម្បីធ្វើការថតរឿងភាគអំពីហ្គេម The Last of US នាពេលខាងមុខនេះ។ ជាការពិតណាស់ វាគឺជាដំណឹងដ៏ល្អបំផុតមួយ សម្រាប់រៀងរាល់អ្នកគាំទ្រហ្គេមទាំងអស់ ដោយមិនត្រឹមតែនឹងទទួលបានវគ្គ 2 ទុកលេងនៅពេលឆាប់ៗនេះទេ ព្រមទាំងទទួលបានរឿងសម្រាប់ទស្សនា ថែមទៀតផង។

បើយោងទៅតាម HBO គឺបានបញ្ជាក់ប្រាប់ឲ្យដឹងថា លោក Craig Mazin និងលោក Neil Druckmann (ដែលពួកគាត់ជាអ្នករៀបចំសាច់រឿង Chernobyl) នឹងមកចូលរួមក្នុងគម្រោងបង្កើតរឿង The Last of Us នេះផងដែរ។ សម្រាប់ប្រិយមិត្តអ្នកអានមួយចំនួន ដែលមិនទាន់បានស្គាល់ច្បាស់ នោះគឺថា The Last of Us ជាហ្គេមបែបភ័យរន្ធត់ជាប្រភេទ Survival ហើយត្រូវបានបង្កើតដោយក្រុមហ៊ុន Sony និង Naughty Dog កាលពីឆ្នាំ 2013 កន្លងទៅនេះ ដែលវាសម្រាប់លេងនៅលើម៉ាស៊ីនហ្គេម PlayStation 3 និង 4 ប៉ុណ្ណោះ។ ចំណែកឯវគ្គទី 2 វិញនោះ គឺមានឈ្មោះហៅជាផ្លូវការថា The Last of Us Part II ដោយគ្រោងនឹងប្រកាសប៉ុន្មានខែមុននេះ ក៏ប៉ុន្ដែត្រូវបានពន្យាពេលទៅខែឧសភាវិញ ទើបបានដាក់ឲ្យជាវលេង។ ទោះបីជាយ៉ាងណាក៏ដោយ HBO មិនបានបង្ហើបប្រាប់ពីអ្នកសម្ដែង ឬក៏នឹងចាក់បញ្ចាំងនៅពេលណានោះទេ សម្រាប់ពេលបច្ចុប្បន្ននេះ ដោយយើងត្រូវរង់ចាំតាមដានមើល លើព័ត៌មានក្រោយៗទៀត។ ដោយឡែក សារព័ត៏មាន Hollywood Reporter បានអះអាងមកថា រឿងភាគថ្មីមួយនេះ នឹងមានសាច់រឿងដូចនៅក្នុងហ្គេមអញ្ចឹងដែរ ដោយមិនសូវជាកែប្រែច្រើននោះឡើយ។

ខណៈពេលដែល យើងកំពុងតែរង់ចាំរឿងភាគរបស់ The Last of Us ចាក់បញ្ចាំងឲ្យទស្សនា នោះគឺយើងនៅអាចបន្ដលេងវគ្គទី 2 បន្ថែមទៀត ដែលត្រៀមនឹងចេញនៅខែឧសភា ឆ្នាំ 2020 ខាងមុខនេះសិនបាន។ យ៉ាងណាមិញ យើងសង្ឃឹមថានឹងអាចទទួលបានដំណឹងថ្មី ទាក់ទងទៅនឹងខ្សែភាពយន្ដរបស់ហ្គេម The Last of Us ក្នុងពេលឆាប់ៗនេះទៅចុះ។

ដោយ​ ៖ Slash Gear
អត្ថបទទាក់ទង