Apple មិនចង់ឲ្យតួអង្គចិត្តអាក្រក់ប្រើ iPhone របស់ខ្លួនក្នុងខ្សែភាពយន្ដឡើយ​
ដោយ​ ៖ ឡេង | 1 ខែមុន SHARE

 

ចំពោះរាល់ខ្សែភាពយន្ដនីមួយៗ តែងតែមាននូវតួអង្គចិត្តល្អ និងតួអង្គចិត្តអាក្រក់ ដើម្បីឲ្យសាច់រឿងកាន់តែគួរឲ្យចាប់អារម្មណ៍ តទៅមុខរហូតដល់ពេលចប់ ហើយភាគច្រើន អ្នកទស្សនាប្រាកដជាចូលចិត្តតួអង្គចិត្តល្អ ជាងតួអង្គចិត្តអាក្រក់ជាក់ជាមិនខាន។ បើតាមការមើលទៅ អាចដោយសារតែមូលហេតុនេះហើយ ទើបយើងទទួលបានដំណឹងថ្មីថា ក្រុមហ៊ុន Apple មិនអនុញ្ញាតឲ្យអ្នកផលិតខ្សែភាពយន្ដ ធ្វើការផ្ដល់ជូន iPhone ទៅឲ្យតួអង្គចិត្តអាក្រក់ប្រើប្រាស់នោះទេ។

ចំពោះដំណឹងថ្មីមួយនេះ ត្រូវបានចែករំលែកដោយលោក Rian Johnson ដែលត្រូវជាអ្នកដឹកនាំរឿង Knives Out ដោយខណៈពេលគាត់កំពុងតែវិភាគប្លង់ថត សម្រាប់រឿងរបស់គាត់មួយនេះ នៅក្នុងវីដេអូលើឆានែល Vanity Fair កាលពីពេលថ្មីៗនេះ។ ជាការពិតទៅ នេះមិនមែនជាលើកដំបូង ដែលយើងបានលេចឮ ពីច្បាប់មួយនេះឡើយ ព្រោះកាលពីពេលមុនៗមក មានពាក្យចចាមអារ៉ាមថា Apple តែងតែគ្រប់គ្រងលើផលិតផលរបស់ខ្លួន ថាតើអាចដាក់បង្ហាញលើទូរទស្សន៍ ឬ ខ្សែភាពយន្ដបានដែរឬក៏អត់ទេ។ រហូតមកដល់ពេលនេះ ក៏បានចេញពីមាត់របស់ អ្នកដឹកនាំរឿងល្បីឈ្មោះតែម្ដង ប៉ុន្ដែគាត់មិនបានបញ្ជាក់ប្រាប់ពី មូលហេតុច្បាស់លាស់នោះទេ។ យោងតាមមនុស្សមួយចំនួន គឺបានយល់ឃើញលើមូលហេតុថា ព្រោះ Apple មិនចង់ឲ្យផលិតផលរបស់ខ្លួន ក្លាយទៅជាវត្ថុតំណាងឲ្យអំពើអាក្រក់ និងធ្វើឲ្យអ្នកទស្សនាគិតថា នៅពេលដែលមាន iPhone គឺមានរឿងល្អកើតឡើងដែរ ជាដើម។ ប្រិយមិត្តទាំងអស់គ្នា អាចចូលទស្សនាវីដេអូពេញ នៅខាងក្រោមនេះបាន ដែលរៀបរាប់ដោយលោក Rian Johnson អំពីប្លង់ថតក្នុងរឿង Knives Out នេះ។

លើសពីនេះទៅទៀត តាំងពីឆ្នាំ 2002 មកម្ល៉េះ ដែលក្រុមអ្នកសារព័ត៌មាន Wired បានចង្អុលបង្ហាញឲ្យឃើញថា តួអង្គចិត្តល្អទាំងអស់ ក្នុងខ្សែភាពយន្ដមួយឈ្មោះថា 24 គឺសុទ្ធតែប្រើប្រាស់កុំព្យូទ័រ Mac ដោយឡែក សម្រាប់តួអង្គចិត្តអាក្រក់វិញនោះ សុទ្ធតែប្រើប្រាស់កុំព្យូទ័រ Windows ផងដែរ។ ចំពោះអ្នកទាំងអស់គ្នាវិញ តើយល់ថានេះជាអំពើល្អមួយដែរឬទេ ដើម្បីឲ្យផលិតផលរបស់ខ្លួន កាន់តែមានតម្លៃនៅក្នុងខ្សែភាពយន្ដនានា?

ដោយ​ ៖ The Verge
អត្ថបទទាក់ទង