BMW ចាប់ផ្ដើមទសវត្សរ៍ថ្មីជាមួយនឹងរូបតំណាង Logo ថ្មីតែម្ដង​
ដោយ​ ៖ ឡេង | 6 ខែមុន SHARE

 

ម៉ាករថយន្ដប្រណិតដ៏ល្បីល្បាញ BMW បានធ្វើការដាក់បង្ហាញពីរថយន្ដគម្រូថ្មីរបស់ខ្លួន កាលពីពេលម្សិលមិញនេះ ដោយវាមានឈ្មោះហៅថា i4 សម្រាប់ជិះក្នុងពេលអនាគត ជាមួយរូបរាងកាន់តែស្រស់ស្អាត និងបច្ចេកវិទ្យាទំនើបៗថែមទៀតផង។ ស្របនឹងពេលនេះផងដែរ BMW ព្រមទាំងបានលាតត្រដាងរូបតំណាង Logo ថ្មីរបស់ខ្លួនជាផ្លូវការតែម្ដង ដោយត្រូវបានលុបការរចនាបថបែប 3D មកជារូបភាពដ៏សាមញ្ញមួយវិញ។

ក្រៅពីនេះទៅទៀត យើងបានប្រទះឃើញថា ផ្ទៃពណ៌ខ្មៅចាក់ជុំវិញនោះ ក៏ត្រូវបានលុបចេញដូចគ្នាដែរ និងបានប្ដូរមកជាលក្ខណៈបែបថ្លា ដោយគ្មានរក្សាទុកម៉ូតច្រើនទៀតនោះទេ។ ខណៈពេលដែល ធ្វើការដាក់បង្ហាញពី រថយន្ដទំនើបគម្រូ i4 ថ្មីនេះ លោក Jens Thiemer ត្រូវជាអនុប្រធានជាន់ខ្ពស់ម្នាក់ប្រចាំ BMW បានបញ្ជាក់ប្រាប់ឲ្យដឹងថា រូបតំណាង Logo មានសភាពថ្លាបែបនេះ គឺចង់បញ្ចេញពីភាពបើកចំហ និងភាពច្បាស់លាស់ ដល់ម៉ាករថយន្ដរបស់ខ្លួនផងដែរ។ បើយោងទៅតាមប្រវត្តិសាស្រ្ដនៃរូបតំណាងរបស់ BMW ដូចដាក់បង្ហាញនៅរូបភាពខាងលើនេះ គឺពិតជាធ្វើឲ្យយើងបានឃើញថា ពួកគេបានកែច្នៃត្រឡប់ទៅជំនាន់ឆ្នាំ 1963 វិញ ហើយបានលុបផ្ទៃពណ៌ខ្មៅចោល ដោយសម្រេចចិត្តមិនបន្ដប្រើប្រាស់រូប Logo បែប 3D ពីឆ្នាំ 1997 ទៀតនោះឡើយ។ ចំណែកឯរថយន្ដទំនើបប្រភេទគម្រូឈ្មោះថា i4 ស៊េរីថ្មីនេះ គឺជារថយន្ដដំបូងបង្អស់ ដែលបំពាក់មកជាមួយរូប Logo ថ្មីមួយនេះ ប៉ុន្ដែយើងមិនទាន់ដឹងថា រថយន្ដផ្លូវការម៉ូឌែលណាមួយឡើយ ដែលនឹងទទួលបានវា បន្ទាប់ពីនេះទៀត។

រូបតំណាង Logo ស្លាកយីហោថ្មីរបស់ BMW ពិតជាមានលក្ខណៈបែបសាមញ្ញ ប៉ុន្ដែក៏មើលទៅទាន់សម័យម្យ៉ាងដែរ ដោយក្រុមហ៊ុនធំៗភាគច្រើន សុទ្ធតែបានប្ដូរពីរូបរាង 3D មកប្រើប្រាស់រូប Logo ជាលក្ខណៈធម្មតាច្រើនទៅៗហើយ។ ចុះប្រិយមិត្តអ្នកអានវិញនោះ តើមានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះរូបតំណាងថ្មីមួយនេះ?

ដោយ​ ៖ Creative Bloq
អត្ថបទទាក់ទង