នេះជារថយន្ដអគ្គិសនីគម្រូថ្មីរបស់ Hyundai ដោយគ្មានដៃចង្កូតសម្រាប់បើកបរនោះទេ​
ដោយ​ ៖ ឡេង | 4 ខែមុន SHARE

 

ជារៀងរាល់មួយឆ្នាំម្ដង ក្រុមហ៊ុនផលិតរថយន្ដទាំងតូចទាំងធំ មកពីទូទាំងពិភពលោក តែងតែត្រឡប់មកជួបជុំគ្នា នៅឯព្រឹត្តិការណ៍តាំងពិពណ៌រថយន្ដ Geneva Motor Show ដើម្បីធ្វើការដាក់បង្ហាញពីរថយន្ដថ្មីៗ ឬ ជាប្រភេទគម្រូនានា ឲ្យអ្នកគាំទ្ររបស់ពួកគេបានស្គាល់ផងដែរ។ សម្រាប់ឆ្នាំ 2020 នេះ ដោយសារតែវីរុសកូរ៉ូណា ទើបធ្វើឲ្យព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរំសាយចោលទៅវិញហើយ និងបន្ដរង់ចាំរៀបចំឡើង នៅឆ្នាំក្រោយៗទៀត។ ទោះបីជាយ៉ាងណាក្ដី នាពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្ដ Hyundai មិនចង់ឲ្យខកខានពេលវេលាច្រើន ក៏បានសម្រេចចិត្តធ្វើការលាតត្រដាងពី រថយន្ដគម្រូជំនាន់ក្រោយរបស់ខ្លួន តាមរយៈអ៊ីនធើណេតតែម្ដង។

រថយន្ដគម្រូថ្មីមួយនេះ ត្រូវបានក្រុមហ៊ុន Hyundai ដាក់ឈ្មោះឲ្យថា Prophecy ហើយវាគឺជារថយន្ដអគ្គិសនី ដែលភ្ជាប់មកជាមួយរូបរាងប្រណិត ដូចមកពីពេលអនាគតអញ្ចឹង និងជាពិសេស ស្ថិតនៅផ្នែកខាងក្នុងរបស់វា។ បើយើងពិនិត្យមើលទៅលើតួខ្លួនរបស់ Hyundai Prophecy ថ្មីនេះ ពិតជាស្រដៀងគ្នាទៅនឹងរថយន្ដរបស់ Porsche និង Tesla លើចំណុចជាច្រើន ដោយវាមានជម្រើសពណ៌ខ្មៅរលោងដិត គួរឲ្យទាក់ទាញមែនទែន។ ខណៈពេលដែល Hyundai ធ្វើការបង្ហោះលើអ៊ីនធើណេតនេះ គឺមិនបានបញ្ជាក់ប្រាប់អំពី កម្លាំងម៉ាស៊ីន ឬក៏ សមត្ថភាពអ្វីនោះឡើយ ដូច្នេះអ្វីដែលយើងទទួលបាន នោះមានតែរូបរាងរបស់វាសិនប៉ុណ្ណោះ សម្រាប់ពេលបច្ចុប្បន្ននេះ។

យោងតាមរូបភាពទាំងអស់នេះ គឺបានធ្វើឲ្យយើងដឹងថា រថយន្ដអគ្គិសនីគម្រូថ្មីមួយនេះ មិនមានភ្ជាប់មកជាមួយដៃចង្កូត ដូចជារថយន្ដធម្មតានោះឡើយ ដោយឡែក Hyundai ផ្ដល់ជូននូវដៃបញ្ជាដូចជា Joystick នៅផ្នែកចំហៀងសងខាងកៅអីវិញ ដើម្បីឲ្យអ្នកធ្វើការបញ្ជាបើកបរផងដែរ។ កាន់តែពិសេសជាងនេះទៀត នោះគឺប្រាកដជាអេក្រង់កោងជុំវិញរថយន្ដ ដូចបង្ហាញក្នុងរូបភាពខាងក្រោមនេះតែម្ដង និងអាចអនុញ្ញាតឲ្យយើងធ្វើការចុចបញ្ជា ឬ ដាក់បង្ហាញពីព័ត៌មានផ្សេងៗ ជាដើម។

ហេតុដោយសារតែ រថយន្ដនេះជាប្រភេទគម្រូ ដូច្នេះយើងមិនទាន់ដឹងច្បាស់ នៅក្នុងឆ្នាំណាឲ្យប្រាកដឡើយទេថា វានឹងបញ្ចេញលើទីផ្សារ ដើម្បីអាចឲ្យបើកបរលើផ្លូវសាធារណៈបាន ដោយក្រុមហ៊ុន Hyundai ក៏មិនទាន់មានចម្លើយផងដែរ បើនិយាយបច្ចេកវិទ្យាក្នុងពេលសព្វថ្ងៃនេះ។ តើអ្នកទាំងអស់គ្នាយល់ឃើញយ៉ាងណាដែរ ថាតើវាមានចំណុចពិសេសត្រង់កន្លែងណាខ្លះ ដែលធ្វើឲ្យអ្នកចំណាប់អារម្មណ៍ជាងគេ?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង